ភ្នំពេញៈ ក្រុម​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF បានធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ និង​អ្នក​ចូលរួម​រាប់​ពាន់​នាក់ នៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ នៅ​សាល​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ទៅ​នឹង​ទេព​កោសល្យ​នៃ​ការ​បង្ហាញ​បច្ចេកទេស​សម្តែង និង​សមត្ថភាព លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ដ៏​ល្អ​របស់​ពួកគេ ហើយ​ក្រុម​ល្បុក្កតោ ក៏បាន​សម្តែង​សមត្ថភាព នៅ​ក្នុង​ពិធី​ដ៏​ធំ​នោះ​ផង​ដែរ។

នៅក្នុង​ពិធី​ដ៏​ឱឡារិក​នោះ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​លើក​ឡើង​ពី​គុណ​តម្លៃ​របស់​វិស័យ​កីឡា​ថា បាន​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​បាន​បង្ហាញ​ពី​កិត្យានុភាព​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ ស្រប​ពេល​ដែល​ប្រទេស​ជាតិ​មាន​សុខសន្តិ​ភាព ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក កែវ រ៉េមី ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អែ​ហ្វ​កម្ពុជា ផង​នោះ បាន​ថ្លែង​ថា៖ «ដោយសារ​សន្តិភាព ធ្វើ​ឲ្យ​វិស័យ​កីឡា​រីក​ចម្រើន ហើយ​កីឡា​នេះ បាន​រួម​ចំណែក​នៅ​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស។ កីឡា​បច្ចុប្បន្ន បាន​បង្ហោះ​ទង់​ជាតិ​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​កម្ពុជា និង​កិត្យានុ​ភាព​កម្ពុជា ហើយ​កីឡា​គឺ​ធ្វើ​ឲ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ មាន​ការ​រីក​ចម្រើន ផ្លូវថ្នល់ ស្ពាន រីក​ស្គុសស្គាយ ដែល​បង​ប្អូន​យើង បាន​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ដំណើរ ព្រោះ​កាល​ពី​ដើម ការ​ធ្វើ​ដំណើរ​មាន​ការ​លំបាក​ណាស់»។

ចំណែក​កីឡាករ​ម្ចាស់​មេដាយមាស ប៉ាល់ ជីវ័ន ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រាប់​ថា នេះ​ជា​លើក​ទី ២ ហើយ ដែល​សហព័ន្ធ​កីឡា​តេក្វាន់ដូ​អាយធី​អែហ្វ​កម្ពុជា បាន ចូលរួម​បង្ហាញ​សមត្ថភាព ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ប៉ុន្តែ​លើក​នេះ មាន​ចំនួន​ច្រើន គឺ​រហូត​ដល់ ៣៨ នាក់ ខណៈ​ឆ្នាំ​មុន​មាន​តែ​ជិត ២០ នាក់។

ប៉ាល់ ជីវ័ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​បញ្ចប់​ការសម្តែង​សមត្ថភាព ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ កាល​ពី​ថ្ងៃ​ចន្ទ​នោះ​ថា៖ «សម្រាប់​ការ​ចូលរួម លើក​នេះ​មាន​ទ្រង់​ទ្រាយ​ធំ ព្រោះ​ចំនួន​អ្នក​សម្តែង​បង្ហាញ​សមត្ថភាព​ក៏​ច្រើន និង​បច្ចេកទេស​​សម្តែង​ក៏មាន​ច្រើន​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ចូលរួម បាន​ទះដៃ​អបអរ​ដល់​ពួក​យើង»។

ជីវ័ន បន្ថែមថា៖ «បើ​ប្រៀបធៀប​ការសម្តែង​លើក​នេះ នឹង​លើក​មុន​វិញ គឺ​លើក​នេះ​ធ្វើ​បាន​ល្អ​ច្រើន ដោយសារ​កីឡាករ​ក្មេងៗ​របស់​យើង មាន​សមត្ថភាព​ធ្វើ​បាន​ល្អ ហើយ​នេះ​ជា​កិត្តិយស និង មោទនភាព​របស់​សហព័ន្ធ​យើង ដែល​បាន​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន ក្រោម​វត្តមាន​អង្គុយ​ទស្សនា ជា​លើក​ទី ១ របស់​សម្តេច សាយ ឈុំ អ៊ីចឹង​សហព័ន្ធ​យើង ក៏មាន​ការ​ប្រឹង​ប្រែង​ខ្លាំង និង​សង្ឃឹម​ថា យើង​នឹង​បាន​ចូលរួម​សម្តែង​ឲ្យ​ថ្នាក់​ដឹង​នាំ​បាន​ទស្សនា នៅ​ក្នុង​កម្មវិធី​ធំៗ​បែប​នេះ ជា​បន្ត​ទៀត»៕