ភ្នំពេញ៖ ក្រុមកីឡា តុងហ្គីលម៉ូដូកម្ពុជា បានរកឃើញជោគជ័យថ្មីមួយទៀត គឺការឈ្នះបានមេដាយសំរឹទ្ធចំនួន ៣ ពីការប្រកួតជើងឯកពិភពលោក World Chhung Ju Martial Art Mastershit 2019 នៅប្រទេសកូរ៉េខាងត្បូង ហើយពួកគេបាននាំយកជយលាភីនេះ មកដល់មាតុប្រទេសវិញ កាលពីថ្ងៃអាទិត្យបន្ទាប់ពីការប្រកួតប្រជែងអស់រយៈពេល ៩ ថ្ងៃ។
ថ្នាកដឹកនាំកីឡាតុងហ្គីលម៉ូដូនេះ បានចាត់ទុកការឈ្នះបានមេដាយសំរឹទ្ធពិភពលោកលើកនេះថា ជាសមិទ្ធផលថ្មីសម្រាប់ឆ្នាំ ២០១៩ ប៉ុន្តែលោកហាក់មិនទាន់ស្កប់ចិត្ត ទៅលើការឈ្នះបានត្រឹមមេដាយសំរឹទ្ធនេះនៅឡើយទេ។
លោក ជា វណ្ណចាន់ត្រា អនុប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នេះជាសមិទ្ធផលថ្មីមួយទៀត ដែលកីឡាតុងហ្គីលម៉ូដូ ចេញទៅប្រកួតប្រជែង និងទទួលបានលទ្ធផលល្អ ព្រោះ នេះជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ ២០១៩»។
លោកបានបន្ថែមថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងបំផុត ប៉ុន្តែខ្ញុំមិនទាន់ពេញចិត្តទាំងស្រុងចំពោះលទ្ធផលមេដាយសំរឹទ្ធទំាងនេះនៅឡើយទេ។ គោលបំណង និងទិសដៅរបស់យើង គឺយើងសង្ឃឹមឈ្នះបានដល់មេដាយប្រាក់ឯណោះ ប៉ុន្តែអត្តពលិករបស់យើង ធ្វើមិនទាន់បានល្អដូចបំណង»។
យ៉ាងណាក៏ដោយ អនុប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា៖ «ទោះជាយ៉ាងណា យើងបានបំបែកកំណត់ត្រា កាលពីឆ្នាំ ២០១៦ ដែលតុងហ្គីលម៉ូដូរបស់យើង ដណ្ដើមបានត្រឹមមេដាយសំរឹទ្ធ ១។ ជ័យជម្នះនេះ វាកើតចេញពីការខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពរបស់អត្តពលិកយើង ហើយនេះជាមោទនភាពមួយ ខណៈដែលសហព័ន្ធតែងតែទទួលបានការគាំទ្រឲ្យដំណើរការភាគច្រើនពីថ្នាក់ដឹកនាំ និងពីសប្បុរសជន»។
តាមលោក ឈួន ចន្ថា ជាគ្រូបង្វឹកបានដឹងថា ការប្រកួត World Chhung Ju MartialArtMastershit ដែល ៣ ឆ្នាំ មានម្តងនេះ មានកីឡាចម្រុះ ដែលជាប្រភេទប្រយុទ្ធចំនួន ២៦ ប្រភេទ ចូលរួម និងមកពី ២១ ប្រទេស។ ដោយឡែក កម្ពុជាយើង បានដាក់ប្រភេទកីឡាតុងហ្គីលម៉ូដូ ដែលមានកីឡាករ ២ នាក់ កីឡាការិនី ៣ នាក់ ប្រធានប្រតិភូ ១ នាក់ និងអាជ្ញាកណ្តាលអន្តរជាតិ ២ នាក់ ទៅចូលរួមដោយយើងបានចេញដំណើរតាំងពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩។
គ្រូបង្វឹករូបនេះបន្ថែមថា៖ «នេះជាសមិទ្ធផលថ្មីក្នុងឆ្នាំ ២០១៩ ដោយកម្ពុជាឈ្នះមេដាយសំរឹទ្ធ ៣ គ្រឿង ដោយក្នុងនោះកីឡាតុងហ្គីលម៉ូដូរបស់យើង ឈ្នះបានមេដាយសំរឹទ្ធ ២ លើវិញ្ញាសាប្រយុទ្ធ និងមេដាយសំរឹទ្ធ ១ ទៀត យើងដណ្តើមបានលើការប្រកួតសម្តែងកាតា ដាក់ពិន្ទុ»។
នៅក្នុងការប្រកួតនេះ កីឡាការិនី ហុង គឹមហួយ ដែលធ្លាប់ឈ្នះបានមេដាយមាសពិភពលោក នៅឥណ្ឌា កាលឆ្នាំ ២០១៨ និងជាម្ចាស់មេដាយមាសអាស៊ី នៅថៃ ក្នុងប្រភេទទម្ងន់ ៥០ គីឡូក្រាម កាលពីឆ្នាំ ២០១៧ បានឈ្នះមេដាយសំរឹទ្ធ ១ បន្ទាប់ពីនាងបានឈ្នះកីឡាការិនីនីហ្សេរីយ៉ា ៨-៣ និងបន្តឈ្នះកីឡាការិនីម្ចាស់ផ្ទះកូរ៉េ ៩-៧ ក្នុងវគ្គជម្រុះ តែគេបានចាញ់កីឡាការិនីថៃ ក្នុងពិន្ទុ ៥-២ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ។ ជាមួយគ្នានេះកីឡាការិនី ស៊ីថា ស្រីលីន បានឈ្នះមេដាយសំរឹទ្ធ ក្នុងប្រកួតទម្ងន់ ៦៥ គីឡូ ហើយកីឡាករ ស្រី រាជបុត្រ បានឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាសម្តែង៕