ភ្នំពេញ៖ គ្រាប់អ្នកប្រដាល់ល្បីឈ្មោះកម្រិតមធ្យមក្នុងវិស័យគុនខ្មែរ និងសាងភាពល្បីល្បាញគួរសមក្នុងគុនចម្រុះ MMA ថៃ រិទ្ធី បានប្រែក្លាយឈានទៅជាអាជីពគ្រូបង្វឹក ដែលទទួលបានភាពជោគជ័យជាមួយការទទួលបានប្រាក់ចំណូលខ្ពស់ចំផុតនៅក្នុងស្រុក ខណៈដែលគ្រូបង្វឹកជើងចាស់មានបទពិសោធច្រើនឆ្នាំមួយចំនួនមិនអាចទាន់ប្រៀបផ្ទឹមជាមួយគេបានឡើយ។
ថៃ រិទ្ធី បានឆ្លងកាត់ការប្រកួតក្នុងគុនខ្មែរបានតិចជាងគេ ប៉ុន្តែទទួលបានលទ្ធផលគាប់ចិត្តជាទីបំផុតក្នុងការប្រកួតនៅសង្វៀនគុនចម្រុះ MMA ដោយធ្លាប់ឈ្នះខ្សែក្រវាត់ក្នុងទម្ងន់ ៦៥ គីឡូក្រាម នៅ CTN កាលពីឆ្នាំ ២០១៤ ខណៈដែលបច្ចុប្បន្នបានក្លាយជាគ្រូបង្វឹកវ័យក្មេងបំផុត កំពុងបង្ហាត់នៅក្នុងក្លិបប្រដាល់មួយស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាបដោយទទួលបានប្រាក់ចំណូលពីមុខរបរបង្ហាត់នេះ ក្នុងមួយខែជិត ១ ០០០ ដុល្លារទៅហើយ។
អ្នកប្រដាល់ជំនាញប្រើកណ្តាប់ដៃ ថៃ រិទ្ធី ដែលមានឈ្មោះពិតក្នុងបញ្ជីជាតិថា «ឈួន ម៉ាញ» គឺជាកូនទី ៣ ក្នុងគ្រួសារកសិករ មានជីវភាពកម្រិតក្រោមមធ្យមមួយនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមប្រវត្តិផ្ទាល់ខ្លួនក្នុងសកម្មភាពកីឡាដែលភ្នំពេញប៉ុស្តិ៍ សម្ភាសផ្ទាល់ គឺ ថៃ រិទ្ធី ធ្លាប់ឆ្លងកាត់អាជីពជាកីឡាករក្នុងរយៈពេលត្រឹមជាង ៥ ឆ្នាំ តែទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
ចំពោះការបាត់មុខពីសង្វៀនប្រដាល់ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ កីឡាករវ័យ ២២ ឆ្នាំ ថៃ រិទ្ធី បានសំងំធ្វើជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ ដែលមានភាពល្បីល្បាញនៅឯខេត្តសៀមរាប ដោយទទួលបានប្រាក់ចំណូលខ្ពស់ដាច់គេ បើប្រៀបធៀបក្នុងស្រុកយើងនាពេលបច្ចុប្បន្ន។
ថៃ រិទ្ធី បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរដំបូង នៅក្លិបអង្គរគុនខ្មែរជាមួយគ្រូបង្វឹក ទេព ស៊ីវុត្ថា បន្ទាប់មកត្រូវបានផ្ទេរមកនៅក្លិបប្រដាល់នាគរាជ ជាមួយលោកគ្រូ ប៉ាន់ ស៊ីថៃ។ ក្រោយមកទៀត រូបគេបានផ្លាស់មកនៅក្លិប Top Team MMA ជាមួយមួយលោកគ្រូ ហ៊ុន ចាន់រាជ ហើយក៏ជាពេលដែលរូបគេបានបង្ហាញខ្លួន ក្នុងការប្រកួត MMA ក្នុងព្រឹត្តិការណ៍ ONE នៅលើឆាកអន្តរជាតិផងដែរ ប៉ុន្តែចុងក្រោយ រិទ្ធី បានសម្រេចមករួមរស់នៅសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជាមួយលោកគ្រូ ធន់ សុភា មុនក្លាយជាគ្រូបង្វឹកនៅក្លិបប្រដាល់មីស្ទ័រលី ខេត្តសៀមរាប។
ថៃ រិទ្ធី បាននិយាយថា៖ «នៅក្នុងវិស័យប្រដាល់គុនខ្មែរ ខ្ញុំវ៉ៃមិនសូវបានល្អ និងមិនទទួលបានលទ្ធផលជាប់ជើងឯក ឬឈ្នះក្រវាត់នោះទេ គឺក្នុងស្ថិតិប្រកួតចំនួន ៤៤ ដង ខ្ញុំឈ្នះបាន ៣២ ដង ចាញ់ ១០ និងស្មើ ២ ដង ប៉ុន្តែខ្ញុំចូលលេងការប្រកួតជម្រើសជើងឯកកីឡាល្បុក្កតោ ទទួលបានមេដាយមាស ឆ្នាំ ២០១៥»។
កីឡាកររូបនេះបានបន្ថែមថា៖ «ខ្ញុំបានល្បីឈ្មោះខ្លាំងនៅក្នុងគុនចម្រុះ MMA ដោយឆ្លងកាត់ការប្រកួតជាង ៣០ ដង ឈ្នះ ២៧ ដង ក្នុងនោះខ្ញុំធ្លាប់ឈ្នះបានខ្សែក្រវាត់ក្នុងទម្ងន់ ៦៥ គីឡូក្រាម បន្ទាប់ពីឈ្នះចំនួន ៧ ប្រកួត និងឈ្នះ រឿង សារ័ត្ន នៅវគ្គផ្តាច់ព្រ័ត្រដោយទទួលបានប្រាក់រង្វាន់ ៣ ០០០ ដុល្លារ។ ខ្ញុំបានសាងភាពល្បីល្បាញបន្ថែមទៀត គឺការប្រកួតគុនចម្រុះ MMA នៅក្រៅប្រទេសចំនួន ៩ លើក ឈ្នះ ៧ និងចាញ់តែ ២ លើកប៉ុណ្ណោះ»។
សម្រាប់ការប្រកួត MMA នៅលើឆាកអន្តរជាតិនោះ ថៃ រិទ្ធី ធ្លាប់ប្រកួតនៅប្រទេស ថៃ បាន ៥ ដង ឈ្នះ ៤ និងចាញ់ ១ ដង ហើយគេធ្លាប់ប្រកួតនៅហ្វីលីពីន ចាញ់ ១ និងប្រកួតនៅឥណ្ឌូនេស៊ីផងដែរ។ ក្នុងភាពល្បីល្បាញនោះ ថៃ រិទ្ធី ទទួលបានតម្លៃខ្លួនប្រកួតក្នុងមួយលើក ១ ៥០០ ដុល្លារ ដល់ ៣ ០០០ ដុល្លារ ក្នុងករណីឈ្នះ ហើយប្រាក់ចំណូលទាំងអស់ដែលរកបានគឺ ថៃ រិទ្ធី បានជួយទៅឪពុកម្តាយ ២ ភាគ និងបានទុកចាយសម្រាប់ខ្លួនឯងផ្ទាល់តែ ១ ភាគប៉ុណ្ណោះ។
ជាមួយបញ្ហាជីវភាពគ្រួសារស្ថិតនៅក្រោមមធ្យមបានជំរុញឲ្យ ថៃ រិទ្ធី ឈប់រៀនត្រឹមថ្នាក់ទី ៦ ហើយបានមកហាត់ប្រដាល់ និងបានប្រែក្លាយខ្លួនជាអ្នកប្រដាល់ដែលវិវត្តខ្លួនរីកចម្រើនជាលំដាប់មានភាពល្បីឈ្មោះកម្រិតមធ្យម។
ជាមួយគ្នានោះ ថៃ រិទ្ធី បានខិតខំរៀនភាសាអង់គ្លេសទាក់ទងទៅនឹងការប្រើប្រាស់ក្នុងវិស័យកីឡា ខណៈរូបគេតែងតែមានឱកាសប្រាស្រ័យទាក់ទងទៅនឹងសកម្មភាពហ្វឹកហាត់ជាមួយជនបរទេស ដែលនិយមហាត់កីឡាមួយចំនួននោះ។
ក្រោយបានឱកាសណែនាំពី លោក ធន់ សុភា បានជួយឲ្យ ថៃ រិទ្ធី មានឱកាសទៅបង្វឹកឲ្យក្លិបមីស្ទ័រលី នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងលក្ខណៈជាគ្រូស្ម័គ្រចិត្ត ដោយទទួលបានកម្រៃតាមការយោគយល់ និងទំហំការងារ ប៉ុន្តែដោយការព្យាយាមយ៉ាងយកចិត្តទុកដាក់ គោរពវិន័យ និងពេលវេលាបានល្អ បានធ្វើឲ្យក្លិបនោះ មានការរីកចម្រើន ហើយតម្លៃបង្វឹករបស់ ថៃ រិទ្ធី ក៏ទទួលបានរហូតដល់ខ្ទង់មួយពាន់ដុល្លារ ទៅតាមចំនួនម៉ោងហាត់ជាក់ស្តែង ដោយគិតជាភាគរយ។
ជុំវិញរឿងនេះ ថៃ រិទ្ធី បានប្រាប់ថា ក្នុងមួយថ្ងៃគេអាចបង្ហាត់បាន ៥ ទៅ ៦ ម៉ោង គឺហ្វឹកហាត់ជាក្រុមសម្រាប់អ្នកប្រដាល់ខ្មែរ និងបរទេស ប៉ុន្តែសម្រាប់ជនបរទេស ឬខ្មែរ ដែលចង់ហាត់លក្ខណៈឯកជនគ្រូមួយ សិស្សមួយនោះ គឺ ១ ម៉ោង ២០ ដុល្លារ ដោយកម្រៃនេះ ទទួលបានជាភាគរយ ខណៈដែលការហូបចុកស្នាក់នៅ ប្រធានក្លិប លោក មីស្ទ័រលី ជួយរ៉ាប់រងទាំងស្រុង។
ទាក់ទងទៅនឹងអាជីពជាគ្រូបង្វឹកនេះ ថៃ រិទ្ធី បានអះអាងថា៖ «ខ្ញុំមានការពេញចិត្តខ្លាំង ហើយខ្ញុំប្តេជ្ញានឹងខិតខំធ្វើឲ្យកាន់តែល្អ ប៉ុន្តែបើមានពេលវេលា ខ្ញុំនៅតែចង់ឡើងប្រកួតបន្តទៀត។ ជាមួយគ្នានេះលោកប្រធានក្លិបនិយមចូលចិត្ត និងជួយលើកទឹកចិត្ត ធ្វើឲ្យខ្ញុំមានភាពកក់ក្តៅ ក្នុងការបន្តអាជីពនេះរហូតដល់គាត់លែងត្រូវការខ្ញុំ»។
លោក លី ម៉ាវី ដែលជាប្រធានក្លិបបាននិយាយថា៖ «ថៃ រិទ្ធី អាចនឹងទទួលប្រាក់ចំណូលខ្ពស់ជាងនេះទៅទៀត នៅពេលដែលអ្នកមកហាត់ភាគច្រើនជាជនបរទេស ហើយបទពិសោធព្រមទាំងបំពេញតួនាទីល្អ គឺផលប្រយោជន៍ នឹងផ្តល់ទៅតាមហ្នឹងឯង»។ លោកបន្ថែមថា៖ «ខ្ញុំវិនិយោគច្រើនទៅលើកីឡា ហើយអ្វីដែលខ្ញុំពេញចិត្ត គឺមានគ្រូបង្វឹកល្អ កីឡាករល្អ ការគាំទ្រច្រើន ដែលនេះជាគោលបំណងរបស់ខ្ញុំ»។
នៅពេលសួរថា តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យទទួលបានភាពជោគជ័យនៅពេលនេះ? ថៃ រិទ្ធី បានឆ្លើយតបថា៖ «ពីដំបូង ខ្ញុំក៏ដូចជាបងប្អូនកីឡាករដទៃដែរ ឬអាចនិយាយថា មិនល្បីដូចបងៗផង ប៉ុន្តែខ្ញុំរៀនសូត្រពីបង ធន់ សុភា គឺមិនដើរលេងមិនផឹក ថែទាំសុខភាព និងហាត់ល្អ ហើយនៅពេលយើងគោរពវិន័យបានល្អបងប្អូនស្រឡាញ់រាប់អាន ឯការប្រកួតក៏ទទួលបានល្អទៅតាមហ្នឹងដែរ»៕