ភ្នំពេញ៖ លទ្ធផល​នៃ​ការប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ២០២០ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ គឺ​នៅ​ក្នុង​ចំណោម​ប្រតិភូ​កីឡា​សរុប​ចំនួន ១៦ ដែល​បាន​ចូលរួម​ការ​ប្រកួត​នេះ មានតែ ១៣ ប្រតិភូ កីឡា​ប៉ុណ្ណោះ បាន​ជាប់​ជា​ចំណាត់ថ្នាក់ ចំណែក​ខេត្ត​ចំនួន ៣ ទៀត មាន ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​កំពង់ឆ្នាំង គ្មាន​ចំណាត់ថ្នាក់ ឬ​មិន​ដណ្តើមបាន​មេដាយ​នោះទេ។

យោងតាម​លទ្ធផល​នោះ ក្រុម​កីឡាករ​របស់​ក្រសួង​ការពារជាតិឈ្នះ​បាន​លេខ ១ ដាច់ ដោយ​ទទួលបាន​មេដាយមាស ៥ និង​ប្រាក់ ២ តាម​ពីក្រោយ​ដោយ​ក្រសួងមហាផ្ទៃ ឈ្នះ​មេដាយមាស ២ ប្រាក់ ១ សំរឹទ្ធ ២ ហើយ​ខេត្តស្វាយរៀង ឈរ​នៅ​លេខ ៣ ដោយ​ឈ្នះ​បាន​មេដាយមាស ១ ប្រាក់ ២ សំរឹទ្ធ ១ រីឯ​លេខ ៤ បាន​ទៅ​ខេត្ត​កោះកុង ដោយ​ឈ្នះ​មេដាយមាស ១ ប្រាក់ ១ ហើយ​ប្រតិភូ មកពី​ខេត្តផ្សេងៗទៀត បាន​ត្រឹម​មេដាយប្រាក់ និង​សំរឹទ្ធ​ទេ។

ចំពោះ​ស្ថានភាព​ពិត​ក្នុងការប្រកួត​ថ្នាក់ជាតិ​ឆ្នាំនេះ គឺ​កីឡាករឆ្នើមៗមួយចំនួនគ្មាន​វត្តមាន​ចូល​ប្រកួត​ទេ ពិសេស​កីឡាករ​មកពី​ក្រសួងមហាផ្ទៃ ដែលមាន​ធនធាន​សំបូរបែបជា​ជើងចាស់ឆ្នើមៗ និងខ្លាំងៗមួយចំនួន មិន​ចូល​ប្រកួត ដែល​ធ្វើឱ្យ​ក្រសួងការពារជាតិ​ឈ្នះ​ដាច់​ទាំង​អស់ពី​គូប្រជែង។

ទោះយ៉ាងណា ច្រើន​ឆ្នាំកន្លងមក អ្នកឈ្នះ​ជើងឯក​ជាតិ​ប្រចាំឆ្នាំមួយចំនួនមិនត្រូវ​បាន​ជ្រើសរើស​យកមក​ប្រមូលផ្តុំ​ទេ ហើយ​វត្តមាន​របស់​កីឡាករដែល​ជាប់​ប្រមូលផ្តុំ​ជម្រើសជាតិ​មួយចំនួន គឺ​ល្បីល្បាញ​មកពី​ក្រៅ​ក្របខ័ណ្ឌ គឺ​សង្វៀន​ឯកជន​តែប៉ុណ្ណោះ ហើយ​ជុំវិញ​បញ្ហា​នេះ ទើប​ធ្វើឱ្យ​មជ្ឈដ្ឋាន​អ្នក​ស្នេហា​ប្រដាល់បាន​ចោទ​ជា​សំណួរ​ថា តើ​សមាសភាព​អ្នកឈ្នះ​ជើងឯក​ជាតិ​ឆ្នាំនេះ គួរ​ត្រូវ​ជ្រើសរើស​ឱ្យ​ជាប់​ជា​ជម្រើសជាតិ​គុន​ខ្មែរ របស់​ក្រសួង​អប់រំ ដើម្បី​មាន​ប្រាក់ខែ​ទាំងអស់ ឬ​យ៉ាងណា?

ទាក់ទង​នឹង​រឿងនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​ថ្លែងថា៖ «កីឡាករ ដែល​ឈ្នះ​ជយលាភីក្នុងការប្រកួត​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ២០២០ នេះ សុទ្ធតែជា​បេក្ខភាព ដែល​ត្រូវ​ជ្រើសរើស​ប្រមូលផ្តុំ ជា​កីឡាករ​ជម្រើសជាតិ ដើម្បី​ហ្វឹកហាត់ ត្រៀម​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី៣១ នៅ​ប្រទេស​វៀតណា​ម នា​ឆ្នាំ ២០២១ និង​លើកទី៣២ នៅ​ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ»។

លោក​បន្ថែមថា៖ «ជា​គោលការណ៍ យើង​នឹង​អនុវត្ត​តាមច្បាប់​ឱ្យបាន​ល្អ គឺ​ទី១ អ្នកឈ្នះ​ជើងឯក​ជាតិ ត្រូវតែ​ទទួលយក ទី២ បេក្ខភាពដែលជា​ជើងឯក ពី​ការប្រកួត​សង្វៀនផ្សេងៗមាន​សមត្ថ​ភាពល្អ ក៏ត្រូវ​យកទី៣ ការប្រកួត​លក្ខណៈ​អន្តរជាតិធំៗ យើង​ក៏​ពិនិត្យ​លើ​សមត្ថភាព​ឱ្យ​ល្អ​ដើម្បី​ឈ្នះ​មេដាយ​ជូន​ជាតិ។ សហព័ន្ធនឹងមិន​ផ្តល់​អា​ទ្ធិ​ភាព​ណាមួយដល់​កីឡាករ​ល្អ និងឆ្នើមៗណា ដែល​មិនបាន​បំពេញ​កា​ត្វ​កិច្ច គឺ​មិន​មក​ចូលរួម​ការប្រកួត​រប​ស់​ជាតិ​នោះទេ មានន័យថា បើសិន​សមត្ថភាព​ប៉ុនគ្នា គឺ​អ្នកធ្លាប់​ចូលរួម​ប្រកួត​ថ្នាក់ជាតិត្រូវបាន​ផ្តល់ជូន​មុនគេ»។

ចំណែក​កីឡាករ រិ​ន ដា​វីត មកពី​ក្រសួងមហាផ្ទៃ និងជា​ជម្រើសជាតិ​ឆ្នាំ​ចាស់បាន​និយាយថា៖ «ឆ្នាំនេះ ខ្ញុំ​មិនបាន​ចូល​ប្រកួត​ជើងឯក​ថ្នាក់ជាតិទេ ដោយសារ​ឈឺខ្លួន និង​រងរបួស​ពេល​ប្រកួត​នៅ​សង្វៀន​ផ្សេង អ៊ីចឹង​ខ្ញុំ​ព្រួយបារម្ភ​ខ្លាចមិនបាន​ជាប់​ជា​ជម្រើសជាតិ នៅ​ឆ្នាំ​ថ្មី ២០២១ នេះដែរ។ ទោះ​យ៉ាងណា នៅក្នុង​ទម្ងន់ ៥៤ គីឡូក្រាម​នេះ មិត្ត​រួម​សមាគមគឺ​កីឡាករ កាន់ ម៉េង​ហុង របស់​មហាផ្ទៃដូចគ្នា ជា​អ្នក​ដណ្តើមបាន​មេដាយមាស»៕