ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រសួងទេសចរណ៍ អាជ្ញាធរស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងភាគីពាក់ព័ន្ធមួយចំនួនទៀត បានឯកភាពគ្នាក្នុងការពង្រីកព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្តនៅអន្លង់វែងលើកទី ២ ឆ្នាំ ២០២០ កាន់តែធំ ដោយបានបញ្ជូលឲ្យមានការប្រកួត និងសម្តែង នៅលើប្រភេទកីឡាមួយចំនួនទៀត ហើយពេលវេលានៃការរៀបចំក៏ត្រូវបានបន្ថែមលើសមុនផងដែរ។
សម្រាប់ព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្តលើកទី ១ កាលពីឆ្នាំ ២០១៩ ដែលត្រូវបានធ្វើឡើងនៅអន្លង់វែង ខេត្តឧត្តរមានជ័យដែរនោះ គឺមានត្រឹមការរត់ប្រណាំងកម្សាន្តចម្ងាយ ៤ គីឡូម៉ែត្រ និងការនាំគ្នាដើរពីច្រកជាំសាងាំ ឆ្ពោះទៅកាន់កំពូលភ្នំដងរែក ដែលជាតំបន់តស៊ូចុងក្រោយនៃរបបខ្មែរក្រហម ប៉ុន្តែព្រឹត្តិការណ៍លើកមុននោះ បានធ្វើត្រឹម ១ ព្រឹកប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា សម្រាប់ព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្តលើកទី ២ ឆ្នាំ ២០២០ នេះ គឺបានពង្រីកការប្រកួតកាន់តែធំ ដោយក្នុងនោះ ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នារក្សាឲ្យមានការរត់ប្រណាំងកម្សាន្តនៅដដែល ហើយបានបន្ថែមឲ្យមានការប្រកួតប្រដាល់មិត្តភាពខ្មែរ-ថៃ ជិះកង់កម្សាន្ត ប្រកួតចំបាប់បុរាណខ្មែរ ប្រណាំងទូក សម្តែងល្បុក្កតោ និងមានការរៀបចំឲ្យមានការប្រគំតន្រ្តីផងដែរ ហើយព្រឹត្តិការណ៍នេះ គ្រោងធ្វើចំនួន ៣ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ៧ ដល់ទី ៩ ខែកុម្ភៈ ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្តលើកទី ២ នេះ នៅស្រុកអន្លង់វែង កាលពីថ្ងៃចន្ទ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានថ្លែងថា ដើម្បីបង្កើនការអភិវឌ្ឍបន្ថែមនៅស្រុកអន្លង់វែង ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តឧត្តរមានជ័យ និង NOCC បានសហការគ្នា ដោយមានភាគីថៃចូលរួមផងដែរ គឺយើងនឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅតំបន់តស៊ូចុងក្រោយនៃរបបខ្មែរក្រហមមួយនេះ ឲ្យកាន់តែធំ និងមានការទាក់ទាញកាន់តែខ្លាំង។
លោកបានបន្ថែមថា៖ «សម្រាប់ព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្តលើកទី ១ នៅខេត្តឧត្តរមានជ័យនេះ កាលពីឆ្នាំមុន គឺមានលក្ខណៈតូចចង្អៀត ដែលជាការចាប់ផ្តើមដំបូង ប៉ុន្តែឆ្នាំទី ២ នេះ យើងនឹងធ្វើឲ្យកាន់តែធំ និងមានការទាក់ទាញ ដើម្បីឲ្យមានអ្នកចូលរួមកាន់តែច្រើន ហើយលើកនេះ ការរៀបចំរបស់យើងមានពេលវែងជាងមុន ចំណែកសកម្មភាពប្រកួតកីឡាក៏មានច្រើនជាងមុនដែរ»។
បើតាមការគ្រោងទុក គឺព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្តលើកទី ២ នេះ នឹងមានអ្នករត់ចូលរួមប្រមាណ ១ ៥០០ នាក់ ក្នុងនោះអ្នករត់មកពីប្រទេស ថៃ មាន ៧៥០ នាក់។ ចំណែកការជិះកង់កម្សាន្តចម្ងាយ ១០ គីឡូម៉ែត្រ អាចមានអ្នកចូលរួមចន្លោះពី ៧០០ ទៅ ៨០០ នាក់ ក្នុងនោះអ្នកជិះកង់មកពីថៃប្រមាណ ៣០០ នាក់ដែរ ប៉ុន្តែការប្រកួតចំបាប់បុរាណខ្មែរ ប្រណាំងទូក សម្តែងល្បុក្កតោ នៅមិនទាន់បានកំណត់អ្នកចូលរួមលេងនៅឡើយទេ ចំណែកការប្រកួតប្រដាល់មិត្តភាពខ្មែរ-ថៃ ក៏នៅមិនទាន់បង្ហាញពីសមាសភាពកីឡា ដែលត្រូវចូលរួមប្រកួតនោះដែរ។
លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា៖ «យើងនឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនេះធំជាងឆ្នាំមុន ដោយយើងនឹងអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ជាពិសេសគឺយើងនឹងបញ្រ្ជាបការផ្សព្វផ្សាយទៅតាមស្ថានទូតនានា តាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីទទួលបានការគាំទ្រ និងការចូលរួមផងដែរ»។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្តលើកនេះ យើងនឹងធ្វើចំនួន ៣ ថ្ងៃ ព្រោះព្រឹត្តិការណ៍នេះមានការគាំទ្រ និងចូលរួមកាន់តែច្រើនជាពិសេស យើងចង់ធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពប្លែក និងកាន់តែអស្ចារ្យ។ ជាមួយគ្នានេះ ក្រៅពីការឧបត្ថម្ភគាំទ្រពីក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តឧត្តរមានជ័យ ដែលជាម្ចាស់ផ្ទះយើងក៏ស្វែងរកដៃគូឧបត្ថម្ភគាំទ្របន្ថែម តាមរយៈការរៀបចំទីតាំងលក់ដូផលិតផលការរៀបចំសិល្បៈកម្សាន្តជាដើម ហើយនៅថ្ងៃចុងក្រោយ យើងនឹងមានការបាញ់កាំជ្រួច ដើម្បីអបអរទិវានេះឲ្យកាន់តែមានភាពគគ្រឹកគគ្រេងផងដែរ»។
បន្ថែមលើនេះ លោក វ៉ាត់ ចំរើន បានអះអាងថា តាមគោលដៅរបស់គណៈកម្មការ នឹងពង្រីកព្រឹត្តិការណ៍នេះឲ្យកាន់តែធំឡើងបន្ថែមទៀត នាឆ្នាំបន្តបន្ទាប់ ដោយគ្រោងនឹងពង្រីកវិញ្ញាសា ថ្មើរជើងប្រវត្តិសាស្រ្តនេះពី ៤ គីឡូម៉ែត្រ ទៅ ១០ គីឡូម៉ែត្រ ឬពាក់កណ្តាលម៉ារ៉ាតុង ២១ គីឡូម៉ែត្រ ហើយនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យនេះ ក៏មានតំបន់ទាក់ទាញជាច្រើន ដែលអាចរៀបចំទិវារត់ចម្ងាយឆ្ងាយ ១២៨ គីឡូម៉ែត្រ (Ultra Trail) ជាលក្ខណៈផ្សងព្រេងពីខាងក្រោមមកដល់លើកំពូលភ្នំដងរែកផងដែរ៕