ភ្នំពេញ៖ ​ជើង​ថ្មី​វ័យ​ក្មេង​ ថៃ​ រ៉េត​ ដែល​ជា​កីឡាករ​លំដាប់​ខ្លាំង​ក្នុង​ចំណោម​ក្មេង​ជំនាន់​ក្រោយ​នោះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង ​ក្នុង​ពិភព​ប្រដាល់​ស្រប​ពេល​ដែល​ការ​ឡើង​ប្រកួត​របស់​គេ​ក្នុង​រយៈពេល​ត្រឹម​ជាង​កន្លះ​ឆ្នាំ តែ​​បាន​ផ្តួល​ជើង​ខ្លាំង​មួយ​ចំនួន​ជា​បន្ត​បន្ទាប់ ​និង​បាន​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ថ្នាល​ក្នុង​ឆ្នាំ ​២០២០​ នេះ​។

ជាមួយ​គ្នា​នេះ សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​លើ​សង្វៀន SEATV កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ថៃ​ រ៉េត​ បាន​​យក​ឈ្នះ​ជើង​ចាស់​ ​សោម ​វិឆ័យ របស់​ក្លិប​វិបុល​ពោធិ៍សែន​ជ័យ ក្នុង​ទម្ងន់ ​៦៣​,៥ គីឡូក្រាម ​ប៉ុន្តែ​កីឡាករ​ថៃ​ Pheach Aroun ​ដែល​បាត់​មុខ​យូរ ហើយ​បាន​​ផ្សង​សំណាង​មក​ប៉ះ​​ជាមួយ​ជើង​ខ្លាំង ​ឡៅ​ ចន្ទ្រា​ ជា​ថ្មី​នោះ គឺ​បាន​ទទួល​រង​ស្នៀត​កែង បណ្តាល​ឲ្យ​​សន្លប់​ត្រឹម​ទឹក​ទី ​៤​។​

អ្នក​ប្រដាល់ ​ថៃ​ រ៉េត​ មក​ពី​ក្លិប​ទ័ព​ឆត្រយោង ​៩១១​ ​បាន​ឈ្នះ​ការ​ប្រកួត​ចំនួន ​២០ ​​ដង​​ជាប់ៗ​គ្នា​ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ គេ​មាន​​ឱកាស​បាន​​ប្រកួត​ជាមួយ​ជើង​ចាស់​ សោម​ វិឆ័យ ហើយ​ទទួល​បាន​លទ្ធផល​ឈ្នះ​ គួរ​ឲ្យ​កត់​សម្គាល់​ ដោយ​បង្ហាញ​ថា ​កម្រិត​វិជ្ជា​គុន​គេ កំពុង​រីក​ចម្រើន​ខ្លាំង​។

នៅ​ក្នុង​ជំនួប​ប្រកួត​ចំនួន ​៥ ទឹក​ពេញ​ដ៏​តឹងតែង ​ថៃ ​រ៉េត បាន​​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​មាន​ពិន្ទុ​នាំ​មុខ​ សោម ​វិឆ័យ​។ ​ស្នៀត​ និង​ល្បិច​ប្រយុទ្ធ​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ ​ថៃ ​រ៉េត ​គឺ​ចិត្ត​ធំ​ក្លាហាន ​ហ៊ាន​ចូល​វាយ​ដៃ​គូ​មុន ខណៈ​​ក្បាច់​កណ្តាប់​ដៃ ​និង​ជង្គង់​​របស់​គេ មាន​ប្រៀប​ពិន្ទុ​នាំ​មុខ​លើ សោម វិឆ័យ សឹង​គ្រប់​ទឹក​។

ទោះ​ជា​យ៉ាង​ណា​ សោម​ វិឆ័យ​ នៅ​តែ​រក្សា​បាន​កម្លាំង​ទប់ទល់​ល្អ​ និង​វាយ​បក​មាន​ប្រៀប​ផ្នែក​ជង្គង់​បាន​ល្អ​ផង​ដែរ​ ពោល​គឺ​ធ្វើ​ឲ្យ ​ថៃ ​រ៉េត​ ដួល​ និង​ថមថយ​កម្លាំង​ច្រើន​ ប៉ុន្តែ​ជាមួយ​​ស្ថានភាព​ដ៏​ជក់​ចិត្ត​នេះ ថៃ រ៉េត ​ដណ្តើម​បាន​ការ​មាន​ប្រៀប​នៅ​ក្នុង​ទឹក​ទី ​៤ និង​ទី ​៥ ដើម្បី​ឈ្នះ សោម វិឆ័យ ​ក្រោម​ការ​គាំទ្រ​យ៉ាង​ច្រើន។​

ថៃ ​រ៉េត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ក្រោយ​ការ​ប្រកួត​ថា​៖ «​ខ្ញុំ​ឈ្នះ​ទាំង​លំបាក​ណាស់​ ​ព្រោះ​គាត់​រឹងមាំ ​ហើយ​ខ្លួន​ខ្ញុំ​មាន​បញ្ហា​សុខភាព​ ដោយ​ផ្តាសាយ​ប៉ុន្មាន​ថ្ងៃ​មុន​ប្រកួត​ ប៉ុន្តែ​​មិន​ហ៊ាន​ប្រាប់​គ្រូ​ខ្លាច​ខូច​កម្មវិធី​របស់​ប៉ុស្តិ៍​គេ​។​​ ​ខ្ញុំ​គិត​ថា​ គាត់​ខ្លាំង​រឹងមាំ ​ប៉ុន្តែ​ចាញ់​ប្រៀប​ក្បាច់​ជង្គង់​របស់​ខ្ញុំ»​។

ចំណែក​លោក​ ហង្ស ​ស៊ឺន ​គ្រូ​បង្វឹក​ ថៃ រ៉េត បាន​និយាយ​ថា​៖ «​ថៃ​ រ៉េត ​កំពុង​តែ​ហាត់ ​និង​ប្រកួត​ល្អ ​មាន​ទីផ្សារ​ប្រកួត​ច្រើន​ជាង​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ទៅ​ទៀត​​។​ ​​រ៉េត ​ហ្វឹកហាត់​ទើប​តែ​បាន​មិន​ដល់ ​១ ​ឆ្នាំ​ទេ ដោយ​​ឆ្លង​កាត់​ការ​ប្រកួត ​២២ ​ដង ​ឈ្នះ ​២០​ ​ស្មើ ​១​ ​និង​ចាញ់ ​១ ​ដង ​គឺ​ចាញ់​កីឡាករ​ សូត្រ​ ខេវិន ​ក្លិប​បក្សី​ស្លាបដែក​ កាល​ពី​សប្តាហ៍​មុន ​នៅ​ CNC​ ដោយ​មូលហេតុ​មាន​អ្វី​ប៉ះ​ចូល​ភ្នែក​របស់​គេ​ប្រកួត​មិន​បាន»​។​

ដោយ​ឡែក​ការ​ប្រកួត​​មិត្តភាព​​អន្តរជាតិ​វិញ ​កីឡាករ​ថៃ ​Pheach Aroun ​ដែល​​បាត់​មុខ​យូរ​ពី​សង្វៀន​​ប្រដាល់​នៅ​កម្ពុជា​នោះ ហាក់​​គ្មាន​​ចំណុច​ខ្លាំង​អ្វី​គួរ​កត់​សម្គាល់​នោះ​ឡើយ​ក្នុង​ការ​ទប់ទល់​ជាមួយ ឡៅ ចន្ទ្រា។​ ការ​ប្រកួត​ជិត ​៤ ​ទឹក​ ឡៅ​ ចន្ទ្រា​ មាន​ប្រៀប​​ជា​និច្ច ​ហើយ​នៅ​ក្នុង​ទឹក​ទី ​៤ ​ដដែល​នោះ ​ស្នៀត​កែង​របស់​ ឡៅ​ ចន្ទ្រា​ វាយ​ចូល​គោលដៅ​ល្អ ​បណ្តាល​ឲ្យ​ Pheach Aroun ​សន្លប់​សុំ​បោះបង់​ការ​ប្រកួត​តែ​ម្តង ​ខណៈ​ជ័យជម្នះ​របស់ ​ឡៅ ​ចន្ទ្រា​ មិន​សូវ​ឈឺ​ខ្លួន​ប៉ុន្មាន​នោះ​ទេ​៕​