ភ្នំពេញ: សមាគម​តេក្វាន់ដូ​រាជធានី​ភ្នំពេញ​ដែល​បាន​ចាប់កំណើត​តាំងពី​ថ្ងៃ​ទី ​៥ ខែ​កក្កដា ឆ្នាំ​ ២០១១ នោះ​បាន​ឈាន​ចូល​ដល់​អាណត្តិ​ទី​ ៣ បន្ទាប់ពី​បញ្ចប់​អាណត្តិ​ទី ​២ ​កាលពី​ព្រឹក​ថ្ងៃទី​ ១០ ខែ​មករា ឆ្នាំ​ ២០១៩ ដោយ​បាន​ធ្វើ​មហាសន្និបាត បោះឆ្នោត ដើម្បី​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​ថ្មី​មាន​ចំនួន​ ១៣ ​រូប​ក្នុង​នោះ​លោក​ ជ័យ ចាប បន្ត​ធ្វើ​ជា​ប្រធាន​សមាគម​កីឡា​តេក្វាន់ដូ WT រាជធានី​ភ្នំពេញ ហើយ​លោក​ សំ សុខយី ជា​អគ្គលេខាធិការ​។

តាម​របាយការណ៍​ពី​លោក​ សំ សុខយី កាលពី​អាណត្តិ​ទី​ ២ មាន​ចំនួន​ ១៧ ​ក្លិប និង​មាន​ថ្នាក់ដឹកនាំ​ជា​សមាជិក​ប្រតិបត្តិ​ ១៣ ​នាក់​។

លោក​បន្ត​ថា​៖ «​គ្រូបង្វឹក​គ្រូ​ជំនួយ​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ ១ ​ដាន់​រហូត​ដល់​ ៥ ​ដាន់​មាន​ចំនួន​ ២៦ ​នាក់ មន្ត្រី​បច្ចេកទេស​ចំនួន​ ៨ ​នាក់ កីឡាករ-កីឡាការិនី​ចំនួន​ ៥៩៧ ​នាក់​ក្នុង​នោះ​មាន​កីឡាការិនី​ ២៨០ ​នាក់​ផង​ដែរ​»​។

តាមរយៈ​មហាសន្និបាត​ពេញ​មួយ​ព្រឹក គណៈកម្មាធិការ​ប្រតិបត្តិ​ចំនួន​ ១៣ ​រូប​នោះ​មាន​លោក​ ជ័យ ចាប ទីប្រឹក្សា​ក្រសួង​ព្រះបរមរាជវាំង​ជា​ប្រធាន​សមាគម លោក​ សំ សុខយី នាយករង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ជា​អគ្គលេខាធិការ និង​លោក​ ហែម ស៊ីរ៉េត លោក​ កែវ សំណាង លោក​ តួ រិទ្ធាយ៉ា និង​លោក​ អ៊ុក ចន្ថា ជា​អនុប្រធាន​ព្រម​ទាំង​សមាជិក​ប្រតិបត្តិ​មួយ​ចំនួន​ទៀត​សរុប​ ១៣ ​នាក់​។

លោក​ ជ័យ ចាប ក្រោយ​ពេល​ទទួល​បាន​សំឡេងគាំទ្រ​ជា​ប្រធាន​សមាគម​តេក្វាន់ដូ WT ក្នុង​អាណត្តិ​ថ្មី​បន្ត​មាន​ប្រសាសន៍​ក្នុង​មហាសន្និបាត​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​៖ «​វិស័យ​កីឡា​ប្រភេទ​តេក្វាន់ដូ WT នាពេល​បច្ចុប្បន្ន​នេះ​ជា​កីឡា​របស់​ពិភពលោក​ដែល​មាន​ប្រទេស​ចំនួន​ ២១០ ​កំពុង​ធ្វើការ​ហ្វឹកហាត់ និង​មាន​សកម្មភាព​យ៉ាង​សកម្ម និង​យក​ចិត្ត​ទុកដាក់​បំផុត ហេតុនេះ​នៅ​កម្ពុជា យើង​ក៏​បាន​បង្កើត​ក្លិប​កីឡា​តេក្វាន់ដូ WT ជាច្រើន​នៅ​តាម​រាជធានី-ខេត្ត​»៕