ក្រុងឡុងដ៍: ក្រុម Chelsea បាន​មក​កាត់ផ្ដាច់​ដំណើរ​ផ្លូវ​របស់​ក្រុម​មេឃ​ខៀវ Manchester City (City) ក្នុង​ការតម្រង់​ទៅរក​ការឈ្នះ​ពាន​ជា​ប្រវត្តិសាស្ត្រ​ឱ្យបាន ៤ ក្នុង ១ រដូវកាល ដោយ​គ្រាប់​បាល់​តែ ១ គ្រាប់​របស់ Hakim Ziyech ដែល​គ្រប់គ្រាន់​ឱ្យ​ក្រុម​តោខៀវ​មាន​ជ័យជម្នះ ១-០ អំឡុង​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន FA Cup កាលពី​ថ្ងៃ​សៅរ៍។

ជា​ថ្ងៃ​ដ៏សែន​អាក្រក់​សម្រាប់​ក្រុម City ដោយ​ក្រៅពី​រង​បរាជ័យ​នេះ​ក៏​ផងដែរ​នូវ​ការបាត់បង់​កីឡាករ​ប្រធាន​ក្រុម Kevin De Bruyne ដោយសារ​របួស​កជើង ដែល​វា​កើតឡើង​ក្នុង​រយៈពេល​តែ​ជាង ១ សប្ដាហ៍​ប៉ុណ្ណោះ ដល់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ជាមួយ​ក្រុម Tottenham Hotspur និង​ជំនួប​ជើង​ទី ១ នៃ​ក្របខ័ណ្ឌ Champions League វគ្គ ៤ ក្រុម​ចុងក្រោយ ទល់​នឹង​ក្រុម Paris Saint-Germain (PSG)។

Chelsea ជា​ក្រុម​មាន​គុណភាព​ល្អ​ចំពោះ​ការទទួល​បាន​នូវ​ជ័យជម្នះ​ដ៏គួរ​ឱ្យ​ចាប់អារម្មណ៍​មួយទៀត​នេះ ក្រោម​ការដឹកនាំ​របស់​លោក Thomas Tuchel ហើយ​ប្រាកដ​ណាស់​នឹង​កា្លយ​ជា​ក្រុម​មាន​សិទ្ធិ​ខ្ពស់ សម្រាប់​ការឈ្នះ​ពាន​ដំបូង​របស់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ក្រុមបាល់ទាត់​នៅ​អង់គ្លេស ពេល​ពួកគេ​ត្រូវ​ប្រឈម​នឹង​ក្រុម ១ នៃ​គូប្រកួត​រវាង Leicester City និង Southampton នៅ​ថ្ងៃទី ១៥ ខែ​ឧសភា។

«វា​គឺ​ទម្រង់​លេង​ដ៏រឹងមាំ​មួយ។ ខ្ញុំ​រីករាយ និង​មាន​មោទនភាព​ណាស់។ យើង​ឆក់​ឱកាស ដើម្បី​បង្ហាញ​ពី​កម្រិត​ខ្ពស់បំផុត និង​ដើម្បី​ឱ្យឃើញថា តើ​យើង​លេង​ល្អ​យ៉ាង​ដូចម្ដេច? អ្នក​អាច​ឈ្នះ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ប្រសិន​បើ​គ្រប់គ្នា ឈាន​ដល់​កម្រិត​កំពូល»។ នេះ​ជា​ប្រសាសន៍​របស់លោក Tuchel ដែល​ដឹកនាំ​ក្រុម​ចាញ់​តែ ២ ដង​ប៉ុណ្ណោះ​ក្នុង​ចំណោម ១៩ ហ្គេម គិត​តាំងពី​មក​ជំនួស​លោក Frank Lampard ក្នុង​ខែមករា។

Ziyech ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម Chelsea បើក​ការនាំមុខ Man City ១-០ អំឡុង​ការប្រកួត​កម្មវិធី FA Cup វគ្គ ១/២ ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃ​សៅរ៍។

លើសពីនេះ​ទៀត លោក Tuchel អាច​ឈ្នះ​សូម្បី​ពានរង្វាន់​ធំ​ជាង​នេះ ពី​ការប្រកួតប្រជែង នៅ Champions League ត្រឹម​ថ្ងៃ​បញ្ចប់​រយៈពេល ៥ ខែ​ដំបូង​ក្នុង​ការធ្វើ​តួនាទី​របស់​លោក។

តោខៀវ និង​មេឃខៀវ អាច​មាន​ឱកាស​ប៉ះគ្នា​ម្ដងទៀត នៅ​អឺរ៉ុប​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ក្រុង​អ៊ីស្ដង់ប៊ូល ប្រទេស​តួកគី ខែក្រោយ បើ​ក្រុម​យក្ស​អង់គ្លេស​ទាំង ២ នេះ​មាន​លទ្ធភាព​ទម្លាក់​ក្រុម​គូប្រជែង​រៀងៗ​ខ្លួន គឺ Real Madrid និង PSG ឱ្យ​ធ្លាក់​ពី​ការប្រកួត​ប្រជែង​ត្រឹម​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ។

ជាមួយ​គ្នា​នេះ បើ​ធ្វើ​បាន​នោះ ក្រុម​របស់​លោក Tuchel នឹង​បង្ហាញ​ឱ្យ​ឃើញថា ពួកគេ​អាច​ប្រសើរ​ជាង​ក្រុម City បើទោះ​ពេល​នេះ ខ្លួន​កំពុងមាន​គម្លាត​ដល់​ទៅ ២០ ពិន្ទុ ដាច់​ឆ្ងាយ​ពី​ក្រុម​របស់​លោក Pep Guardiola ដែល​ឈរ​ទី​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ក៏ដោយ៕ VN