ភ្នំពេញ៖ ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍ គ្រោងរៀបចំដូចរាល់ឆ្នាំនៅក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាសិទ្ធិនារី អន្តរជាតិ ៨ មីនា ឆ្នាំ ២០២១ នេះ ត្រូវបានប្រកាសឱ្យផ្អាកសិន ដោយរង់ចាំសេចក្តីជូនដំណឹងជាថ្មីពីស្ថាប័នជំនាញ និងរាជរដ្ឋាភិបាល ជុំវិញការផ្ទះឡើងជាថ្មីនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ជាមួយគ្នានេះ ព្រឹត្តិការណ៍មួយចំនួនទៀត មានដូចជាការប្រកួតកីឡាបាល់ទាត់ ការប្រកួតកីឡាហុកគី និងកិច្ចប្រជុំមួយចំនួន រួមទាំងសកម្មភាពលេងកីឡាជាលក្ខណៈប្រមូលផ្តុំ មានអ្នកចូលរួមច្រើននោះ ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដែលធ្វើទៅតាមលិខិតប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា ដោយតម្រូវឱ្យផ្អាកអាជីវកម្មក្លិបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬហាត់ប្រាណគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងនៅក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងថា៖ «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ ស្នើដល់កីឡាករ កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រ ទាំងអស់មានការយោគយល់ និងចូលរួមអនុវត្តតាមសភាពការណ៍ជាក់ស្តែង នៃមូលហេតុផ្អាកជាបណ្តោះអាសន្ន ដោយបញ្ហាកូវីដ ១៩ ផ្ទុះជាថ្មី ជាលក្ខណៈសហគមន៍នេះ ខណៈទិវារត់ប្រណាំងស្ត្រី ៨ មីនា នេះ មានមហាជនចូលរួមច្រើនជាងគេ អ៊ីចឹងយើងត្រូវពន្យាពេល និងផ្អាកសិន ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់កីឡាករកីឡាការិនីទាំងអស់ និងអនុវត្ត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ»។
ជាមួយគ្នានេះ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) ក៏បានផ្អាកដំណើរការជាបណ្តោះអាសន្ននូវការប្រកួតជម្រើសជើងឯកលីគនារី ឆ្នាំ ២០២១ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យនៅពហុកីឡដ្ឋានជាតិអូឡាំពិក ព្រមទាំងផ្អាកការប្រកួតជម្រើសជើងឯកយុវជន អាយុក្រោម ១៥ ឆ្នាំ និងជម្រើសជើងឯកយុវជនអាយុក្រោម ១៨ ឆ្នាំ រហូតដល់មានការជូនដំណឹងជាថ្មីផងដេរ។
បន្ថែមលើនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានផ្អាកមិនឱ្យមានទស្សនិកជនចូលរួមទស្សនាដោយផ្ទាល់ នៅកីឡដ្ឋានក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ខេត្ត) ដែលកំពុងដំណើរការ និងការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ ២០២១ ដែលគ្រោងនឹងប្រកួតនៅថ្ងៃទី ៦ ខែមីនា ចុងសប្តាហ៍នេះ ហើយ FFC ក៏បានប្រកាសពន្យារពេលនៃសិក្ខាសាលាស្តីពី «វគ្គបណ្តុះបណ្តាលមន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍ប្រកួត» ជាបណ្តោះអាសន្នផងដែរ។
ទន្ទឹមនឹងនេះ ការប្រកួតកីឡាហុកគីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ ដែលសហព័ន្ធកីឡាហុកគីកម្ពុជាបានគ្រោងរៀបចំជាថ្មីនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃអាទិត្យម្សិលមិញ ក៏ត្រូវបានផ្អាកផងដែរ ហើយ NOCC ដែលគ្រោងធ្វើមហាសន្និបាតរបស់ខ្លួន ក៏ត្រូវបានផ្អាក និងលើកពេល ចំណែកកម្មវិធីរបស់ CAMSOC ផ្សេងទៀត សុទ្ធតែត្រូវផ្អាក និងពន្យារពេលសិនដូចគ្នា៕