The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ទ័ព​លេចធ្លោ​ខ្លាំង ក្នុង​ការប្រកួត​ប៉េតង់

ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ទ័ព​លេចធ្លោ​ខ្លាំង ក្នុង​ការប្រកួត​ប៉េតង់

Content image - Phnom Penh Post
ក្រុម​អត្តពលិក​ដែល​ដណ្តើម​បាន​មេដាយ និង​ពាន ថតរូប​រួមគ្នា​ជាមួយ​ថ្នាក់ដឹកនាំ និង​អ្នក​ឧបត្ថម្ភ​។ ឈន ណន

ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ទ័ព​លេចធ្លោ​ខ្លាំង ក្នុង​ការប្រកួត​ប៉េតង់

ភ្នំពេញៈ កីឡាករ កីឡាការិនី​ប៉េតង់​របស់​ក្លិប​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ក្លិប​ក្រសួងការពារជាតិ (​ទ័ព​) បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពលេចធ្លោ​ខ្លាំង​ជាងគេ នៅក្នុង​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ ២០១៩ ខណៈ​ក្លិប​ទាំង​ ២ ដណ្តើម​បាន​ពាន​លេខ​ ១ ​ចំនួន​ ២ ​ដូចគ្នា​ក្នុង​ចំណោម​ពាន​លេខ​ ១ ទាំង​ ៥ ​វិញ្ញាសា​នោះ​។

បើ​ទោះបី​ជា​ការប្រកួត​នេះ មាន​អត្តពលិក​ចូលរួម​ប្រកួតប្រជែង​រហូត​ដល់​ ៣២៧ ​នាក់​ (​នារី​ ៦៣ ​នាក់​) ប៉ុន្តែ​ក្រុម​អត្តពលិក​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដណ្តើម​បាន​លេខ​ ១ ក្នុងការ​ប្រកួត​ ៣ ​នាក់ ទល់​ ៣ ​នាក់​នារី បន្ទាប់ពី​គេ​បាន​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​ប៉ៃលិន​ជាមួយ​ពិន្ទុ ១៣-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ ហើយ​លេខ​ ៣ ក៏​បាន​ទៅលើ​ក្រុម​នារី​របស់​ទីស្នាក់ការ គណៈរដ្ឋមន្ត្រី​ដែរ​។

បន្ថែម​ទៅលើ​នេះ​ក្រុម​យុវជន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក៏​បាន​រកឃើញ​ជ័យជម្នះ​ដ៏គួរ​ភ្ញាក់ផ្អើល​ក្នុង​ការប្រកួត​ ៣ ​នាក់​ទល់​ ៣ ​នាក់​ផងដែរ ក្រោយ​ពួកគេ​បាន​រួម​គ្នា​យកឈ្នះ​ក្រុម​ក្រសួង​មហាផ្ទៃ ១៣-៩ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរនោះ ចំណែក​លេខ​ ៣ បាន​ទៅលើ​ក្រុម​ខេត្តកំពត​។

ដោយឡែក​ក្រុម​ក្រសួង​ការពារជាតិ​បាន​យកឈ្នះ​ក្រុម​ក្រសួង​មហាផ្ទៃ​ជាមួយ​លទ្ធផល ១៣-៦ យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​ ៣ ​នាក់​ទល់​ ៣ ​នាក់ ក្របខ័ណ្ឌ​ក​ ១ ខណៈ​លេខ​ ៣ បាន​ទៅ​ក្រុម​យោធ​ភូមិភាគ​ពិសេស​។

បន្ថែម​លើ​នេះ​កីឡាការិនី ភៀត ផារីតា របស់​ក្រសួង​ការពារជាតិ​បាន​យកឈ្នះ​កីឡាការិនី អាយ គឹមឆាយ របស់​មជ្ឈមណ្ឌល​ ខ.ភ.ម ដើម្បី​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​ ១ ​នាក់​ទល់​ ១ ​នាក់​យុវនារី​។ ចំណែក​ការប្រកួត​ ៣ ​នាក់​ទល់​ ៣ ​នាក់​ក​ ២ លេខ​ ១ ​បាន​ទៅ​ក្លិប​ទួលស្វាយព្រៃ លេខ​ ២ ​ក្លិប​ភូមិភាគ​ទី​ ៥ និង​លេខ​ ៣ ក្លិប​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ព្រម​ទាំង​ថ្នាក់ដឹកនាំ​កីឡា​ជាច្រើន​រូប​ទៀត​បាន​បង្ហាញ​ភាពភ្ញាក់ផ្អើល​ទៅលើ​ការប្រកួត​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​ ៣ ​នាក់​ទល់​ ៣ ​នាក់​នៃ​ក្របខ័ណ្ឌ​នារី យុវជន និង​បុរស​ក​ ១ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​កាលពី​ថ្ងៃអាទិត្យ​នោះ ព្រោះ​ពួកគេ​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ និង​ចំណាយពេល​ប្រកួត​ជិត​ ២ ​ម៉ោង​ទើប​រកឃើញ​អ្នកឈ្នះ ចាញ់​ឃើញ​។

លោក ស សុខា ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​នោះបាន​ថ្លែង​ថា​៖ «​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​ ២០១៩ ​នេះ មាន​ការ​ចូលរួម​យ៉ាង​ផុសផុល​ពី​សំណាក់​ក្លិប​ទាំង​ ៣៧ គឺ​ច្រើនជាង​ឆ្នាំ​ ២០១៨ ដែល​មាន​តែ​ ២១ ​ក្លិប​។ តាម​ស្ថិតិ​នេះ​បាន​បង្ហាញថា កីឡា​ប៊ូល និង​ប៉េតង់​នៅ​កម្ពុជា​មាន​ការរីកចម្រើន​សុសសាយ​ទូទាំង​ប្រទេស​កម្ពុជា ទាំង​នៅ​សាលារៀន ភូមិ និង​ស្រុក​ជាដើម ហើយ​ការប្រកួត​ ៣ ​ថ្ងៃ​កន្លង​មក​នេះ​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ​»៕

អត្ថបទគួរចាប់អារម្មណ៍