ប្រភេទ​កីឡា​ចំនួន ២ របស់​កម្ពុជា គឺ​អត្តពលកម្ម និង​ហែល​ទឹក សុទ្ធតែ​ទទួលបាន​សិទ្ធិ​អនុគ្រោះ​ឱ្យ​ទៅ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក ក្រុង​តូក្យូ ឆ្នាំ ២០២០ ដែល​បាន​លើក​មក​ធ្វើ​នៅ​ឆ្នាំ ២០២១ នេះ ដោយ​ស្វ័យប្រវត្តិ ចំណែក​ក្រុម​តេក្វាន់ដូ ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ ដណ្តើម​កៅអី​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត ប៉ុន្តែ​បេក្ខភាព​ដែល​ត្រូវ​ប្រកួត​លើក​នេះ មិនមែន​ជា​វីរកីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី នោះ​ទេ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​អង្គារ​ថា៖ «បេក្ខភាព ដែល​ត្រូវ​ប្រកួត​ជម្រុះ​អូឡាំពិក ផ្នែក​ប្រភេទ​កីឡា​តេក្វាន់ដូ លើក​នេះ គឺ​កីឡាការិនី​កូនកាត់​ខ្មែរ-អាមេរិក Casandre Nicole និង​កីឡាករ វ៉ា មិថុនា ដោយ​អ្នក​ទាំង ២ នេះ​នឹង​ត្រូវ​ប្រកួត​ជម្រុះ​អូឡាំពិក​នៅ​ប្រទេស​ហ្ស៊កដានី»។

តាម​ការបញ្ជាក់​របស់​អ្នកជំនាញ លោក វ៉ាត់ ចំរើន បាន​បង្ហាញ​ច្បាស់​ថា វីរកីឡាការិនី ស៊ន សៀវម៉ី ដែលជា​អត្តពលិក​ដំបូង​គេ​របស់​កម្ពុជា​ធ្លាប់​ដណ្តើម​បាន​កៅអី​ទៅ​ប្រកួត​អូឡាំពិក ដោយ​ពេញសិទ្ធិ​កន្លង​មក​នោះ​មិន​បាន​ចូលរួម​ការប្រកួត​ជម្រុះ​លើក​នេះ​ទេ។ យ៉ាងណា​ក៏ដោយ កីឡាការិនី Casandre Nicole ក៏​ជា​អត្តពលិក ដែល​មាន​សមត្ថភាព និង​ធ្លាប់​បាន​សាង​ស្នាដៃ​ឱ្យ​កម្ពុជា​ផងដែរ ដោយ​ធ្លាប់​ឈ្នះ​បាន​មេដាយប្រាក់​នៅ​ស៊ីហ្គេម​កន្លង​មក។

វីរនារី ស៊ន សៀវម៉ី បាន​ទាត់​ទៅលើ​កីឡាការិនី​វៀតណាម ក្នុង​ការប្រកួត​ស៊ីហ្គេម​កន្លងមក។

ចំណែក​ប្រភេទ​កីឡា​ហែលទឹក និង​អត្តពលកម្ម​ត្រូវ​បាន​លោក វ៉ាត់ ចំរើន ប្រាប់ថា សុទ្ធតែ​បាន​សិទ្ធិ​អនុគ្រោះ​ទៅ​ចូល​ការប្រកួត​កីឡា​អូឡាំពិក ដោយ​ស្វ័យប្រវត្តិ គឺ​មិនចាំបាច់​ប្រកួត​ជម្រុះ​នោះទេ ហើយ​គិត​មកដល់​ពេល​នេះ​ខាង​អត្តពលកម្ម​បាន​ជ្រើសរើស​បេក្ខភាព​ត្រៀម​ទៅ​ចូលរួម​ការប្រកួត​នេះ​រួចហើយ។

លោក ហ៊ុន បូរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្ត​បាន​ប្រាប់ថា៖ «សហព័ន្ធ​នឹង​បញ្ជូន​លោកគ្រូ​បង្វឹក ពុធ បូរាត្រី និង​កីឡាករ​ឆ្នើម​របស់​យើង ដែល​សហព័ន្ធ​បាន​សម្រេច​ជាគោលការណ៍​រួចហើយ​គឺ កីឡាករ ប៉ែន សុគង់ ឱ្យ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​នេះ»។

លោក​បាន​បន្ថែមថា៖ «ចំពោះ​ការជ្រើសរើស​គ្រូបង្វឹក និង​កីឡាករ​ខាងលើនេះ គឺ​សមាជិក​ប្រតិបតិ្ត​របស់​សហព័ន្ធ ធ្វើការ​សម្រេច​ដោយ​តម្លាភាព និង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ស្រប​តាម​ច្បាប់ និង​បច្ចេកទេស ហើយ​សុទ្ធសឹង​មាន​ការសម្រេច​ពី​ថ្នាក់ដឹកនាំ។ ចំពោះ ប៉ែន សុគង់ នឹង​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន ១០០ ម៉ែត្រ ដោយសារ​ការប្រកួត​កីឡា​អូឡាំពិក គេ​អនុញ្ញាត​ឱ្យ​ប្រកួត តែ ១ វិញ្ញាសា​ប៉ុណ្ណោះ ក្នុង​អត្តពលិក ១ នាក់»។

ប៉ុន្តែ​ខាង​ហែល​ទឹក​នៅ​មិនទាន់​បាន​ជ្រើសរើស​បេក្ខភាព ត្រៀម​ទៅ​ប្រកួត​នៅឡើយ​ទេ។ លោក ហែម គីរី ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ប្រាប់ថា សហព័ន្ធ​ខ្មែរ​ហែល​ទឹក​នឹង​បញ្ជូន​គ្រូបង្វឹក ១ រូប និង​កីឡាករ កីឡាការិនី ២ រូប​ទៅ​ចូលរួម ហើយ​អត្តពលិក​ទាំង ២ នាក់​នេះ យើង​នឹង​ធ្វើការ​ជ្រើសរើស​នា​ខែ​ឧសភា​ខាង​មុខ​នេះ»៕