ភ្នំពេញ៖ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឬ​ស៊ីហ្គេម​លើក​ទី ៣២ នៅ​ឆ្នាំ ២០២៣ ជា​ប្រវត្តិសាស្ត្រ​លើកដំបូង ដោយ​មាន​ប្រទេស​ចំនួន ១១ ចូលរួម។ ជាមួយ​ព្រឹត្តិការណ៍​ដ៏ធំ​នេះ មជ្ឈដ្ឋាន​នានា​មួយចំនួន​ចង់ដឹង​ពី​ការចំណាយ ថា​តើ​កញ្ចប់​ថវិកា​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី ៣២ នោះ​ត្រូវ​ចំណាយ​ប៉ុន្មាន និង​មាន​កីឡា​អ្វីខ្លះ?

គិត​មកដល់​ពេល​នេះ រាជរដ្ឋាភិបាល​នៅ​មិនទាន់​អនុម័ត​ជា​ផ្លូវការ​ទេ ចំណែក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន ក៏​មិន​ហ៊ាន​អះអាង ដោយ​លោក​ថ្លែងថា វា​អាស្រ័យ​ទៅ​លើ​ចំនួន​ប្រភេទ​កីឡា ដែល​សម្រេច​ដាក់ឱ្យ​ប្រកួតប្រជែង​ពោល​គឺ​មានន័យថា បើ​ប្រភេទ​កីឡា​ច្រើន​ចំណាយ​ច្រើន។ យ៉ាងណាក៏ដោយ គិត​ជា​មធ្យម​នៅក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​មាន​ប្រភេទ​កីឡា​ចន្លោះ​ពី ២២ ទៅ​ជាង ៤០ ប្រភេទ ហើយ​ម្ចាស់ផ្ទះ​មាន​អាទិភាព​ក្នុង​ការជ្រើសរើស​ប្រភេទ​កីឡា និង​កំណត់​ចំនួន។

នៅក្នុង​ជំហាន​ដំបូងៗ​ដូចជា​មហាសន្និបាត ឬ​កិច្ចប្រជុំ CAMSOC កន្លងមក កម្ពុជា​បាន​លើក​គម្រោង ដោយ​ប៉ាន់ប្រមាណ​ថា អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ការប្រកួត​កីឡា​ចំនួន ៣០ ប្រភេទ ដោយ​ចំនួន​នេះ​នៅ​មិនទាន់​គិតពី​ពិធី​បើក ពិធី​បិទ និង​ចំណាយ​ផ្សេងៗ​ផង ហើយ​គម្រោង​នេះ​គឺ​អនុលោម​តាម​អ្នកជំនាញការ​ស៊ីហ្គេម​ដែល CAMSOC អញ្ជើញ​មក​ធ្វើជា​វាគ្មិន​កន្លង​មក។

លោក វ៉ាត់ ចំរើន បាន​ប្រាប់ថា៖ «គម្រោង​ចំណាយ​លើ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ នៅ​មិនទាន់​អនុម័ត​ជា​ផ្លូវការ​នៅឡើយ​ទេ ព្រោះ​ជា​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល ដោយ​អនុលោម​តាម​បច្ចេកទេស ឬ​ការប្រែប្រួល​នៃ​ចំនួន​ប្រភេទ​កីឡា​ជាក់ស្តែង ប៉ុន្តែ​តាម​ការប៉ាន់ប្រមាណ​របស់​អ្នកជំនាញ​ស៊ីហ្គេម​នៅក្នុង​កិច្ចប្រជុំ​កន្លងមក បាន​ឱ្យ​ដឹងថា កម្ពុជា​អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ ១ លាន​ដុល្លារ​ក្នុង ១ ប្រភេទ​កីឡា ដូច្នេះ កម្ពុជា នឹង​ចំណាយ​ថវិកា​ជាង ៣០ លាន​ដុល្លារ​អាមេរិក ដ្បិតអី កម្ពុជា នឹង​ដាក់​ពី ៣០ ទៅ ៣៥ ប្រភេទ​កីឡា​ ដើម្បី​ប្រកួតប្រជែង ប៉ុន្តែ​ការចំណាយ​នេះ នៅ​មិនទាន់​រាប់បញ្ចូល​លើ​ការចំណាយ​មុន និង​ក្រោយ​ការប្រកួត​នោះទេ ពោល​គឺ គិតតែ​ក្នុងអំឡុងពេល​នៃ​ការរៀបចំ​ការប្រកួត​ប៉ុណ្ណោះ»។

សកម្មភាព​ប្រកួតប្រណាំង​កង់ កន្លងមក​ហើយ​នេះ​ជា​ប្រភេទ​កីឡា​មួយ ក្នុង​ចំណោម​ប្រភេទ​កីឡា​ជាច្រើន​ទៀត ដែល​កម្ពុជា​ត្រូវ​ដាក់ឱ្យ​ប្រកួត​នៅ​ស៊ីហ្គេម ឆ្នាំ ២០២៣។ រូបថត CAMSOC

ជាមួយ​គ្នា​នេះ អ្នកជំនាញការ​ស៊ីហ្គេម​មកពី​ប្រទេស​ម៉ាឡេស៊ី លោក ស៊ែ កុកជី បាន​ធ្វើ​បទបង្ហាញ​ក្នុង​មហាសន្និបាត នៅ​អូឡាំពិក​កន្លងមក​ថា ការប៉ាន់ស្មាន​ក្នុង ១ ប្រភេទ​កីឡា គិត​ជា​មធ្យម​ត្រូវ​ចំណាយ​ប្រហែល ១ លាន​ដុល្លារ​អាមេរិក ដោយ​មិនទាន់​គិតពី​ការចំណាយ​ផ្សេងៗ​នៅ​ឡើយ។

លោក ស៊ែ កុកជី បាន​និយាយថា៖ «តាម​ស្តង់ដា​របស់​ប្រទេស ដែល​ធ្លាប់​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ គេ​ត្រូវ​ចំណាយ​យ៉ាងតិច ១ លាន​ដុល្លារ​លើ ១ ប្រភេទ​កីឡា ដូច្នេះ​បើ​កម្ពុជា​ដាក់ ៣០ ប្រភេទ​កីឡា ឱ្យ​ប្រកួត​ប្រជែង​គ្នា នោះ​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា ៣០ លាន ទៅ ៣៥ លាន​ដុល្លារ​អាមេរិក។ តែ​យ៉ាងណាក៏ដោយ CAMSOC នៅ​មិនទាន់​កំណត់​ពី​គម្រោង​ចំណាយ​សរុប​នៅឡើយ​ទេ គឺ​ក្នុង​ការព្រាង​ចំនួន​ច្រើន​បំផុត ៣៥ ប្រភេទ​ប៉ុណ្ណោះ»។

កន្លងមក​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជា​ប្រធាន CAMSOC បាន​ជំរុញ​មន្ត្រីក្រោមឱវាទ​ប្រើប្រាស់​ថវិកា​ឱ្យបាន​ត្រឹមត្រូវ​មាន​ភាពជាក់លាក់ និង​ស្របតាម​ផែនការ​ហិរញ្ញវត្ថុ ដែល​បានកំណត់​ក្នុង​ផែនការមេ​របស់​គណៈកម្មាធិការ CAMSOC ប៉ុន្តែ​ជាមួយ​គ្នា​នេះ បញ្ហា​កូវីដ១៩ បាន​វាយលុក​ខ្លាំង​ធ្វើឱ្យ​សកម្មភាព​របស់ CAMSOC ត្រូវបាន​គេ​មើលឃើញថា មាន​សកម្មភាព​ធ្លាក់ចុះ។

ចំណែក​គណៈកម្មការ​ជំនាញ​ចំនួន ១៥ របស់ CAMSOC ហាក់ដូចជា​មិនទាន់​ឃើញ​ចេញ​សកម្មភាព​ខ្លាំងក្លា​នៅឡើយ។ តែ​ទោះបីជា​យ៉ាងណា លោក វ៉ាត់ ចំរើន បាន​អះអាង​ថា CAMSOC នៅតែ​ប្រជុំ​តាម​អនឡាញ និង​ធ្វើ​សកម្មភាព​តាម​ស្ថានភាព​ជាក់ស្តែង។

គួររំឭកថា កម្ពុជា​ធ្លាប់​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ម្តង​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​អាស៊ី​ហ្គាណាហ្វូ​លើក​ទី ១ នៅ​ឆ្នាំ ១៩៦៦ ក្នុងសម័យ​សង្គមរាស្ត្រនិយម ដោយ​កាលនោះ​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ ប៉ុន្តែ​វា​មិន​ពេញលេញ​ជា​ស៊ីហ្គេម​នោះទេ។ ហេតុនេះ ការធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ខាងមុខនេះ វា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ហើយ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នឹង​ក្លាយជា​ទីកន្លែង​បើក​ព្រឹត្តិការណ៍​ដ៏ធំ​ជា​លើកដំបូង​នៅ​កម្ពុជា​នេះ៕