ភ្នំពេញ៖ អតីត​កីឡាករ​របស់​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្ត​ពោធិ៍សាត់ ថុល មករា បាន​សម្រេច​ប្តូរ​ឈ្មោះ​មក​ជា អេលីត មករា ក្រោយ​ពេល​រូប​គេ​បាន​ផ្ទេរ​មក​នៅ​ក្នុង​ក្លិប​នាយកដ្ឋាន​អង្គរក្ស។

តាមរយៈ​ការ​ខិតខំ​ហ្វឹកហាត់​រយៈពេល ២ ខែ នៅ​ទ្រនំ​ថ្មី​នេះ មករា បាន​ឡើង​ប្រកួត ៣ លើក ឈ្នះ​ទាំង​អស់ ហើយ​បើ​បូក​សរុប​ទាំង​តម្លៃ​ខ្លួន និង​ប្រាក់​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹកនាំ​ជា​អគ្គ​ស្នងការ​រង​នគរបាលជាតិ​ចំនួន ៣ រូប​ផង​នោះ អេលីត មករា ទទួល​បាន​ប្រាក់​សរុប ២ ២០០ ដុល្លារ ក្នុង​មោទនភាព ដែល​មិន​ធ្លាប់​ដណ្តើម​បាន​ជោគជ័យ​បែប​នេះ​សោះ។ នេះ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ​ស៊ន អេលីត ជា​អ្នក​គ្រប់គ្រង​ក្លិប​នាយកដ្ឋាន​អង្គរក្ស។

អេលីត មករា ជា​អ្នក​ប្រដាល់​ជំនាញ​កណ្តាប់ដៃ និង​ទាត់​ធ្ងន់ ធ្លាប់​ចូល​ប្រឡូក​ក្នុង​មុខរបរ​ប្រដាល់​គុន​ខ្មែរ អស់​រយៈពេល​ជិត ១០ ឆ្នាំ​មក​ហើយ តែ​មិន​ធ្លាប់​ទទួល​បាន ឈ្នះ​ជយលាភី​ខ្សែ​ក្រវាត់ ឬ​ពាន​រង្វាន់​ធំ​ដុំ​នៅ​ឡើយ។ ទោះ​យ៉ាង​ណា បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​សាជាថ្មី ពេល​មក​រួមរស់​ក្នុង​ក្លិប​ថ្មី ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ហូបចុក ស្នាក់​នៅ ព្រម​ទាំង​មាន​ផ្តល់​ប្រាក់​រង្វាន់​បន្ថែម​ទៀត​នោះ បាន​ធ្វើ​ឱ្យ​វិជ្ជា​គុន អេលីត មករា មាន​ការ​ប្រែប្រួល និង​រីក​ចម្រើន​ជាង​មុន ដោយ​ប្រកួត​ឈ្នះ ៣ លើក​ជាប់ៗ​គ្នា។

លោក ស៊ន អេលីត អ្នក​គ្រប់គ្រង​ក្លិប​ផ្ទាល់​បាន​និយាយ​ថា ទស្សន​វិស័យ​របស់​ក្លិប​នាយកដ្ឋាន​អង្គរក្ស គឺ​លើក​ស្ទួយ​កីឡាករ​ឱ្យ​មាន​សមត្ថភាព​គុណភាព​ល្អ ប្រកួត​ទទួល​បាន​លទ្ធផល​ល្អ និង​ផ្តល់​ជូន​កីឡាករ​នូវ​កម្លាំង​ចិត្ត ខណៈ​ដែល​ថ្នាក់​ដឹកនាំ មាន​ចិត្ត​សប្បុរស មិន​ស្វែងរក​ប្រាក់​ពី​កីឡា​នោះ​ឡើយ តែ​បាន​លះបង់​ជួយ​កីឡា​ក្នុង​ទឹក​ចិត្ត ជួយ​លើកស្ទួយ​កីឡាករ​ក្នុង​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ឱ្យ​ល្បីល្បាញ សម្រាប់​អង្គភាព និង​ជាតិ​ទាំង​មូល។

ស៊ន អេលីត បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​អាច​អត់​សរសើរ​បាន​ទេ ចំពោះ អេលីត មករា ក្នុង​នោះ​ថ្នាក់​ដឹកនាំ គឺ​ពេញ​ចិត្ត និង​ផ្ដល់​ប្រាក់​រង្វាន់ ដូច​ការ​សន្យា​តាម​កម្រិត និង​ទៅ​តាម​ជ័យជម្នះ​របស់​ពួក​គេ ដោយ​ក្នុង​នោះ​ថ្នាក់​ដឹកនាំ​របស់​យើង​ទាំង ៣ រូប មាន​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ឧត្តមសេនីយ៍ ឌី វិជ្ជា និង​ឧត្តម​សេនីយ៍ យឹម លាង បាន​កំណត់​លើក​ទឹក​ចិត្ត​ចំពោះ​កីឡាករ​ដែល​ប្រកួត​ឈ្នះ​ជើង​ខ្លាំង លំដាប់​ជួរ​មុខ ដោយ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ ១ លើក ​ចំនួន ៥០០ ដុល្លារ រីឯ​គូ​កម្រិត​ខ្លាំង​មធ្យម ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន ៣០០ និង​គូ​ថ្មីថ្មោង​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន ១៥០ ដុល្លារ។ បន្ថែម​ពី​លើ​នេះ បើ​កីឡាករ​ឈ្នះ​ដៃគូ​ដោយ​ពិន្ទុ ក៏​មាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ផង​ដែរ ​ដើម្បី​ឱ្យ​ខំប្រឹង»។

គ្រូបង្វឹក​វ័យ​ក្មេង​រូប​នេះ បាន​លម្អិត​ថា ចំពោះ អេលីត មករា ដែល ៣ ប្រកួត​នេះ ឈ្នះ​ពិន្ទុ ២ និង​ឈ្នះ​សន្លប់ ១ ដង​នោះ គឺ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹកនាំ​ក្លិប​ចំនួន ១ ១០០ ដុល្លារ និង​បន្ថែម​ប្រាក់​តម្លៃ​ខ្លួន​នៅ CNC ២ ប្រកួត និង ១ ប្រកួត នៅ​បាយ័ន​បាន​សរុប ១ ០០០ ដុល្លារ​ទៀត។

ទោះ​យ៉ាង​ណា ស៊ន អេលីត បាន​បញ្ជាក់​ថា៖ «កូន​សិស្ស​ខ្ញុំ ល្បីល្បាញ និង​ខ្លាំង​នៅ​លើ​សង្វៀន​ជាច្រើន​នាក់ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់ បាន​ជាប់​ជា​ក្របខ័ណ្ឌ​ប៉ូលិស តាមរយៈ​កីឡា​នៅ​ឡើយ​ទេ ខណៈដែល​កីឡាករ កីឡាការិនី បាន​ចូល​ជា​ប៉ូលិស ក្នុង​រយៈពេល ៣ ឆ្នាំនេះ មាន​ជាង ៤០០ នាក់​ឯណោះ តែ​ខាង​ក្លិប​ខ្ញុំ មិន​ទាន់​ទទួល​បាន​សោះ ទោះបី​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ច្រើន​ក៏​ដោយ»៕