ក្រុង​​តូក្យូ​: ​គណៈ​កម្មាធិការរៀប​ចំ​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំ​ពិក នៅ​ទី​ក្រុង​តូក្យូ បានប្រាប់ កាល​ពី​ថ្ងៃ​ចន្ទ​ថា នឹង​កាត់​បន្ថយ​ចំនួន​អត្ត​ពលិកនៅ​ឯ​ពិធី​បើក និង​បិទ​ព្រឹត្តិ​ការណ៍​កីឡា ដែល​ត្រូវ​បាន​ពន្យារ​ពេល​ដោយសារ​ការ​រាត​ត្បាតវីរុស​កូរ៉ូណានៅ​ឆ្នាំ​នេះ ខណៈសេចក្ដី​​រាយ​ការណ៍មួយបាន​ឱ្យ​ដឹង​ថា មនុស្ស​​ត្រឹម​ពាន់​​នាក់នឹង​ចូល​រួម​កម្ម​វិធី​នេះ​។

អត្ត​ពលិក​ជាង ១១ ០០០ នាក់ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​​ព្រឹត្តិការណ៍ Tokyo Games នេះ តែ​វិធាន​ការណ៍​ទប់ស្កាត់​ការ​ឆ្លង​វីរុស​ថ្មី បាន​កម្រិត​ពេល​វេលា ដែល​ពួក​គេ​អាច​ចំណាយ នៅ​ឯភូមិ​កីឡា​អូឡាំពិក មាន​ន័យ​ថា មិន​ទាំង​អស់​គ្នា​នោះ​ទេ ដែល​នឹង​អាច​ចូល​រួម​ក្នុង​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​នេះ​។

គណៈ​កម្មាធិការបាន​ឱ្យ​ដឹង​ផងដែរ​ថា ខ្លួន​នឹង​បិចារណា​ថា តើ​អត្ត​ពលិក​ចំនួន​ប៉ុន្មាន​នាក់ អាច​ចូល​រួល​ការ​ប្រារព្ធ​ពិធី​នេះ ហើយ​ថា តើ​ត្រូវ​យក​ពួក​គេ​ចូល​ពហុកីឡដ្ឋានដោយ​សុវត្ថិ​ភាព​យ៉ាង​ដូច​ម្ដេច​?

គណៈ​កម្មាធិការ​រៀប​ចំ បាន​ចេញ​សេចក្ដី​ប្រកាស​ថា​៖ «​ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​របស់​អត្ត​ពលិក​ និងដើម្បី​ធានា​ឱ្យ​​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ងាយ​ឡើង​ នៅឯ​ព្រឹត្តិការណ៍ Tokyo 2020 យើង​ជឿ​ថា វា​ជា​រឿង​ចាំ​បាច់ ក្នុង​ការ​ពិចារណា​ពី​ចំនួន​អ្នកចូល​រួម ក្នុង​កម្មវិធី​បើក និង​បិទ ព្រម​ទាំង​គិត​គូ​ពី​របៀប​ថា តើ​ត្រូវ​ឱ្យ​ពួក​គេ​ចូល​ក្នុង​ពហុ​កីឡដ្ឋាន​យ៉ាង​ដូច​ម្ដេច​»​។

ក្នុង​សេចក្ដី​រាយការណ៍​មួយ ក្នុង​ទំព័រ​កាសែត​ Yomiuri Shimbun នៅ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ចន្ទ បាន​ឱ្យ​ដឹង​ថា គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) រំពឹង​ទុក​ថា អត្ត​ពលិក​ត្រឹម​តែ ៦ ០០០​ នាក់​ប៉ុណ្ណោះ ដែល​នឹង​ចូល​រួម​ក្នុង​កម្មវិធី​បើក នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ប្រភព​មិន​ច្បាស់​លាស់​ប្រាប់ឱ្យ​ដឹង​។

យ៉ាង​ណា​ គណៈកម្មា​ធិការ Tokyo 2020 បាន​ឱ្យ​ដឹង​ថា រឿង​លម្អិតគ្រប់​យ៉ាង នៅ​ត្រូវ​បន្តធ្វើ​ការ​ពិភាក្សា​ជាមួយ​នឹង​​​ IOC និង​គណៈ​កម្មាធិការ​ដទៃទៀត ហើយ​វិធាន​ការ​ជាក់​លាក់​ណា ១​ នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​។

គណៈ​កម្មការ​ទទួល​បន្ទុក​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាដ៏​ធំ ដែល​តែង​កើត​ឡើង​​រៀង​រាល់ ៤ ​ឆ្នាំ​ ម្ដង​នេះ បាន​អះអាង​បញ្ជាក់​ថា​ ការ​ប្រកួត​ប្រជែង អាច​បន្ត​កើត​មាន​ជា​ធម្មតា បើ​ទោះ​ជា​វីរុស​មិន​ទាន់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​បាន​នៅ​ឡើយ​ក៏​ដោយ​ចុះ​ ហើយ​បាន​ដាក់​ចេញសេចក្ដី​ព្រាងនៃ​វិធាន​ការណ៍​ទប់​ស្កាត់​វីរុស​ ក្នុង​របាយ​ការណ៍​បណ្ដោះ​អាសន្ន​ ដែល​មាន ៥៣​ទំព័រ កាល​ពី​ខែ​ធ្នូ​៕ AFP/VN