ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្មី​មួយ​ឈ្មោះ​ថា «ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ» ត្រូវ​បាន​ក្រសួង​ទេសចរណ៍ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) រដ្ឋបាល​ខេត្ត​ឧត្តរ​មានជ័យ សាលា​ស្រុក​អន្លង់វែង និង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល ឯកសារ​កម្ពុជា រួមគ្នា​បង្កើត​ឲ្យ​មាន​ឡើង​ជា​លើក​ដំបូង​នៅ​កម្ពុជា ដើម្បី ជា​ការ​ចាប់​ផ្តើម​ថ្មី​សម្រាប់​ស្រុក​អន្លង់​វែង ដើម្បី​គាំទ្រ​ដល់​សន្តិភាព សន្តិសុខ និង​វិបុលភាព នៅ​ក្នុង​តំបន់​តស៊ូ​ចុង​ក្រោយ​នៃ​ចលនា​ខ្មែរ​ក្រហម។

ព្រឹត្តិការណ៍​ថ្មី​មួយ​នេះ នឹងត្រូវ​ធ្វើ​នៅ​សារមន្ទីរ​អតីត​ផ្ទះ​តា​ម៉ុក និង​លើ​ភ្នំ​ដងរែក ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ នា​ព្រឹក​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ហើយ​តាម​មន្ត្រី​ជំនាញ​កីឡា​របស់ NOCC បាន​ដឹង​ថា «ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ» បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​អត្ថន័យ​ធំៗ​ចំនួន ៣ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ទីតាំង​សមរភូមិ​មួយ​ដ៏​ខ្មៅ​ងងឹត​មួយ​នេះ ប្រែ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​គួរ​ចាប់​អារម្មណ៍ និង​ក្លាយ​ជាទី​ប្រជុំជន ដែល​គ្មាន​ការ​ភ័យ​ខ្លាច​ដោយ​អតីត​កាល។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «នេះ​ជា​ព្រឹត្តិការណ៍​បែប​ទេសចរណ៍ ដែល​មាន​គោល​បំណង​សំខាន់ ៣ ទី ១ ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចាប់​អារម្មណ៍ តំបន់​ប្រវត្តិសាស្ត្រ ដែល​ជា​តំបន់​បញ្ចប់​សង្គ្រាម​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម ដើម្បី​ដឹង​ពី​អត្ថន័យ​ពិត​នៃ​ការ​រស់​នៅ​របស់​ខ្មែរ​ក្រហម​នៅ​លើ​ភ្នំ​ដង​រែក និង​មូល​ហេតុ​ចម្បង​ដែល​នាំ ឲ្យ​ខ្មែរ​ក្រហម បែក​បាក់​គ្នា និង​ត្រូវ​បាន​ផ្តួល​រំលំ»។

លោក​បាន​បន្តថា៖ «ទី ២ យើង​ចង់​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត​នៃ​សោក​នាដកម្ម​សម័យ​ប៉ុល ពត ហើយ​រំឭក​ឲ្យ​ពួក​គាត់ រួមគ្នា​ការពារ​ទឹកដី សន្តិភាព ចៀស​វាង​អំពើ​អាក្រក់ និង​ប្រល័យ​ពូជ​សាសន៍។ រីឯ​ទី ៣ យើង​ចង់​ឲ្យ​តំបន់​ទល់​ដែន ក្លាយ​ទៅ​ជា​តំបន់​អ៊ូអរ ដើម្បី​ជាការ​លើក​ទឹកចិត្ត​ដល់​អ្នក​រស់​នៅ​ទល់​ដែន អភិវឌ្ឍ​នៅ​ទល់​ដែន និង​ឲ្យ​ពួកគាត់ មើល​ឃើញ​ពី​សក្តានុពល​នៃ​វិស័យ​សេដ្ឋកិច្ច ក៏​ដូចជា​ទេសចរណ៍ និង​វិស័យ​ការពារ​ផ្សេងៗ​ទៀត ជាពិសេស​ធ្វើ​ឲ្យ​បរទេស​ដឹងថា ទីតាំង​ភ្នំ​ដងរែក​ជា​ដែនដី​របស់​ខ្មែរ​គឺ​មិន​មែន​ជា​តំបន់​ស​នោះ​ទេ»។

លោក​វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នេះ គឺមាន​ការ​ប្រកួត ២ ផ្នែក ទី ១ គឺ​រត់​ចម្ងាយ ៣ គីឡូម៉ែត្រ ដោយ​ចេញ​ដំណើរ​នៅ​សារមន្ទីរ​អតីត​ផ្ទះ​តាម៉ុក ឆ្ពោះ​ទៅ​កាន់​រង្វង់​មូល​ផ្សារ​អន្លង់​វែង រួច​ត្រឡប់​មក​អតីត​ផ្ទះ​តាម៉ុក​វិញ ហើយ​មាន​សិស្ស​សាលា​ចូលរួម ៨០០ នាក់ និង​មហាជន​ជាង ២០០ នាក់​ទៀត។

ចំណែក​ទី ២ គឺ​ការដើរ​ឆ្ពោះទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ មាន​ចម្ងាយ​ជាង ៥ គីឡូម៉ែត្រ ដោយ​ចេញ​ដំណើរ​ពី​ច្រក​អន្តរជាតិ​ជាំ នៅ​លើ​ភ្នំ​ដង​រែក ឆ្ពោះ​ទៅ​កាន់​ពយ​តាម៉ុក ដោយ​មាន​អ្នក​ចូលរួម​ជាង ១០០ នាក់ ហើយ​ពេល​ដល់​ទី​តាំង​នោះ និង​ការ​សម្តែង​របាំ​ជំនាន់​ខ្មែរ​ក្រហម ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា។ បន្ថែម​លើ​នេះ ក្រុម​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​រៀបរាប់​ពី​ប្រវត្តិ​ខ្មែរ​ក្រហម និង​មូល​ហេតុ​នៃ​ការ​ដួល​រលំ​នៃ​របប​ដ៏​ឃោរឃៅ ដែល​មាន​អាយុ​កាល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ​មួយ​នេះ​ដើម្បី​ឲ្យ​អ្នក​ចូលរួម និង​ភ្ញៀវទេសចរ​បាន​ដឹង​ផង​ដែរ។

នៅពេល​សួរ​ពី​សុវត្ថិភាព នៅ​តំបន់​អន្លង់វែង លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ថា៖ «ការ​រៀបចំ​របស់​អាជ្ញាធរ​នៅ​ទីនោះ មាន​សន្តិសុខ និង​សុវត្ថិភាព ១០០ ភាគរយ គ្មាន​បញ្ហា​អ្វី​ទាំង​អស់ គឺ​សូម្បី​គ្រាប់​មីន ក៏​ខាង CMAC បាន​ដោះ​រួច​អស់​ហើយ​ដែរ ហើយ​ព្រឹត្តិការណ៍​កីឡា បែប​ទេសចរណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​ជា​តំបន់​ដាច់​ស្រយោល ដែល​ពួកគាត់​មិន​ធ្លាប់​គិត​ថា នឹង​មាន​ព្រឹត្តិការណ៍​កីឡា ឬ​ការ​ប្រគំ​តន្ត្រី​តូច​មួយ ទៅ​លេង ឬ​សម្តែង នៅ​ទី​នោះ​ទេ»៕