ក្រុង​មីឡាន៖ ក្រុម AC Milan ស៊ុត ៣ ​គ្រាប់​ផ្ទួនៗ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​រយៈពេល ៥ ​នាទី​ អំឡុង​ការ​ប្រកួត​ដែល​ពួក​គេ​ត្រូវ​ក្រុម​ភ្ញៀវ Juventus នាំ​មុខ ២-០ ហើយ​​​អាច​វាយ​បក​យក​ឈ្នះ​វិញ​បាន ៤-២ ខណៈ​នេះ​ជា​ការ​ជ្រុះ​បាត់​ពិន្ទុ​លើក​ដំបូង​របស់​ក្រុម​ទៅ​ពី​ក្រុង​ទួរីន ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង​ក្របខ័ណ្ឌ Serie A ចាប់​តាំង​ពី​រដូវកាល​ចាប់​ផ្ដើម​វិញ​កាល​ពី​ខែ​មុន​។

សម្រាប់​ការ​ប្រកួត​នេះ ក្រុម Juve ហាក់​ធ្វើ​ដំណើរ​ទៅ​រក​ជ័យ​ជម្នះ ១ ​លើក​ទៀត​ ពេល​ខ្សែ​បម្រើ Adrien Rabiot ជួយ​ឲ្យ​មាន​គ្រាប់​បាល់​នាំ​មុខ ត្រឹមតែ ២ ​នាទី ក្រោយ​​វិល​ពី​សម្រាក ១៥ ​នាទី ហើយ​ខ្សែ​បម្រើ​ប្រយុទ្ធ Cristiano Ronaldo ​ធ្វើ​ឲ្យ​ក្រុម​ការពារ​ជើងឯក​មាន​សង្ឃឹម​កាន់​តែ​ខ្ពស់ ដោយ​បន្ថែម​ការ​នាំ​មុខ ២-​០ នៅ​នាទីទី ៥៣ ខណៈ​នេះ ក៏​ជា​គ្រាប់​ក្នុង​លីកទី ​២៦ របស់​កីឡាករ​អន្តរជាតិ​​ព័រទុយហ្គាល់​នៅ​រដូវកាល​នេះ​ផង​ដែរ​។

តែ​ក្រុម​ម្ចាស់​ផ្ទះ​ Milan ​ផ្ដើម​មាន​កម្លាំង​ចិត្ត​​វិញ​បន្តិច ក្រោយ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Zlatan Ibrahimovic ទម្លុះ​សំណាញ់​ទី​បាន ដោយ​បាល់​ប៉េណាល់​ទី​នៅ​នាទីទី ​៦២ ខណៈ​ក្រោយ​ហ្នឹង ៤ នាទី ខ្សែ​បម្រើ Franck Kessie ជា​អ្នក​ជួយ​ឲ្យ​ក្រុម​តាម​​ស្មើ ២-២​។ ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​ត្រឹម ១ ​នាទី បន្ទាប់​ពី​ស្មើ​គ្នា ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Rafael Leao ដែល​ទើប​ប្ដូរ​ចូល ក៏​អាច​ជួយ​ឲ្យ​ក្រុម​ខ្លួន នាំ​មុខ​វិញ​ម្ដង ៣-២​។

ស្រប​ពេល​ដែល​ក្រុម Juve ព្យាយាម​​​វាយ​សម្រុក ដើម្បី​តាម​ស្មើ​វិញ​នោះ ស្រាប់​តែ​នៅ​នាទីទី ​៨០ ខ្សែ​ប្រយុទ្ធ Ante Rebic បាន​បង្ហើយ​គ្រាប់​ជ័យជម្នះ​ចុង​ក្រោយ​ឲ្យ​ក្រុម Milan ឈ្នះ​ក្រុម Juve ជា​ផ្លូវ​ការ ៤-២ ហើយ​ ៣ ​ពិន្ទុ​នេះ ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ ​​Stefano Pioli ហក់​ឡើង​មក​លេខ ៥ ក្នុង​តារាង​លីក​កំពូល​​របស់​អ៊ីតាលី ដោយ​មាន ៤៩ ​ពិន្ទុ តែ​​ក្រុម​មាន​ទីតាំង​នៅ​ក្រុង​មីឡាន​មួយ​នេះ មាន​គម្លាត​ដល់​ទៅ ១៤ ​ពិន្ទុ​ពី​ក្រុម​នៅ​ទី​កំពូល​ទាំង ​៤ (Top4)​។

ក្រោយ​បញ្ចប់​ការ​ប្រកួត គ្រូ​បង្វឹក​របស់​ក្រុម លោក​​ Pioli ក៏​ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​ទាក់ទង​នឹង​អនាគត​របស់​លោក ក្រោយ​មាន​ពាក្យ​រហិច​រហៀង​ថា ក្លិប Milan ​ព្រមព្រៀង​​ឲ្យ​​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ Ralf Rangnick មក​ដឹកនាំ​ក្រុម​ជាមួយ​នឹង​កិច្ច​សន្យា​រយៈពេល​វែង ចាប់​ពី​រដូវកាល​ក្រោយ​ត​ទៅ។

ពាក់ព័ន្ធ​នឹង​​រឿង​នេះ លោក​ Pioli ​ឆ្លើយ​ថា​៖ «​ខ្ញុំ​មិន​បាន​គិត​ដល់​រឿង​ដែល​នឹង​កើត​ឡើង ក្នុង​សីហា​ទេ។ ខ្ញុំ​គ្រាន់​តែ​គិត​ដល់​ការ​ប្រកួត​បន្ទាប់ ដែល​ត្រូវ​ត​ទល់​ជាមួយ​ក្រុម Napoli ប៉ុណ្ណោះ​។ ខ្ញុំ​ពេញ​ចិត្ត​ជាមួយ​នឹង​ក្រុម​នា​ពេល​នេះ ហើយ​អ្វី​ដែល​ប្រុង​នឹង​កើត​ឡើង ឲ្យ​វា​កើត​ទៅ​ចុះ​។ ខ្ញុំ​មិន​ខ្វល់​ពី​រឿង​អនាគត​របស់​ខ្ញុំ​នោះ​ទេ​។ ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ចប់​រដូវ​កាល​ជាមួយ​នឹង​លទ្ធផល​ល្អ​តែ​ប៉ុណ្ណោះ​»​។

សម្រាប់​ក្រុម​ Juve ​បើ​ទោះ​ជា​បរាជ័យ​លើក​នេះ ក៏​នៅ​តែ​ឈរ​​លេខ​ ១ ក្នុង​តារាង​ដដែល ដោយ​​​មាន​ ​៧៥​ ពិន្ទុ ពោល​គឺ​នាំមុខ​ដាច់​ ៧ ​ពិន្ទុ លើ​ក្រុម​លេខ​ ២ Lazio ដែល​ភ្លាត់​ស្នៀត​ទៅ​ប្រកួត​ចាញ់​ក្រុម​ក្បែរ​បាត​តារាង Lecce ២-១ ខណៈ​ការ​ប្រកួត​សល់ ៧ ​លើក​ទៀត នឹង​បញ្ចប់​​​រដូវកាល​​​នៃ​ក្របខ័ណ្ឌ Serie A ជា​ស្ថាពរ​ហើយ​៕ AFP/VN