ភ្នំពេញ៖ អ្នកប្រដាល់ចិត្តសឿង ស៊ឺន ថៃសាន់ បានចាត់ទុកការសន្លប់ធំ ក្រោមផ្លែកែងរបស់ ធន់ អៀនឡៃ នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ ថា ជាករណីភ្លាត់ស្នៀត ហើយបានអះអាងថា សម្រាប់ការជួបគ្នាជាថ្មីនៅវគ្គជម្រុះ ៨ នាក់ នៃការប្រកួតជើងឯក TV5 Knock Out Series ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម នៅសង្វៀនប៉ុស្តិ៍លេខ ៥ នាយប់ថ្ងៃសៅរ៍ រូបគេមានការជឿជាក់ថា អាចសងសឹក អៀនឡៃ វិញបាន។
កីឡាករមានប្រវត្តិប្រកួតបាន ៥៦ ដង ឈ្នះ ៤២ ចាញ់ ១១ និងស្មើពិន្ទុ ៣ ដង ស៊ឺន ថៃសាន់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា៖ «ការចាញ់ អៀនឡៃ នៅសង្វៀន PNN កាលពីថ្ងៃអាទិត្យ ដោយចូលកែងបណ្តាលឱ្យសន្លប់ធំនោះ ជាការភ្លាត់ស្នៀតទេ ប៉ុន្តែការប្រកួតលើកនេះ ខ្ញុំនឹងវ៉ៃដោយប្រុងប្រយ័ត្ន និងសង្ឃឹមឈ្នះ ៧០ ភាគរយ តែបច្ចេកទេសប្រកួតយ៉ាងម៉េចនោះ ខ្ញុំសុំមិននិយាយទេ កុំឱ្យដៃគូគេដឹង»។
គួររំឭកថា សម្រាប់ការប្រកួតជម្រុះតាមពូលដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ស៊ឺន ថៃសាន់ ដែលព្យាយាមចូលប្តូរកណ្តាប់ដៃនោះ ត្រូវបាន ធន់ អៀនឡៃ ច្រាសកែងស្តាំ ចូលគុម្ពត្រចៀកពេញ បណ្តាលឱ្យដួលសន្លប់ ដោយមានឈាមនៅជាប់ត្រចៀកផងដែរ។
ការបន្តចាញ់ជាលើកទី២ បន្ថែមទៅលើការចាញ់ពិន្ទុ រិន ដាវីត នោះ បានធ្វើឱ្យ ស៊ឺន ថៃសាន់ ធ្លាក់ទៅឈរនៅលេខ ៤ ចុងក្រោយគេប្រចាំពូល A គឺមានភាគរយខ្ពស់ជាងគេក្នុងការធ្លាក់ចេញពីការប្រកួតដណ្តើមខ្សែក្រវាត់នៅ PNN នេះ ចំណែក ធន់ អៀនឡៃ ក៏ស្ថិតក្នុងភាពមិនច្បាស់លាស់ផងដែរ ព្រោះការប្រកួតបើកឆាករូបគេបានចាញ់ ភួន ឡាំងកូស៊ីន ដោយស្វ័យប្រវត្តិ ព្រោះមិនអាចសម្រកទម្ងន់មកដល់ត្រឹម ៥៤ គីឡូក្រាម តាមការកំណត់។ ចំណែកការជួប ស៊ឺន ថៃសាន់ លើកនេះ អៀនឡៃ ក៏មានការបារម្ភដែរ តែធានាវ៉ៃអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះ។
ជាមួយគ្នានេះ លោក ធន់ សុភា ជាគ្រូបង្វឹកមានការរំពឹងឈ្នះខ្ពស់ថា ធន់ អៀនឡៃ នឹងឈ្នះ ថៃសាន់ ជាមិនខាន ដើម្បីបានឡើងទៅវគ្គបន្ត។ ធន់ សុភា និយាយថា៖ «ការប៉ះជាមួយ ស៊ឺន ថៃសាន់ លើកនេះក៏ជាឧបសគ្គធំដែរ ព្រោះគេហាត់ និងមានបច្ចេកទេសល្អដែរ ប៉ុន្តែយើងបានត្រៀមនូវល្បិចប្រកួតយកឈ្នះបានក្នុងជំនឿ ៨០ ភាគរយ តែខ្ញុំលាក់ល្បិចប្រកួតនេះសិន ដើម្បីកុំឱ្យគេដឹង»។
ចំណែកលោក ម៉ៃ សុភា ជាអតីតគ្រូដើមរបស់ ស៊ឺន ថៃសាន់ បានប្រាប់ថា បច្ចុប្បន្ន ថៃសាន បានផ្លាស់ទៅនៅក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ក្រោមការគ្រប់គ្រងរបស់លោក មាស សុខគ្រី ហើយ។
យ៉ាងណាក៏ដោយទាក់ទងទៅនឹងបច្ចេកទេសប្រកួត លោក ម៉ៃ សុភា បាននិយាយថា៖ «ធន់ អៀនឡៃ មិនអាចស៊ី ថៃសាន់ ផុយទេ ឬក៏អាចចាញ់ស្នៀតកណ្តាប់ដៃវិញក៏ថាបានដែរ ព្រោះវាមានចំណុចខ្លាំងរៀងៗខ្លួន។ អៀនឡៃ មានស្នៀតចម្រុះ គឺវ៉ៃបានគ្រប់ស្ថានភាពរីឯ ថៃសាន់ ជំនាញកណ្តាប់ដៃធ្ងន់ ដែលជាអាវុធនាំឱ្យគ្រោះថ្នាក់ ឬសន្លប់បានដែរ អ៊ីចឹងរវាង ២ នាក់នេះ មិនអាចទស្សន៍ទាយមុនបានទេ គឺចាញ់ឬឈ្នះ ក្នុងលក្ខណៈតឹងតែងណាស់ ព្រោះមានស្នៀតពិសេសផ្តួលគ្នាទៅវិញទៅមក»៕