ភ្នំពេញ៖ ​វត្ត​សន្ធរ ស្ថិត​នៅ​ភូមិ​សន្ធរ ឃុំ​សន្ធរ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ដែល​មាន​ចម្ងាយ​ឆ្ងាយ​ជាង​វត្តវិហារសួគ៌​​ជិត ​៥ គីឡូម៉ែត្រ​នោះ គឺ​ជា​ទីតាំង​ ដែល​មាន​ការ​​​​រៀបចំ​ការ​​ប្រណាំង​ក្របី ​​ធំ​ជាង​​នៅ​វិហារសួគ៌​ទៅ​ទៀត ហើយ​តាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ប្រពៃណី នៅ​ទី​នោះ​បាន​ប្រាប់​ថា ភ្ញុំ​បិណ្ឌ​ធំ ថ្ងៃ​សៅរ៍ ទី ​២៨ ខែ ​កញ្ញា ឆ្នាំ​នេះ ចំនួន​ក្របី​អាច​កើន​ឡើង​ដល់​ជាង ​៣០ ​គូ។ ចំណែក​ការ​ប្រណាំង​សេះ និង​ប្រកួត​ចំបាប់​បុរាណ ក៏​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នៅ​ទី​នោះ​ផង​ដែរ។

បើ​ទោះបី​ជា​ការ​ប្រកួត​កីឡា​ប្រពៃណី​នៅ​សន្ធរ ហាក់​មិន​សូវ​មាន​ភាព​ល្បីល្បាញ ដូច​ការ​ប្រកួត​កីឡា​ប្រពៃណី​នៅ​វិហារសួគ៌ ប៉ុន្តែ​លោក ស៊ឹម សេស ​បាន​អះអាង​ថា ការ​ប្រកួត​កីឡា​ប្រពៃណី​នៅ​សន្ធរ គឺ​មាន​ទ្រង់ទ្រាយ​ធំ​ប្រហាក់​ប្រហែល​នៅ​វិហារសួគ៌ ​ហើយ​ក៏​មាន​អាយុ​កាល យូរ​ឆ្នាំ​ដូច​គ្នា​ គ្រាន់​តែ​នៅ​សន្ធរ មិន​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​​​​​​ដូច​នៅ​វិហារសួគ៌។

លោក ស៊ឹម សេស ដែល​ជា​គណៈកម្មការ​មួយ​រូប ក្នុង​ការ​ប្រកួត​កីឡា​ប្រពៃណី​នៅ​សន្ធរ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ​ថា៖​ «ការ​​ប្រណាំង​ក្របី សេះ និង​ការ​ប្រកួត​ចំបាប់​បុរាណ​នៅ​សន្ធរ​នេះ គឺ​​ជា​ការ​រួម​គ្នា​ធ្វើ ដោយ​ការ​ស្ម័គ្រ​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ មេភូមិ មេឃុំ មេប៉ុស្តិ៍ និង​ព្រះចៅ​អធិការ​វត្ត​សន្ធរ ហើយ​ការ​ប្រកួត​កីឡា​ប្រពៃណី​នេះ មាន​អាយុកាល​យូរលង់​ណាស់​មក​ហើយ ដោយ​យើង​បាន​នាំគ្នា​ធ្វើ​បន្ត​ពី​​ជីដូនជីតា​របស់​យើង ហើយ​ទំហំ​នៃ​ការ​រៀបចំ និង​ចំនួន​អ្នក​ចូលរួម​ទស្សនា គឺ​ប្រហាក់​ប្រហែល​នៅ​វិហារសួរ​ដែរ គ្រាន់​តែ​ថា នៅ​វិហារសួគ៌​មាន​ការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ ជាង​នៅ​សន្ធរ​របស់​យើង»។

តាម​លោក ស៊ឹម សេស ​បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ការ​ប្រកួត​កីឡា​ប្រពៃណី​នៅ​សន្ធរ កាល​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ កាល​ពី​ឆ្នាំ ​២០១៨ គឺ​មាន​ការ​ប្រណាំង​ក្របី​ជិត ៣០ ​គូ ប្រណាំង​សេះ​ជិត ៣០ ​គូ និង​មាន​ការ​ប្រកួត​ចំបាប់​បុរាណ​ជិត ​៤០ ​គូ ហើយ​ចំនួន​នេះ​ គឺ​ច្រើន​ជាង​ការ​ប្រណាំង​ក្របី និង​សេះ នៅ​វិហារសួគ៌ ដែល​មាន​ក្របី​ត្រឹម ​១៩ ​គូ សេះ​ចំនួន ​២៥ ​គូ ខណៈ​ចំនួន​ក្របី នៅ​វិហារសួគ៌ ឆ្នាំ​នេះ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​តែ​នៅ​សន្ធរ អាច​កើន​ឡើង​ជាង​ឆ្នាំ​មុន។

លោក ស៊ឹម សេស បាន​បញ្ជាក់​ថា៖ ​«​សម្រាប់​ការ​ប្រណាំង​ក្របី សេះ និង​ប្រកួត​ចំបាប់​បុរាណ ថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ​ឆ្នាំ​នេះ យើង​នៅ​មិន​ទាន់​ដឹង​ចំនួន​ច្បាស់​នៅ​ឡើយ​ទេ គឺ​ដល់​ថ្ងៃ​នោះ ទើប​ដឹង​ច្បាស់ ព្រោះ​ទាំង​ចំនួន​ក្របី សេះ និង​អ្នក​ចំបាប់ សុទ្ធ​តែ​បាន​ចូលរួម​ដោយ​ការ​ស្ម័គ្រ​ចិត្ត ប៉ុន្តែ​ខ្ញុំ​ជឿថា នឹង​កើន​ជាង​ឆ្នាំ​មុន ពិសេស​ចំនួន​ក្របី ព្រោះ​នៅ​ទីនេះ​ប្រជាពលរដ្ឋ​របស់​យើង នៅ​តែ​បន្ត​ចិញ្ចឹម​ក្របី​ទុក​មើល ដោយសារ​ពួក​គាត់​ស្រឡាញ់ និង​ទុកវា ​សម្រាប់​យក​ប្រណាំង​គ្នា​នៅ​​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ​នេះ គឺ​យើង​នាំ​គ្នា​ថែ​រក្សា មិន​ចង់​ឲ្យ​កីឡា​ប្រពៃណី​របស់​ដូនតា​នេះ បាត់បង់​នោះ​ទេ»។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​កីឡា​ប្រពៃណី ដែល​ធ្លាប់​ធ្វើ​នៅ​ក្នុង​បរិវេណ​វត្ត​សន្ធរ កន្លង​មក​នេះ គឺ​នៅ​ឆ្នាំ​នេះ នឹង​យក​មក​ធ្វើ​នៅ​ក្នុង​សាលា​ទួល​បាសាន ជិត​វត្ត​សន្ធរ​វិញ​ម្តង ដោយសារ​ទី​ធ្លា​នៅ​ក្នុង​វត្ត​សន្ធរ ពេល​នេះ​ត្រូវ​បាន​ព្រះចៅធិការ​វត្ត ដាំ​ដូង និងដើម​ឈើ​ទៅ​ហើយ។

តាម​លោក ស៊ឹម សេស បាន​ឲ្យ​ដឹង​ថា ការ​ប្រណាំង​ក្របី និង​សេះ នឹង​ធ្វើ​ចន្លោះ​ពី​ម៉ោង ​៦ ដល់​ម៉ោង ​៧ ​ព្រឹក នា​ថ្ងៃទី ​២៨ ខែ​កញ្ញ ហើយ​​ពី​ម៉ោង ៩ ដល់​ម៉ោង ​១២ ជា​ការ​ប្រកួត​ចំបាប់​បុរាណ។

ចំណែក​លោក ចាប លឿន គ្រូ​បង្វឹក​ថ្នាល​ក្រុម​ជម្រើស​ជាតិ​ចំបាប់​កម្ពុជា និង​ជា​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ប្រពៃណី ១ រូប នៅ​វិហាសួគ៌ បាន​ទទួល​ស្គាល់​ថា៖ ​«ក្របី ដែល​យក​ទៅ​ប្រណាំង​នៅ​សន្ធរ ពិត​ជា​មាន​ចំនួន​ច្រើន​ជាង​នៅ​វិហារសួគ៌ ដោយសារ​តែ​​អ្នក​ភូមិ​នៅ​ទី​នោះ មាន​ការ​ចិញ្ចឹម​ក្របី​ច្រើន​ជាង​អ្នក​ភូមិ​នៅ​វិហារសួគ៌»។

ជាមួយ​គ្នា​នេះ លោក ចាប លឿន ក៏​គ្រោង​នឹង​ទៅ​ពិនិត្យ​មើល​អ្នក​ចំបាប់​វ័យ​ក្មេង មាន​ទេពកោសល្យ​នៅ​សន្ធរ ផង​ដែរ។

លោក​បាន​ប្រាប់​ថា៖ ​«​នៅ​ឆ្នាំ​នេះ ខ្ញុំ​នឹង​ឆ្លៀត​នាំ​ក្មេងៗ​មួយ​ក្រុម ទៅ​មើល​ការ​​ប្រកួត​កីឡា​នៅ​សន្ធរ ថា​តើ​មាន​ការ​ផុសផុល​បែប​ណា​ដែរ? ពិសេស​ខ្ញុំ​ចង់​មើល​ទៅ​លើ​ក្មេងៗ ដែល​បាន​ចូលរួម​ប្រកួត​ចំបាប់​នៅ​ទី​នោះ ក្រែង​លោ​ឃើញ​អ្នក​មាន​ទេពកោសល្យ​ល្អ និង​មាន​កាយសម្បទា​ល្អ ដែល​យើង​អាច​យក​មក​បណ្តុះបណ្តាល​ក្នុង​ក្រុម​ថ្នាល​របស់​យើង​បាន»៕