ក្រុង​ឡុងដ៍: កីឡាការិនី​ប្រណាំងទូក​​រ៉ូអុីង (rowing) Polly Swann បាន​ធ្វើ​ការ​រាប់​ថយ​ក្រោយ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​​ក្រុង​តូក្យូ​ ឆ្នាំ​ ២០២០ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ​​នេះ តែ​ពេល​នេះ​នាង​ចាប់​ផ្ដើម​គិត​គូរ​ពី​អាជីពជាគ្រូ​ពេទ្យ​ ដើម្បី​ចូល​រួម​ជួយ​ប្រយុទ្ធ​ប្រឆាំង និង​​ទប់​ស្កាត់​ការ​រាត​ត្បាត​ពី​វីរុស​កូរ៉ូ​ណា ក្រោយ​មាន​ការ​ប្រកាស​ផ្លូវការ​ពន្យារ ព្រឹត្តិ្កការណ៍នេះ​​រហូត​ដល់​ឆ្នាំ​ ២០២១​។

កីឡាការិនីសញ្ជាតិអង់គ្លេស ​​វ័យ​ ៣១ ​ឆ្នាំ ដែល​បាន​ឈ្នះ​មេដាយ​ប្រាក់​ ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ឆ្នាំ ​២០១៦ នាក្រុង​រីយ៉ូ ប្រទេស​ប្រេស៊ីល Polly Swann កំពុង​ត្រូវបាន​គេ​ចាត់​ថា​ជា​អត្ត​ពលិក​ប្រសើរ​១រូប សម្រាប់​ជ្រើស​រើស​ទៅ​ប្រកួតអូឡាំពិក​ នៅ​​ជប៉ុន មុន​នាង​ចាប់​ផ្ដើមជីវិត​ថ្មី ជា​ផ្នែក​មួយ​នៃ​មន្ទីរ​ពេទ្យ​។​​

កីឡាការិនី Swann បាន​និយាយ​​ថា ​ការ​សម្រេច​ក្នុង​សប្ដាហ៍​នេះ ក្នុង​ការ​​ផ្អាក​ការ​ប្រកួត​​កីឡា​អូឡាំពិក យ៉ាង​ហោច-​ណាស់ ក៏​បាន​ធ្វើ​ឲ្យ​អត្តពលិក​ទាំងអស់​ប្រាកដ​ក្នុង​ចិត្ត ក្រោយ​មាន​ភាព​មិន​ច្បាស់​លាស់​ អស់​ជាច្រើន​សប្ដាហ៍​មក​នេះ​។ ​ ​

អតីត​និស្សិត​នៃសាកល​វិទ្យា​ល័យ Edinburgh University បាន​កំពុង​ត្រៀម​ចាប់​ផ្ដើម​​​កម្មវិធី​មូល​និធិ​របស់​ខ្លួន ក្នុង​នាម​ជា​ពេទ្យ​ម្នាក់ ក្រោយ​បញ្ចប់​ការ​ប្រកួត​ប្រជែង​នៅ​ជប៉ុន តែ​នាង​បាន​និយាយ​ថា មាន​ពាក្យ​​លេច​ឮ​ថា ​ប្រធាន​ពេទ្យ នៅ​​ប្រទេស​ស្កុត​ឡេន អាច​នឹង​កំពុង​ស្វែង​រក​អ្នក​ជួយ​ ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ ពេល​ជំងឺ​កូវីដ​ ១៩ រាត​ត្បាត​។ ​​

កីឡាការិនី​វ័យ៣១​ឆ្នាំ រូបនេះ​បាន​និយាយ​ឲ្យ​ដឹងថា​៖ ​«​ខ្ញុំ​គិត​ថា ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​ដ៏​ពិបាក។ អូឡាំពិក​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ ហើយ​វា​ជាអ្វី​គ្រប់​យ៉ាង​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចង់​ទៅ​ធ្វើ​ការ​ប្រកួត​ប្រជែង​ ដើម្បី​ឈ្នះ​មេដាយ​មាស តែ​សម្ពាធ​ជាសកល​ពេលនេះ​ គឺ​សំខាន់​ជាង​កីឡា​ទៅ​ទៀត​»​។​ ​ 

Swann បាន​និយាយ​បន្ត​ថា​៖​«​ដោយ​ជាក់ស្ដែង វិជ្ជាពេទ្យ​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​សម្រាប់​ខ្ញុំ ដូច្នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ ចង់​បាន​ការ​ងារ​ខ្លាំង​ណាស់ដើម្បី​បាន​​ក្លាយ-​ជា​ចំណែក​រួម​តូច​មួយ​នៃ​សេវា​សុខ​ភាព​ជាតិរបស់​ប្រទេស​ស្កុត​ឡែន​»​។ ​

ជាមួយ​គ្នា​នេះ​ដែរ អតីត​កីឡារិនីជើង​ឯក​ប្រចាំ​ទ្វី​ប​អឺរ៉ុប និង​ពិភពលោក​រូបនេះ ក៏​បាន​ធ្វើ​ការ​អធិប្បាយ​ដែរពីការ​ផ្អាក​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​របស់​ពិភពលោក​ ដែល​តែង​ប្រារព្វ​ធ្វើ ៤ ឆ្នាំ​ម្ដង​នេះ​ថា​ ជា​ការ​រារាំង​ក្ដី​ស្រមៃ​របស់​នាង​ ប៉ុន្តែ​នាង​ក៏​ទទួល​ស្គាល់​ថា ​វា​ចំណេញ​សម្រាប់​អត្តពលិក​គ្រប់​រូប ដែល​ពេល​នេះ ​មាន​ពេល​វេលា​បន្ថែម​ ក្នុង​ការ​ត្រៀម​ខ្លួន​ឲ្យ​ដល់​កម្រិត​កំពូល​។​​

តែ​កីឡាការិនី​ប្រណាំង​ទូក​រ៉ូអុីង​ Polly Swann ក៏​បាន​និយាយបន្ថែមដែរ​​ថា​៖​«ខ្ញុំ​មិន​បោះ​បង់​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ឡើយ​។ ខ្ញុំ​ដឹង​ថា ​វា​ពិបាក តែ​ខ្ញុំ​មាន​ដំណោះស្រាយ​ល្អ​បំផុត​ហើយ​»​។​

ចំណែក​ឯ និស្សិត​ពេទ្យ​មា្នក់​ទៀត​ Imogen Grant ដែល​ជា​កីឡាការិនី​ប្រណាំង​ទូក​កានូ ក៏​ចាប់​ផ្ដើម​ផែនការ​ថ្មី​ឡើង​វិញ​ដែរ តែ​ការ​បាន​ទៅ​អូឡាំពិក​នាក្រុង​តូក្យូ​ ឆ្នាំ​ក្រោយ នៅ​តែ​ជារឿង​ចម្បង​របស់​ខ្លួន​ដដែល​។

កីឡាការិនី​ Grant វ័យ ២៤​ឆ្នាំ ដែល​ជាអត្តពលិករបស់​ចក្រភព​អង់គ្លេស​ ១រូប​ដែរ បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​ពេល​ជា​ច្រើន​ម៉ោង ដែល​ខ្ញុំ​បាន​បោះ​ចោល​ឧបករណ៍​ពីរទេះ​រុញ តែ​ហេតុផល​ចុង-​ក្រោយ​ដែល​ខ្ញុំ​ចង់​មាន​ឈ្មោះ​ក្នុងក្រុម​របស់​ចក្រភព​អង់គ្លេស គឺ​ខ្ញុំ​ចង់​ទៅ​អូឡាំពិក ហើយ​ឈ្នះ​មេដាយ​​​។ ខ្ញុំ​មិន​ផ្លាស់​ប្ដូរ​ក្តី​​ស្រមៃ​របស់​ខ្ញុំ​ឡើយ​»។  

តែ​ទោះបីជាយ៉ាងណា​ កីឡាការិនី​ Swann និង Grant កំពុង​តែធ្វើ​ការ​​ហ្វឹក-​ហាត់​នៅ​ផ្ទះ​ដូច​គ្នា ក្រោយពី​មាន​ការ​បិទ​ Caversham កន្លែង​​ហាត់​សម​ សម្រាប់​ក្រុម​អត្តពលិកផ្នែក​វិញ្ញាសាប្រណាំង​ទូក​របស់​ចក្រភព​អង់គ្លេស​ ដែល​មាន​ទីតាំង​ក្បែរ​ក្រុង​ឡុងដ៍ ហើយ​​ការ​បិទនេះ គ្មាន​ហេតុ​ផល​អ្វី​ក្រៅ​ពី​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណា​ ដែល​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពិភពលោកនោះ​ឡើយ ​ជាពិសេស​កំពុង​ប៉ះ​ពាល់​វិស័យ​កីឡា​នានា​ រហូត​​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​អូឡាំពិក​ ក្នុង​ឆ្នាំ​នេះ ត្រូវ​បាន​ប្រកាស​លើកទៅ​ឆ្នាំ​ ២០២១​៕​