ភ្នំពេញ៖ អ្នក​ប្រដាល់​ចិត្ត​ធំ​វ័យក្មេង កំពុង​បង្ហាញ​សមត្ថភាព​ខ្លាំង មក​ពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ថៃ រ៉េត បាន​បន្ត​ឈ្នះ​ប្រាក់​រង្វាន់​ចំនួន ៣,៤ លាន​រៀល ពី​កម្មវិធី​ប្រដាល់​ដណ្តើម​ប្រាក់​លាន​ប្រចាំ​សប្តាហ៍​ទី៦១ នៃ​សង្វៀន​ថោន កាល​ពី​យប់​ថ្ងៃ​អាទិត្យ ហើយ​វា​ក៏​ជា​លើក​ទី៥ ផង​ដែរ ដែល ថៃ រ៉េត ដណ្តើម​បាន​ប្រាក់​រង្វាន់​ធំ​ពី​សង្វៀន​មួយ​នេះ។

យ៉ាងណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ជាមួយ​ជើង​ខ្លាំង​មិន​សូវ​មាន​គេ​ស្គាល់ ធី វ៉ារិទ្ធ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ គឺ ថៃ រ៉េត ដែល​បាន​ផ្តួល រិន សារ័ត្ន ឱ្យ​សន្លប់​នៅ​ទឹក​ទី២ ក្នុង​ការ​ប្រកួត​ជម្រុះ​នោះ ជួប​ឧបសគ្គ​ធំ​ណាស់ ព្រោះ​ក្បាច់​ជង្គង់ និង​កណ្តាប់​ដៃ​ល្អ​របស់ ធី វ៉ារិទ្ធ បាន​ធ្វើ​ឱ្យ​រូប​គេ​យក​ឈ្នះ​ដោយ​ពិន្ទុ​យ៉ាង​គ្រាំគ្រា​ខ្លួន ហើយ ថៃ រ៉េត ក៏​សុំ​ឈប់​សម្រាក​មិន​ប្រកួត​មួយ​រយៈ​ផង​ដែរ។

ថៃ រ៉េត បាន​និយាយ​ថា៖ «នៅ​សង្វៀន​ថោន​នេះ ខ្ញុំ​បាន​ឡើង​ប្រកួត​ញឹកញាប់ ហើយ​មិន​ដែល​ចាញ់​ឡើយ គឺ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ នៅ​សង្វៀន​នេះ ខ្ញុំ​ធ្លាប់​ឈ្នះ​ប្រាក់​រង្វាន់​ធំៗ​ចំនួន ៥ លើក ក្នុង​នោះ​ឈ្នះ​ប្រាក់​រង្វាន់​ពី​កម្មវិធី​ម៉ាសហ្វៃ​ចំនួន ៣ លើក និង​ឈ្នះ​ប្រាក់​រង្វាន់​ពី​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ចំនួន ២ លើក ប៉ុន្តែ​ការ​ឈ្នះ​លើក​នេះ ខ្ញុំ​ឈឺ​ខ្លួន ព្រមទាំង​មាន​របួស​ដៃ និង​ឈឺ​ជើង អាច​ថា សុំ​សម្រាក​ប្រកួត​ឱ្យ​បាន​សុខភាព​រឹងមាំ​បន្តិច​សិន ព្រោះ​ប្រកួត​ជាប់ៗ​គ្នា​ពេក»។

ទាក់ទង​ទៅ​នឹង​ចាប់​យក​អាជីព​ប្រដាល់​គុន​ខ្មែរ​នេះ ថៃ រ៉េត បាន​ទម្លាយ​ថា៖ «ខ្ញុំ​ជា​កូន​កសិករ​មាន​បងប្អូន ៤ នាក់ ហើយ​ខ្ញុំ​ជា​កូន​ពៅ ដែល​រក​ប្រាក់​ពី​ប្រដាល់​ជូន​អ្នក​ម្តាយ​បាន​ច្រើន​ជាង​គេ។ ខ្ញុំ​ចាប់​ផ្តើម​វ៉ៃ​ល្បីល្បាញ ក្នុង​ឆ្នាំ ២០២០ ដោយ​ប្រកួត​ឈ្នះ​ជើង​ចាស់​ល្បីៗ​មួយ​ចំនួន​ឱ្យ​សន្លប់ បន្ទាប់​មក​ខ្ញុំ​បាន​ជាប់​ជម្រើសជាតិ ហើយ​នៅ​ឆ្នាំ ២០២១ នេះ មិន​ទាន់​ដឹង​ថា ជាប់​ជម្រើស​ជាតិ​ទៀត ឬ​យ៉ាង​ណា​ទេ។ ខ្ញុំ​មិន​ធ្លាប់​បាន​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ម្តង​ឡើយ ចំណែក​ការ​ដណ្តើម​ប្រាក់​រង្វាន់​ចំនួន ៥ លើក​នេះ ខ្ញុំ​បាន​យក​ថវិកា​នេះ ទៅ​ឱ្យ​ម្តាយ​ខ្ញុំ ដើម្បី​ទ្រទ្រង់​ជីវភាព ព្រោះ​ខ្ញុំ​នៅ​លីវ»។

ចំណែក​លោក ជួប វុត្ថា ជា​ពិធីករ​ប្រដាល់ នៅ​សង្វៀន​ថោន​បាន​និយាយ​ថា៖ «វត្តមាន​ប្រកួត​របស់ ថៃ រ៉េត នៅ​លើ​សង្វៀន​ថោន​នេះ គឺ​ពិត​ជា​មិន​ដែល​ចាញ់​សោះ។ សមត្ថភាព​របស់​គេ​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​នេះ ពិត​ជា​លំបាក​រកដៃ​គូ​ប្រកួត​ណាស់ ហើយ​ខ្ញុំ​ទទួល​បាន​ការ​រិះគន់​ពី​កីឡាករ និង​ក្លិប​មួយ​ចំនួន ដោយ​ពួក​គេ​ភាគ​ច្រើន សុទ្ធតែ​បដិសេធ និង​មិន​ចង់​ឡើង​ប្រកួត​ជាមួយ ថៃ រ៉េត ព្រោះ​ពិតជា​លំបាក​ទប់ទល់ ឬ​គេច​ផុត​ពី​ការ​ចាញ់​ដោយ​សន្លប់​ណាស់ អ៊ីចឹង​បើ​ផ្គូផ្គង​លើក​ក្រោយ ​អាច​រក ឃីម ឌីម៉ា ឬ យ៉េន ឌី​ណា ទើប​អាច​ស័ក្តិសម​គ្នា»៕