ភ្នំពេញ៖ ​វត្តមាន​​របស់​កីឡាករ​វ័យ​ក្មេង ថៃ​ រ៉េត​ មក​ពី​ក្លិប​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស​នៅ​លើ​សង្វៀន​ថោន ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សមត្ថភាព​ និង​បច្ចេកទេស​ជំនាញ​ប្រើ​កណ្តាប់​ដៃ​វ៉ៃ​ចេញ​ដ៏​អស្ចារ្យ ​ក្នុង​ការ​ប្រកួត​លក្ខណៈ​ម៉ារ៉ាតុង​គុន​ខ្មែរ​ទម្ងន់ ​៦៣,៥ គីឡូក្រាម ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក អម​ដោយ​ប្រាក់​រង្វាន់​ចំនួន ​៣,៤ លាន​រៀល។

បើ​ទោះបី​ជា​ការ​ប្រកួត​នេះ មាន ​២ ដំណាក់កាល ហើយ​ត្រូវ​ប្រើ​ពេល​ប្រកួត​សរុប​ចំនួន ​៦ ​ទឹក ស្មើ​នឹង ​១៨ នាទី ប៉ុន្តែ​តាមរយៈ​ការ​ប្រកួត​ជាក់​ស្តែង​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ថៃ រ៉េត បាន​ផ្តួល​រៀមច្បង អ៊ុង កំសត់ នៅ​វគ្គ​ជម្រុះ​ត្រឹម​ទឹក​ទី​១ រួច​បាន​បន្ត​ទៅ​ផ្តួល រិន សារ័ត្ន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ទឹក​ទី​១ ​ដូច​គ្នា គឺ​សម្រាប់​ការ​ប្រកួត​ទាំង ​២ ​លើក​នេះ ថៃ រ៉េត បាន​ប្រើ​ពេល​សរុប​ប្រមាណ ​៥ នាទី ដើម្បី​ផ្តួល​រៀមច្បង​ទាំង ​២ ​នាក់ ​ឱ្យ​សន្លប់។

ភាព​រឹងមាំ​ និង​ក្បាច់​ជង្គង់​របស់ ​រិន ​សារ័ត្ន ​ដែល​មិន​ងាយ​នឹង​សន្លប់​កន្លង​មក​នោះ ​គឺ​មិន​អាច​ទប់​ទល់ ​ឬ​ទ្រាំទ្រ​ការ​វាយ​លុក​ផ្ទួនៗ ​ពី​កីឡាករ ​ថៃ ​រ៉េត ​បាន​នោះ​ឡើយ​គឺ​សូម្បី​តែ​ស្នៀត​ការពារ​ធាក់​ទប់​ដក​ថយ​ ឬ​ដោះ​ខ្លួន​ចេញ​ពី​ការ​វាយ​សន្ធាប់ ​ក៏​គ្មាន​ឱកាស​ឡើយ ​ព្រោះ​ ថៃ រ៉េត បាន​វាយ​សម្រុក​គ្មាន​បង្អង់​នូវ​កណ្តាប់​ដៃ​ឆ្វេង​​ស្តាំ​​របស់​គេ ដោយ​ក្នុង​នោះ សារ័ត្ន ត្រូវ​បាន ថៃ រ៉េត ម៉ាត់​ឱ្យ​រាប់​ចំនួន ២ ដង រួច​ឈាន​ដល់​អាជ្ញាកណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង បន្ទាប់​ពី ថៃ រ៉េត បាន​​ម៉ាត់​​ថែម​ផ្តួនៗ​ជាង ​១០ ​ដៃ បណ្តាល​ឱ្យ​ដួល​ជា​លើក​ទី​៣ ​នោះ។

ថៃ​ រ៉េត​ ដែល​សាង​ឈ្មោះ​ល្បី​លឿន​បំផុត និង​​បាន​ជាប់​ជា​កីឡាករ​​ជម្រើស​ជាតិ​គុន​ខ្មែរ​ផង​នោះ បាន​​និយាយ​ក្រោយ​ការ​​ប្រកួត​ថា​៖ «​ខ្ញុំ​ធ្លាប់​ប្រកួត​នៅ​សង្វៀន​ថោន​​ចំនួន ​៤ ​លើក​មក​ហើយ ​ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​បែប​ម៉ារ៉ាតុង​នេះ​ វា​ជា​លើក​ទី​១ ហើយ​ក៏​ជា​លើក​ដំបូង ​ដែល​ខ្ញុំ​ទទួល​បាន​ប្រាក់​ច្រើន​យ៉ាង​នេះ​ ខណៈ​ការ​ប្រកួត​នេះ ខ្ញុំ​គិត​ថា ​ដៃ​គូ​ខ្ញុំ​រឹងមាំ ​និង​ជា​ជើង​ចាស់​ គឺ​មិន​អាច​ប្រកួត​របៀប​ស្រង់​យក​ពិន្ទុ​តាម​បច្ចេកទេស​ ឬ​ពន្យារពេល​បាន​ទេ ​គឺ​ដាច់​ខាត​ត្រូវ​តែ​វាយ​សម្រុក​គ្មាន​មេត្តា​ ដើម្បី​ឱ្យ​សន្លប់​តែ​ម្តង»​។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្រោយ​ការ​ឈ្នះ​ជើងឯក​នេះ ថៃ រ៉េត បាន​សារភាព​ថា រូប​គេ​បាន​គេច​ផុត​ពី​ការ​ភ័យ​ខ្លាច គឺ​ការ​ជួប លី ភា ដែល​បាន​ចាញ់​ពិន្ទុ រិន សារ័ត្ន នៅ​ក្នុង​វគ្គ​ជម្រុះ។ ថៃ រ៉េត បាន​បញ្ជាក់​ថា៖ ​«ឃើញ​គាត់ ​ចាញ់​នៅ​វគ្គ​ជម្រុះ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ ព្រោះ​បើ​ជួប លី ភា ខ្ញុំ​ដឹង​តែ​យ៉ាប់​ទៀត​ហើយ ព្រោះ​​កាល​ជួប​គ្នា នៅ​លើ​សង្វៀន CTN ​គាត់​ធ្វើ​បាប​ខ្ញុំ​ណាស់ គឺ​គាត់​ក្រឡុក​ខ្ញុំ ដោយ​ចូល​ឡាំ​ជង្គង់ ឡើង​ខ្ញុំ​អស់ និង​ខ្សោះ​កម្លាំង​ពី​ខ្លួន​តែ​ម្តង»។

ចំណែក ​រិន​ សារ័ត្ន ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ​១,៨ ​លាន​រៀល ក្នុង​នាម​ជា​អ្នក​ចាញ់​នោះ​​និយាយ​ថា៖ «ខ្ញុំ​ចាញ់​ដោយ​​អស់​ចិត្ត​ ​ព្រោះ​គេច​មិន​ផុត​ពី​កណ្តាប់​ដៃ​របស់​គេ​ហើយ​ខ្ញុំ​វង្វេង​វង្វាន់​រក​លេង​ក្បាច់​ជង្គង់ ​មិន​ទាន់​ផង ​គឺ​គេ​វាយ​ស្រោច​មក​ចូល​មុខ ​និង​គុម្ព​ត្រចៀក​របស់​ខ្ញុំ មិន​អាច​តប​ត​បាន​សោះ​»។

យ៉ាង​ណា​ក៏​ដោយ​សិស្ស​គណក្លិប​ប្រដាល់​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក រិន ​សារ័ត្ន ​បាន​និយាយ​បន្ថែម​ថា៖​ «ប្រ​សិន​បើ​ខ្ញុំ​បាន​ជួប ថៃ រ៉េត ​លើក​ក្រោយ​ ខ្ញុំ​ដឹង​ពី​ស្នៀត​ការពារ​ គឺ​សង្ឃឹម​ថា​ ​មិន​អាច​ចាញ់ ​ដោយ​សន្លប់​បាន​នោះ​ទេ​ ហើយ​ខ្ញុំ​រំពឹង​​ថា ​អាច​សងសឹក​បាន​វិញ​មិន​ខាន​ ​ព្រោះ​គេ​ល្អ​បាន​តែ​ទឹក​ដំបូង​ប៉ុណ្ណោះ​ អ៊ីចឹង​បើ ការ​ប្រកួត​ឆ្លង​ផុត​ចូល​ទឹក​ទី​៣ ​ទៅ​ គឺ​កម្លាំង​គេ​ថយ​ចុះ​ ខ្ញុំ​អាច​វាយ​ក្បាច់​ជង្គង់​បាន​ល្អ​វិញ​»​៕