ភ្នំ​ពេញ: កីឡាករ​ប្រដាល់​មាន​ល្អិត​ចិត្ត​ធំ​ ម៉ន​ សាម៉េត​ មក​ពី​ក្លិប​ប្រ​ដាល់​កង​ចក្រ​រាជ​សីហ៍​នៃ​សមា​គម​កីឡា​​ប្រ​ដាល់​ក្រ​សួង​មហា​ផ្ទៃ​ បាន​ចេញ​ទៅ​ប្រ​កួត​ស្ងាត់ៗ​ក្នុង​កម្ម​វិធី​ប្រ​ដាល់​ពេញ​និយម​មួយ​នៅ​ទី​ក្រុង​ផាតាយា ​ប្រទេស​ថៃ មាន​ឈ្មោះ​ថា​ Max Muay Thai កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ និង​ទទួល​បាន​លទ្ធផល​ត្រឹម​ស្មើ​ ទោះ​បី​អ្នក​ទស្សនា​មួយ​ចំនួន​មើល​ឃើញ​​ថា ​មាន​ប្រៀប​លើ​កីឡាករ​ថៃ Sor Tragoon Petch ក៏​​ដោយ​។​

ម៉ន ​សាម៉េត​ បាន​វិល​មក​មាតុ​ប្រទេស​វិញ​ភ្លាម​បន្ទាប់​ពី​ប្រ​កួត​ និង​បាន​និយាយ​ថា៖ «ចំពោះ​លទ្ធផល​បាន​ត្រឹម​ស្មើ​នេះ​ ខ្ញុំ​គ្មាន​ប្រតិកម្ម​ ឬ​អន់​ចិត្ត​អ្វី​ទេ ​ពី​ព្រោះ​ការ​ប្រ​កួត​ យើង​ជា​កីឡាករ​មិន​​អាច​ដាក់​ពិន្ទុ​ខ្លួន​ឯង​បាន​នោះ​ទេ ​គឺ​គេ​មាន​ចៅ​ក្រម ​និង​គណៈកម្មការ​របស់​គេ​ ប៉ុន្តែ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា ​នៅ​ប្រទេស​ថៃ​ កីឡាករ​បរទេស​ ទៅ​វ៉ៃ​នៅ​ថៃ​ បើ​មិន​អាច​ផ្តួល​គេ​ឲ្យ​សន្លប់​នោះ​ គឺ​មិន​ងាយ​បាន​ឈ្នះ​ឡើយ​»​។ ​

ម៉ន​ សាម៉េត បាន​បន្ថែម​ថា​៖ «​រឿង​ចាញ់​ ឬ​ឈ្នះ ​ឬ​ស្មើ​ ខ្ញុំ​គិត​ថា​មិន​ទាក់​ទង​អ្វី​ធំដុំ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​គឺ​តម្លៃ​ខ្លួន​ប្រ​កួត​សក្តិសម មាន​ចំនួន​អាច​ទទួល​យក​បាន​សម្រាប់​ជួយ​ជីវ​ភាព​​របស់​ខ្ញុំ​​»​។

ម៉ន​ សាម៉េត​ បាន​ឲ្យ​ដឹង​ថា​៖​ «ខ្ញុំ​បាន​មក​ប្រ​កួត​នៅ​ប្រទេស​ថៃ​ បាន​ចំនួន​២​លើក​មក​ហើយ​​។ កាល​ពី​ឆ្នាំ​មុន​ ខ្ញុំ​បាន​លទ្ធផល​ចាញ់​ ហើយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ​ខ្ញុំ​បាន​វ៉ៃ​ស្មើ​ជា​មួយ​កីឡាករ​ថៃ​ ហើយ​បើ​មាន​ឱកាស​ថ្ងៃ​ក្រោយ​ បាន​ទៅ​ប្រ​កួត​ទៀត​ ខ្ញុំ​ជឿ​ថា​បាន​ឈ្នះ​មិន​ខាន​​»​។

សាម៉េទ បានម​​ទម្លាយ​ថា​៖​ «តម្លៃ​ប្រ​កួត​របស់​ខ្ញុំ​បើគិត​ជា​ដុល្លារ​បាន​ប្រ​ហែល​ជាង​៤៥០​ដុល្លារ​ ដោយ​​មាន​ការ​ហូប​ចុក​ស្នាក់​នៅ ​និង​ធ្វើ​ដំណើរ​គេ​ចេញ​ឲ្យ​មួយ​ចប់​។ ​ជា​មួយ​គ្នា​នេះ ​ក្រោយ​ពេល​ប្រ​កួត​មាន​ក្លិប​នៅ​ស្រុក​ថៃ ​មក​ចរចារ​ជា​មួយ​ខ្ញុំ​ដើម្បី​ឲ្យ​ទៅ​ហ្វឹក​ហាត់​ឡើង​ប្រ​កួត​នៅ​ថៃ​​​បន្ត​ ដោយ​មាន​តម្លៃ​ខ្លួន​ប្រ​កួត​កើន​ឡើង​ជាង​មុន ​ប៉ុន្តែ​អ្វីៗ​គឺ​អាស្រ័យ​លើ​ក្លិប​ និង​ឪពុក​របស់​ខ្ញុំ​​»​។

លោក​ម៉ាង ​ម៉ន ​គ្រូ​បង្វឹក​ និង​ជា​ឪពុក​បង្កើត​​បាន​ប្រាប់​ថា​៖ «​អាម៉េត​ វា​មាន​ប្រ​ពន្ធ​មាន​កូន​ហើយ ហេតុ​នេះ​ការ​សម្រេច​ចិត្ត​ទៅ​ហាត់​ និង​ប្រ​កួត​នៅ​ស្រុក​ថៃ​ជា​ជម្រើស​ និង​ការ​សម្រេច​ចិត្ត​របស់​វា​ ពី​ព្រោះ​បញ្ហា​ជីវភាព​ និង​ប្រាក់​ចំណូល​ជា​រឿង​សំខាន់​»​។ ​

លោក​បាន​បន្ត​ថា៖ «ធម្មតា​កីឡាករ​យើង​សព្វ​ថ្ងៃ​ស្ម័គ្រ​ចិត្ត​ គ្មាន​ប្រាក់​ខែ​ ឬ​ប្រាក់​ចំណូល​ឯ​ណា​ជួយ​ក្រៅ​ពី​ការ​ឡើង​ប្រ​កួត​នោះ​ឡើយ​ ហើយ​បើ​យើង​ជា​កីឡាករ​ជាប់​ជម្រើស​ជាតិ​ ឬ​ស៊ី​ប្រាក់​ខែ​គេ​ យើង​មិន​អាច​ទៅ​បាន​ទេ​ត្រូវ​អនុ​ញ្ញាត​ពី​គេ​»​​​៕