ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពី​ព្រឹក​ថ្ងៃ​ចន្ទ បាន​បរិច្ចាគ​ថវិកា ១០៥,០៣១ ដុល្លារ ​ដែល​បាន​មកពី​ទិវា​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​នៅ​ខេត្ត​សៀមរាប​កាលពី​ដើម​ឆ្នាំ​ ២០១៩ មក​ជូន​ដល់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១១ ​ស្ថាប័ន​ក្នុង​គោលដៅ​មនុស្សធម៌ ហើយ​កម្មវិធី​នេះ​បាន​ធ្វើ​នៅឯ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​រាជធានី​ភ្នំពេញ​ដែល​មាន​ការចួលរួម​ពី​ក្រុមហ៊ុន​ជា​ម្ចាស់​ឧបត្ថម្ភ​ព្រម​ទាំង​ថ្នាក់ដឹកនាំ​កីឡា​ផង​ដែរ​។

លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយក​គ្រប់គ្រង​កម្មវិធី​កីឡា​បាន​ចូលរួម​ប្រគល់​ទឹកប្រាក់​នេះ​ដល់​បណ្ដា​អង្គការ​នានា​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការងារ​មនុស្សធម៌​ជួយ​ដល់​សង្គម​។

នៅក្នុង​ពិធី​នោះ​លោក​ក៏​បាន​ប្រកាស​ដែរ​ថា លោក​នឹង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​ដទៃ​ទៀត​ដើម្បី​ស្វែងរក​ថវិកា​សម្រាប់​ការងារ​មនុស្សធម៌​បែបនេះ​ដោយ​លោក​គ្រោង​នឹង​បង្កើត​កីឡា​ឡើង​ភ្នំ ឬ​កីឡា​លក្ខណៈ​ទេសចរណ៍​ដែល​ជា​ប្រភេទ​កីឡា​មាន​អ្នក​ចូលរួម​ច្រើន​ដោយ​សប្បាយ និង សម្រាប់​សុខភាព​។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា​៖« ថវិកា​ ១០៥,០៣១ ​ដុល្លារ​នេះ​ត្រូវ​បាន​ចែកចាយ​ផ្តល់​ជូន​ទៅ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា​ចំនួន​ ១០,០០០ ​ដុល្លារ​, អង្គការ Cambodia Trust ចំនួន​ ៣,៦០០ ដុល្លារ​, អង្គការ Handicap International Belgium ចំនួន​ ៣,០០០ ​ដុល្លារ​, អង្គការ​បេះដូង​មាស សម្រាប់​អនុវត្ត​លើ​គម្រោង​ចំនួន​ ១០,០០០ ​ដុល្លារ​ ​រួមទាំង​អង្គការ​ផ្សេងៗ​ជាច្រើន​ទៀត​មាន​មន្ទីរពេទ្យ​កុមារ​អង្គរ​សៀមរាប អង្គការ​គម្រោង​អភិវឌ្ឍ​យុវជន អង្គការ​គម្រោង​អភិវឌ្ឍ​អប់រំ​កីឡា​ពិការ សហព័ន្ធ CDAF និង​មជ្ឈមណ្ឌល​ថ្មី​ការពារ​កុមារ​ជាដើម​»​។

ចំណែក​លោក សែម ផល្លា នាយក​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​កីឡា​ម៉ារ៉ាតុង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មាន​ប្រសាសន៍​ថា​៖ «​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នេះ​មាន​ការនិយម​ចូលចិត្ត​ពី​មហាជន​ដែល​ភាគច្រើន​មិនមែន​កីឡា​អាជីព ហើយ​ការចុះ​ឈ្មោះ​ចូលរួម​ប្រកួត​របស់​ពួកគាត់​គឺ​ត្រូវ​បង់ប្រាក់ និង​មាន​ទឹកចិត្ត​ដោយ​ស្ម័គ្រចិត្ត​ចូលរួម​ជា​សប្បុរសធម៌ ដើម្បី​ជួយ​អង្គការ​សង្គម​នានា​»​។

លោក សែម ផល្លា បាន​និយាយ​បន្ត​ថា​៖ «​កន្លងមក​ព្រឹត្តិការណ៍​កីឡា​ម៉ារ៉ាតុង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ធ្លាប់​បាន​ចូលរួម​ផ្តល់​ជា​ថវិកា​ជួយ​ដល់​អង្គការ​សង្គម​ជា​រៀងរាល់​ឆ្នាំ ពិសេស​គឺ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ជាដើម​»៕