ភ្នំពេញ: សមាគម​កីឡា​តេក្វាន់ដូ​នគរបាលជាតិ បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា ខ្លួន​គ្រោង​បើក​សិក្ខា​សាលា​បង្ហាញ​ក្បាច់​គុន​ដល់ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង ៣ ប្រភេទ មាន​មន្ត្រី​នគរបាល​ជាតិ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ និង​មន្ត្រី​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដើម្បី​ពង្រឹង​សមត្ថភាព​ក្បាច់​គុន ព្រម​ទាំង​សិក្សា​អំពី​ទ្រឹស្តី​កីឡា​ប្រយុទ្ធ។

សិក្ខា​សាលា​មួយ​នេះ មាន​គ្រូ​ឧទ្ទេស​នាម​ក្បាច់​គុន​ខ្សែ​ក្រវាត់​ខ្មៅ​ចំនួន ៨ ដាន់​គឺ​លោក Kim Hanju គ្រូ​តេក្វាន់ដូ និង​ជា​សិស្ស​ច្បង​លោកគ្រូ​ឆយ យ៉ុង​សុក ខណៈ​លោក​ម៉ក់ សំអុល ទីប្រឹក្សា​ជាន់​ខ្ពស់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សមាគម​កីឡា តេក្វាន់ដូ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ ក៏​ជា​គ្រូ​ឧទ្ទេស​នាម​ផ្នែក​ទ្រឹស្តី​កីឡា​ប្រយុទ្ធ​ផង​ដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ម៉ក់ សំអុល បាន​ថ្លែង​ថា៖ «សិក្ខា​សាលា​ក្បាច់​គុន​នេះ​ត្រៀម​បើក​យ៉ាង​ទូលំ​ទូលាយ​ដល់​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ពោល​គឺ​អាច​ដាក់​ពាក្យ​ចូលរួម​បាន​ទាំង ២ ភេទ ចាប់​ពី​អាយុ ១៨ ឆ្នាំ ដល់ ៥៥ ឆ្នាំ ដោយ​មិន​បង់​ប្រាក់​ឡើយ»។

លោក​ម៉ក់ សំអុល បាន​បន្តថា៖ «លក្ខខណ្ឌ​នៃ​ការចូលរួម​ជា​សិក្ខាកាម​បាន គឺ​ត្រូវ​តែ​ជា​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​កីឡា​ប្រយុទ្ធ មិន​សំដៅ​តែ​កីឡា​តេក្វាន់ដូ​នោះ​ទេ ទោះ​ជា​កីឡា​ហាប់គីដូ ឬ​ប្រភេទ​កីឡា​ប្រយុទ្ធ​ដទៃ​ក៏​អាច​ចូល​រួម​បាន ប៉ុន្តែ​មាន​កម្រិត​ថ្នាក់​មធ្យម​ឡើង​ទៅ​គឺ​ចាប់​ពី​ខ្សែក្រវាត់​ខ្មៅ ១ ដាន់​ទៅ»។

លោក​ម៉ក់ សំអុល បាន​បន្ថែមថា៖ «ខ្ញុំ​បាន​ជូនដំណឹង​ទៅ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ មាន​អគ្គមេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គភាព​កីឡា​នគរបាល​ជាតិ និង​សាលា​បណ្ឌិត្យ​សភា​នគរបាល មជ្ឈមណ្ឌល​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​អង្គភាព​សមត្ថកិច្ច​ដទៃ​ទៀត​ដែល​មាន​មន្ត្រី​និយម​ចូលចិត្ត​ហ្វឹក​ហាត់​កីឡា​ប្រយុទ្ធ ដែល​សុទ្ធ​តែ​អាច​មក ចុះ​ឈ្មោះ​ជា​សិក្ខាកាម​បាន»។

លោក​ម៉ក់ សំអុល បាន​លម្អិត​ថា៖ «នៅលើ​ពិភពលោក​យើង មាន​កីឡា​ខ្សែបណ្តោយ​ជា​ប៉ូលិស និង​កីឡា​ក្នុង​កង​ទ័ព ដែល​ប្រទេស​នីមួយៗ​បាន​ចូល​ជា​សមាជិក ប៉ុន្តែ​សម្រាប់​សិក្ខា សាលា​នេះ​គឺ​មិន​ប្រកាន់​ទេ ទាំង​ប៉ូលិស ទាំង​ទាហាន និង​សមត្ថកិច្ច​ដទៃ ក៏​អាច​ចូល​រួម​បាន​ទាំង​អស់​ដោយ​មិន​បង់​លុយ​ឡើយ»។

កម្មវិធី​សិក្ខាសាលា​ក្បាច់គុន​កីឡា​ប្រយុទ្ធ​នេះ​នឹងធ្វើ​ឡើង​ចំនួន៥លើក​រៀង​រាល់​ថ្ងៃ​សុក្រ ចាប់​ពី​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ និង​បិទ​សិក្ខា​សាលា និង​ចែក​លិខិត​បញ្ជាក់​ការ​សិក្សា​នៅ​ថ្ងៃ​ទី ២ ខែ​ធ្នូ ឆ្នាំ ២០១៨។

លោក Kim Hanju ដែល​ជា​គ្រូ​តេក្វាន់ដូ​មាន​ខ្សែ​ក្រវាត់​ខ្មៅ ៨ ដាន់ ជា​គ្រូ​ស្ម័គ្រ​ចិត្ត​មក​ជួយ​កីឡា​តាំង​ពី​ឆ្នាំ ១៩៩៣ និង​ជា​គ្រូ​ទី ១ មុន​លោកគ្រូ​ឆយ យ៉ុង​សុក នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា៖ «សិក្សា​សាលា​នេះ សិក្ខា​កាម​អាច​មក​ចុះ​ឈ្មោះ​នៅ​រដ្ឋបាល​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន ហើយ​ពេល​បើក​កម្មវិធី​សិក្សា យើង​ធ្វើ​នៅ​ទីតាំង​តេក្វាន់ដូ​មាន​នៅ​សែន​សុខ ខុនដូ​ឈ្មោះ Begoniya ជិត​កាំកូស៊ីធី ផ្លូវ​លេខ ៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ»។

លោក​បាន​បន្តថា៖ «ក្រោយ​សិក្ខាសាលា​ចំនួន ៥ លើក សិក្ខា​កាម​ដែល​មក​ចូលរួម​យ៉ាង​តិច​បំផុត​ចំនួន ៤ លើក​ពេញ​ទៅ ៥ លើក នឹង​ទទួល​បាន​លិខិត​បញ្ជាក់​ដែល​ផ្តល់​ជូន​ដោយ​លោក​គ្រូធំ Kiseon Kim ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ប៉ូលិស​ពិភពលោក មាន​ខ្សែ​ក្រវាត់​ខ្មៅ ១២ ដាន់។ សិក្ខាកាម​អាច​នឹង​ក្លាយ​ទៅ​ជា​គ្រូបង្វឹក ឬ​សិស្ស​ច្បង និង​មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រយុទ្ធ​នានា​លើ​ពិភពលោក៕