ភ្នំពេញៈ អ្នកប្រដាល់គុនខ្មែរ និងប្រដាល់ថៃចំនួន ៨ នាក់នឹងដាក់ឲ្យប្រកួតប្រជែងវគ្គជម្រុះដណ្តើមខ្សែក្រវាត់ភេសជ្ជៈ Wurkz ទម្ងន់ ៦០ គីឡូក្រាមរដូវកាលទី ៣ នឹងចាប់ផ្តើមនៅលើសង្វៀន SEATV នាល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍នោះ ហើយបេក្ខភាពអ្នកប្រដាល់ទាំងនេះត្រូវបានគណៈកម្មការរៀបចំប្រកួតបង្ហាញឲ្យដឹងកាលពីម្សិលមិញក្នុងនោះកីឡាករកម្ពុជាមានជើងចាស់ និងជើងថ្មី ប៉ុន្តែកីឡាករថៃទាំង ៤ នាក់ជាអ្នកចំណូលថ្មីទាំងអស់ដោយពួកគេត្រូវប្រកួតគ្នាចំនួន ១១ សប្តាហ៍គឺដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ ទើបបញ្ចប់។
គណៈកម្មការគ្រប់គ្រងកម្មវិធីប្រកួតប្រចាំសង្វៀន SEATV លោក ញាន សុធី បានប្រាប់ថាសមាសភាពអ្នកប្រដាល់ខាងកម្ពុជាទាំង ៤ នាក់មាន ទី ១ កីឡាករវ័យក្មេង លន បញ្ញា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលមានកម្ពស់ ១,៧០ ម៉ែត្រធ្លាប់ប្រកួតបាន ៤១ ដងឈ្នះ ៣៦ ចាញ់ ៣ និងស្មើ ២ ហើយទី ២ កីឡាករជើងចាស់ ចាន់ សំអាត របស់ក្លិបអន្លង់វែង ខេត្តឧត្តរមានជ័យមានកម្ពស់ ១,៦៧ ម៉ែត្រធ្លាប់ប្រកួតបាន ៧៤ ដងឈ្នះ ៥៦ ចាញ់ ១៥ និងស្មើ ៣ ដង។
ចំណែកទី ៣ គឺកីឡាករជើងចាស់ ហេង វាសនា មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបងមានកម្ពស់ ១,៧០ ម៉ែត្រធ្លាប់ប្រកួតបាន ៥៨ ដង ឈ្នះ ៤២ ចាញ់ ១៣ និងស្មើ ៣ ដង ខណៈទី ៤ កីឡាករ ធឿន ធី មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាបមានកម្ពស់ ១,៧០ ម៉ែត្រ ប្រវត្តិប្រកួតបានចំនួន ៣៥ ដង ឈ្នះ ៣០ ដង ចាញ់ ៣ និងស្មើ ២ ដង។
ដោយឡែកសមាសភាពអ្នកប្រដាល់ថៃទាំង ៤ នាក់មានទី ១ កីឡាករ Super Man មានកម្ពស់ ១,៦៥ ម៉ែត្រធ្លាប់ប្រកួតបាន ៦៥ ដង ឈ្នះ ៥០ ដង និងចាញ់ ១២ ស្មើ ៣ ដង និងទី ២ កីឡាករ Chhai Yor មានកម្ពស់ ១,៦៧ ម៉េត្រ ធ្លាប់ប្រកួតបាន ៧៥ ដង ឈ្នះ ៥៧ និងចាញ់ ១៨ ដង ហើយទី ៣ Yorth Katanyou មានកម្ពស់ ១,៦៧ ម៉ែត្រប្រកួតបាន ៦០ ដង ឈ្នះ ៥០ ដង ចាញ់ ១០ ដង។
ចំណែកទី ៤ គឺកីឡាករថៃ Chhav Vallit មានកម្ពស់ ១,៧១ ម៉ែត្រធ្លាប់ប្រកួត ៦៧ ដងឈ្នះ ៥៧ និងចាញ់ ១០ ដង ហើយសម្រាប់បើកឆាកនៅសប្តាហ៍នេះ គឺកីឡាករ លន បញ្ញា ត្រូវស្វាគមន៍ Chhai Yor ឯ ធឿន ធី ត្រូវប្រជែងយក ៣ ពិន្ទុជាមួយ Super Man។
ចំពោះរូបមន្តប្រកួតត្រូវបានលោក រាជ សុផែន ស្នងការប្រកួតទទួលបន្ទុកបច្ចេកទេសបានប្រាប់ថា អនុវត្តតាមលើកមុនៗគឺប្រកួតវគ្គជម្រុះដោយកីឡាករម្នាក់ៗជួបប្រកួតចំនួន ៤ លើកទើបបូកសរុបយកកីឡាករខាងកម្ពុជាម្នាក់ និងភាគីថៃម្នាក់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកចំណាត់ថ្នាក់លេខ ១ និងលេខ ២ តែម្តង ខណៈដែលលេខ ១ ឈ្នះបានខ្សែក្រវាត់ និងទឹកប្រាក់ ៥ ពាន់ដុល្លារ និងលេខ ២ បានពានអមដោយទឹកប្រាក់ ៣ ពាន់ដុល្លារ។
លោក រាជ សុផែន បានបញ្ជាក់ថា៖ «ច្បាប់ និងលក្ខខណ្ឌប្រកួតគឺកីឡាករឈ្នះទទួលបាន ៣ ពិន្ទុ កីឡាករប្រកួតចាញ់បាន ១ ពិន្ទុអវត្តមាន ០ ពិន្ទុ ហើយករណីស្មើពិន្ទុគ្នាត្រូវយកភាគផលនៃការប្រកួតជាមូលដ្ឋាន គឺកីឡាករណាវាយគេឲ្យសន្លប់បានច្រើនជាងចំណាយពេលខ្លីជាង ប៉ុន្តែក្នុងករណីនៅតែស្មើទៀតត្រូវយកសីលធម៌ អត្តចរិតល្អ និងវិន័យល្អជាមូលដ្ឋាននៃការវាយតម្លៃរកអ្នកឈ្នះ»។
តាមលក្ខខណ្ឌដែលបានចែងសមាគម ឬក្លិបដែលចូលរួមប្រកួតមានតែកីឡាករម្នាក់គត់ដោយភ្ជាប់មកជាមួយនូវរូបថតពាក្យសុំចូលរួមប្រកួតមានកិច្ចសន្យា និងប្រវត្តិប្រកួតច្បាស់លាស់ដោយមានការពិនិត្យសុខភាព និងឈាមចេញដោយគ្រូពេទ្យសហព័ន្ធប្រដាល់គុនខ្មែរ។
ទាក់ទងនឹងបញ្ហានេះលោក តែម ម៉ឺន បានថ្លែងថា៖ «ឆ្នាំ ២០១៩ នេះការប្រកួតត្រូវបានពង្រឹងដោយអនុវត្តតាមគោលការណ៍ច្បាប់យ៉ាងតឹងតែង មិនអាចយោគយល់ ឬអនុគ្រោះបន្តទៀតបានទេ ពិសេសបញ្ហាសុខភាពកីឡាករត្រូវតែពិនិត្យទៅលើការហ្វឹកហាត់ ការថែទាំសុខភាពជាចម្បង ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យសហព័ន្ធយ៉ាងហ្មត់ចត់»៕