ប៉ារីស៖ នឹង​គ្មាន​ចំណាត់​ការ​អ្វី​ទាំង​អស់​ចំពោះ​ខ្សែ​ប្រយុទ្ធ Neymar របស់​ក្រុម Paris Saint-Germain (PSG) ឬ​​ខ្សែ​ការពារ Alvaro Gonzalez របស់​ក្រុម Olympique de Marseille (Marseille) ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ពាក្យ​រើសអើង​ជាតិ​សាសន៍ អំឡុង​ការ​ប្រកួត​ក្របខ័ណ្ឌ Ligue 1 នា​ពេល​កន្លង​មក​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្មការ​វិន័យ​​លីក​អាជីព​បារាំង​​ (LFP) នៅ​ថ្ងៃ​ពុធ​។

កីឡាករ​ទាំង ២ ប្រឈម​ជាមួយ​នឹង​​ការ​ពិន័យ​រហូត​ដល់​ទៅ ១០ ​ប្រកួត ពាក់ព័ន្ធ​នឹង​ពាក្យ​សម្តី​នោះ ដែល​បាន​និយាយ​នៅ​ឯ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ដែល​ក្រុម Marseille ឈ្នះ ១-០ លើ​ក្រុម PSG​។

គណៈកម្មការ​បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ថា​៖ «​ក្រោយ​​ពិនិត្យ​វីដេអូ​ឯកសារ​ ដែល​មាន​ចូលរួម​ពី​កីឡាករ និង​តំណាង​នៃ​ក្លិប​ គណៈ​កម្មការ​បាន​កត់​សម្គាល់​ថា អត់​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ដែល​បង្ហាញ​ពី​ការ​ប្រើ​សម្តី​រើសអើង​ពូជសាសន៍​ដោយ​​ Gonzalez ចំពោះ Neymar ឬ​ដោយ Neymar ចំពោះ Gonzalez ឡើយ​»​។

កីឡាករ​អន្តរជាតិ​ប្រេស៊ីល Neymar ​និយាយ​ថា រូប​គេ​ត្រូវ​បាន​ប្រើ​ពាក្យ​សម្តី​ប្រកាន់​ពូជសាសន៍​ អំឡុង​ការ​ប្រកួត​កាល​ពី​ថ្ងៃទី ​១៣ ខែ​កញ្ញា ហើយ PSG ស្នើ​សុំ​ឱ្យ​​ LFP ស៊ើប​អង្កេត​ករណី​នេះ​។ Neymar ក៏​ស្ថិត​ក្រោម​ការ​អង្កេត​​ដែរ ពី​ការ​ចោទ​ប្រកាន់​ថា បាន​និយាយ​ពាក្យ​ស្រឡាញ់​ភេទ​ដូច​គ្នា​ចំពោះ Gonzalez​។

ជម្លោះ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត ហើយ​កីឡាករ​ ៥ ​រូប​របស់​ក្រុម​ទាំង ២ ត្រូវ​បាន​ផ្ដល់​កាត​ក្រហម​ក្នុង​នោះ​ក៏​មាន Neymar ផង​ដែរ ដោយសារ​បាន​វាយ​ក្បាល​របស់ Gonzalez​ ពី​ក្រោយ​។​​

ក្រោយ​មាន​សេចក្ដី​ប្រកាស​នេះ ក្រុម​ Marseille សរសេរ​អបអរ​តាមរយៈ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ថា​៖ «​Olympique de Marseille រីករាយ​ជាមួយ​នឹង​ការ​សម្រេច​របស់​គណៈកម្មការ​នៅ​យប់​នេះ ចំពោះ​ករណី​របស់ Alvaro Gonzalez​។ Gonzalez​ មិនមែន​ជា​ជន​ប្រកាន់​ពូជ​សាសន៍​ឡើយ​។ រាល់​ការ​ចោទ​ប្រកាន់​ណា​មួយ​ចំពោះ​រូប​គេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​បែប​នេះ គឺ​អយុត្តិធម៌ និង​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ឡើយ​។ ក្រុម Olympique de Marseille គឺ​ជា​ក្លិប​ហើយ​នឹង​នៅ​តែ​ជា​ក្លិប​ ១ ដែល​ប្រឆាំង​ដាច់​ខាត​នឹង​ការ​និយាយ​រើស​អើង​ពណ៌​សម្បុរ​»​៕ AFP/VN ​