The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីផ្សារ​ដោះដូរ​កីឡាករ កំពុង​ជាប់​គាំង​ដោយសារ​វីរុស​កូរ៉ូណា

ទីផ្សារ​ដោះដូរ​កីឡាករ កំពុង​ជាប់​គាំង​ដោយសារ​វីរុស​កូរ៉ូណា

Content image - Phnom Penh Post
កីឡាករខ្សែ​បម្រើ Paul Pogba ក្នុងឯកសណ្ឋាន​ក្រុមជម្រើសជាតិបារាំង។ រូប AFP

ទីផ្សារ​ដោះដូរ​កីឡាករ កំពុង​ជាប់​គាំង​ដោយសារ​វីរុស​កូរ៉ូណា

ក្រុង​ប៉ារីស៖ ​ទីផ្សារ​​ដោះដូរ​កីឡាករ​​​បាល់ទាត់​បាន​ស្ងប់​ស្ងាត់​ ខណៈ​វិស័យ​មួយ​នេះ​បាន​នឹង​កំពុង​​ជាប់​គាំង ដោយសារ​ការ​រាត​ត្បាត​របស់​វីរុស​កូរ៉ូណា ហើយ​សូម្បី​តែ​ពាក្យ​ចចាម​អារ៉ាម​ ​ដែល​ពាក់ព័ន្ធ​នឹង​ខ្សែ​ប្រយុទ្ធ​ឆ្នើម Neymar និង​ខ្សែ​បម្រើ Paul Pogba ដែល​ត្រូវ​គ្រប់​គ្នា​និយាយ​ថា​ នឹង​ផ្លាស់​ទៅ​ក្រុម​នេះ ក្រុម​នោះ​ក៏​ពេល​នេះ​ គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ឡើយ​។​

កុំ​ថា​ឡើយ​រឿង​ទិញ​ដូរ​កីឡាករ សូម្បី​តែ​ពេល​វេលា​នៃ​រដូវកាល​ថ្មី​ អាច​ចាប់​ផ្ដើម​ពេល​ណា​ក៏​​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដឹង​ឡើយ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នោះ គឺ​ការ​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ ​ទៅ​លើ​ក្លិប​ទាំង​នោះ ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់។ ​

តាម​ការ​សិក្សា​របស់ KPMG ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​គណនេយ្យ​ធំ​​បំផុត​របស់​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា​ ការ​លុប​ចោល​ការ​ប្រកួត​បាល់​ទាត់​សម្រាប់​រដូវ​កាល​ដែល​នៅ​សេស​សល់ នឹង​ធ្វើ​ឲ្យ​លីក​កំពូល​ទាំង ​៥ ​របស់​ទ្វីប​អឺរុប នឹង​ខាត​បង់​ចំណូល​ ក្នុង​រង្វង់​ទឹក​ប្រាក់​ដល់​ទៅ ៤ ​ពាន់​លាន​អឺរ៉ូ (៤,៣៣ ពាន់​លាន​ដុល្លារ​)​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​ដោះដូរ​កីឡាករ​ដ៏​ល្បីល្បាញ ​១ ​រូប គឺ​លោក Mino Raiola ដែល​កីឡាករ​ស្ថិត​ក្រោម​ការ​មើល​​ខុស​ត្រូវ​របស់​លោក មាន​ដូចជា Pogba និង Braut Haaland ជា​ដើម​នោះ បាន​ប្រាប់​ Marca ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អេស្ប៉ាញ​ថា​៖ ​«​ខ្ញុំ​​សង្ឃឹម​ថា​ អ្វីៗ​នឹង​ប្រសើរ​ឡើង​វិញ​ ហើយ​ថ្ងៃ​ណា​មួយ​ ខ្ញុំ​នឹង​នាំ​កីឡាករ​យ៉ាង​ច្រើន​ទៅ​លេង​នៅ Real Madrid ​ជា​ពិសេស​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បាន​នៅ​រដូវ​ក្ដៅ​នេះ​តែ​ម្ដង​»​។ ​​​​

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធឆ្នើម Neymar និង Mbappe ដែលលេងនៅ PSG ជាមួយគ្នា។ រូបថត AFP

ចំណែក​ឯ​ភ្នាក់ងារ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ Gareth Bale គឺ​លោក Jonathan Barnett បាន​និយាយ​ថា​៖​ «​ពេល​នេះ​ ​​គ្មាន​អ្នក​ណា​ម្នាក់​ចង់​និយាយ​ពី​រឿង​នេះ​ឡើយ ព្រោះ​បញ្ហា​អាទិភាព​ឥឡូវ​នេះ គឺ​ត្រូវ​ប្រាកដ​ថា​ គ្រប់​គ្នា​មាន​សុវត្ថិភាព។ យើង​គ្រប់​គ្នា​កំពុង​មាន​បញ្ហា​ដូច​គ្នា គឺ​ភាព​មិន​ប្រាកដប្រជា ដូច្នេះ​យើង​មិន​គួរ​និយាយ​អំពី​ការ​ទិញ​ដូរ​អ្វី​ទាំង​អស់ ព្រោះ​យើង​មិន​ដឹង​ថា​បញ្ហា​ប្រឈម​នេះ​នឹង​បន្ត​មាន​យូរ​ប៉ុនណា​ឡើយ​​​»​។​ ​

ពាក់ព័ន្ធ​នឹង​ការ​នៅ​ទ្រឹង​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ​ដែរ​ លោក Oleg Petrov អនុ​ប្រធាន​ក្លិប Monaco ដែល​ធ្លាប់​កើប​លុយ​មហាសាល​ពី​ការ​លក់​ Kylian Mbappe ឲ្យ​ទៅ​ក្រុម​រួម​លីក​ Paris Saint-Germain ក្នុង​ឆ្នាំ ​២០១៨ បាន​និយាយ​ថា​៖ ​«​ដោយសារ​ស្ថានភាព​ជា​សកល ក្លិប​របស់​យើង​គ្មាន​បំណង​ចំណាយ​លុយ​ច្រើន​ទិញ​កីឡាករ​មក​រួម​ក្រុម​ឡើយ​»​។​ ​

កីឡាករ​ជា​ច្រើន​នាក់​នឹង​ក្លាយ​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន ចាប់​ពី​ថ្ងៃទី ​១ ខែ​កក្កដា ត​ទៅ​ បើទោះ​ជា​រដូវកាល​នេះ​មិន​បាន​បញ្ចប់​ទាំង​ស្រុង​ក៏​ដោយ ក្នុង​នោះ​មាន​ដូចជា​​កីឡាករ​ David Silva របស់​ក្រុម Manchester City, កីឡាករ Willian ដែល​លេង​ឲ្យ​ក្លិប Chelsea ព្រម​ទាំង​កីឡាករ ២ ​រូប ​របស់​ក្លិប​​​ Paris Saint-Germain គឺ​កីឡាករ Thiago Silva និង Edinson Cavani ជា​ដើម។

ទោះបី​ជា​យ៉ាង​ណា ​សហព័ន្ធ​បាល់ទាត់​ពិភព​លោក ដែល​ហៅ​កាត់​ថា FIFA នាពេល​បច្ចុប្បន្ន​នេះ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ ដែល​អាច​ជួយ​កែ​តម្រូវ​​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ដូរ​កីឡាករ​នេះ ហើយ​គោល​បំណង​ដែល​បង្កើត​ក្រុម​នេះ​ឡើង​គឺ ​ដើម្បី​ជួយ​ការពារ​រាល់​កិច្ច​សន្យា​នានា ទាំង​សម្រាប់​ខាង​កីឡាករ និង​ក្លិប​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍