
សកម្មភាពប្រកួតរវាង ពុទ្ធ ឆាយរិទ្ធី និង ឡៅ ចន្ទ្រា ដែលត្រូវបានរៀបចំនៅសង្វៀន CNC កន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ សកម្មភាពជួបជុំ នៅរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ នៃកម្មវិធីប្រដាល់គុនខ្មែរតាមទូរទស្សន៍ក្នុងរាជធានីភ្នំពេញមាន CNC, បាយ័ន, អាស៊ីអាគ្នេយ៍, ប៉ុស្តិ៍លេខ ៥, TownTV និង PNN ដោយមានកីឡាករចាប់ពី ៧២ នាក់ឡើង ព្រមទាំងមានចៅក្រមអាជ្ញាកណ្តាល ជាគណៈកម្មការប្រមាណ ១៥០ និងមានមហាជនចូលទស្សនាប្រហែល ១៦ ០០០ នាក់ ក្នុងចំនួន ១៦ លើកនោះ វាជាហានិភ័យឬទេ? ខណៈដែលវីរុសកូវីដ ១៩ ត្រូវបានក្រសួងសុខាភិបាលបានរកឃើញជាច្រើនករណីនៅក្នុងប្រទេស កម្ពុជា។
ប្រភពជាច្រើនកំពុងឆ្ងល់ថា ហេតុអ្វីមិនទាន់មានតម្រុយ ផ្អាកព្រឹត្តិការណ៍ប្រដាល់ ដែលមានកីឡាករមកពីច្រើនបរទេស និងមានអ្នកចូលរួមជិត ២០ ០០០ នាក់ ក្នុង ១ សប្តាហ៍ៗ ដោយការជួបជុំយ៉ាងច្រើននេះ អាចជាហានិភ័យខ្ពស់ បើសិនជាក្នុងចំណោមនោះ មានអ្នកផ្ទុកវីរុសកូវីដ ១៩ នោះ ខណៈកម្មវិធីប្រកួតដែលមានផ្សាយផ្ទាល់ និងអ្នកចូលរួមច្រើនបែបនេះ គឺនៅប្រទេស ថៃ បានផ្អាកសង្វៀនខ្លះរួចទៅហើយ ក្រោយរកឃើញនូវហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ ១៩។
លោក ជួប វត្ថា ផលិតករនៅទូរទស្សន៍ថោន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា៖ «គិតមកដល់ម៉ោងនេះ ការប្រកួត Mas Fight Cambodia របស់ទូរទស្សន៍ថោន នៅតែមានការប្រកួតធម្មតា ដែលមានអ្នកទស្សនាច្រើនកុះករ ប៉ុន្តែយើងរៀបចំពិនិត្យកីឡាករបរទេស វាស់កម្ដៅនៅព្រលានម្តង និងនៅកន្លែងថ្លឹងមុនប្រកួតម្តងទៀត ហើយនៅច្រកចូលស្ថានីយយើងដាក់ពេទ្យវាស់កម្ដៅ អាល់កុល លាងសម្អាតដៃ ព្រមទាំងបាញ់សម្អាតមេរោគនៅទីកន្លែងអង្គុយ មុនមហាជនមកដល់»។
ចំណែកលោក ហាក់ សុខហេង នាយកការផ្សាយនៃសង្វៀនថោនបានអះអាងថា យើងកំពុងយកចិត្តទុកដាក់ខ្លាំងខាងអនាម័យនេះទាំងកីឡាករខ្មែរ បរទេស និងគណៈកម្មការក៏ដូចជាមហាជន ដោយដាក់ពេទ្យប្រចាំការពិនិត្យ ដើម្បីអនាម័យ និងវាស់កម្តៅ»។
ដោយឡែកខាងសង្វៀនអាស៊ីអាគ្នេយ៍ លោក ញាណ សុធី នាយកគ្រប់គ្រងការប្រកួតបាននិយាយអះអាងស្រដៀងគ្នា ពីការរឹតបន្តឹងអនាម័យគ្រប់អ្នកដែលចូលរួម ដើម្បីសុវត្ថិភាពហើយការប្រកួតនៅតែរក្សាតាមកម្មវិធីព្រាងទុករួចដដែល មិនទាន់មានបទបញ្ជាឲ្យផ្អាកនៅឡើយ។
ចំពោះលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាអ្នកគ្រប់គ្រងបច្ចេកទេសការប្រកួតទាំង ១៦ កម្មវិធី ក្នុង ៦ សា្ថនីយ បានប្រាប់ថា៖ «បញ្ហាផ្អាក ឬបន្តការប្រកួតជាធម្មតា គឺខាងសហព័ន្ធ មិនទាន់ហ៊ានអារកាត់ទេ ព្រោះនេះជាកម្មវិធីរបស់សង្វៀនទូរទស្សន៍ និងខាងម្ចាស់ឧបត្ថម្ភកម្មវិធី ដែលគ្រោងរួចហើយ ប៉ុន្តែបើស្ថានភាពជាក់ស្តែងនៃមេរោគកូវីដ ១៩ ឆ្លងរាលដាល ឬកើតមាន ឬមានបទបញ្ជាពីស្ថាប័នជំនាញសុខាភិបាល គេឲ្យផ្អាក យើងនឹងអនុវត្តតាមភ្លាម»។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាស្ថាប័នដឹកនាំកីឡាបានថ្លែងថា៖ «បច្ចុប្បន្ន យើងកំពុងស្ថិតនៅក្នុងដំណាក់កាលតាមដាននៃការរាលដាលនៅឡើយទេ មិនទាន់មានសារាចរណែនាំពីក្រសួងសុខាភិបាល ឬរាជរដ្ឋាភិបាលនៅឡើយ។ ហេតុនេះមិនទាន់មានបម្រាមដាក់កម្រិតការជួបជុំគ្នា ចាប់ពី ៥ នាក់ឡើងនោះទេ ប៉ុន្តែបើរាជរដ្ឋាភិបាលប្រកាសបម្រាមពីការជួបជុំគ្នា យើងនឹងផ្សព្វផ្សាយទៅដល់សហព័ន្ធកីឡាជាតិ និងស្ថាប័នកីឡានានាភ្លាម ដើម្បីអនុវត្តតាម»។
លោកវេជ្ជបណ្ឌិត វិន សំណាង ប្រធានមន្ទីរពេទ្យឯកជនមួយនិយាយថា៖ ក្នុងនាមខ្ញុំជាគ្រូពេទ្យម្នាក់គិតថា ការជួបជុំគ្នាច្រើន ក្នុងការប្រកួតកីឡា គួរតែកាត់បន្ថយ ព្រោះវាមានហានិភ័យខ្ពស់ក្នុងការឆ្លង ខណៈដែលប្រទេស ថៃ ជិតខាងយើងបានបិទការប្រកួតច្រើនកន្លែងដែរ។ នៅថ្ងៃនេះ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍បានចេញបម្រាម និងបិទ KTV ទូទាំងប្រទេស អ៊ីចឹង ក្នុងកីឡាដែលមានជួបជុំគ្នាច្រើន គួរតែផ្អាក ឬកាត់បន្ថយសិន ប៉ុន្តែនេះជាជំនាញទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល ខ្ញុំមិនហ៊ាននិយាយច្រើនទេ ខ្លាចខុស»៕