ភ្នំពេញៈ សហព័ន្ធ​កីឡា​ទូក​កានូ និង​រ៉ូអ៊ីង​កម្ពុជា​បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​ ៣ និង​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ជា​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ទី​ ៤ សម្រាប់​ឆ្នាំ​ ២០១៩ ដល់​ ២០២៣ ខណៈ​សមាសភាព​ទាំង​ ៣៣ ​រូប​ភាគច្រើន​ជា​មន្ត្រី​ជាន់ខ្ពស់​មាន​តំណែង​ធំៗ​ក្នុង​រាជរដ្ឋាភិបាល ព្រម​ទាំង​ជា​អភិបាលខេត្ត និង​រាជធានី​ភ្នំពេញ​ ២៥ ​នាក់​ដែរ​។

នៅក្នុង​មហាសន្និបាត​ដែល​ធ្វើ​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃ​អង្គារ​ក្រោម​អធិបតីភាព​លោក​នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការ​កងទ័ព​ជើងទឹក និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ទូក​កានូ និង​រ៉ូអ៊ីង​កម្ពុជា​នោះ មាន​សមាជិក​ចំនួន​ ៣៣ ​នាក់​ទទួល​បាន​ការគាំទ្រ​តាមរយៈ​ការបោះឆ្នោត​ក្នុង​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ត្រូវ​បាន​បន្ត​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លោក ទៀ វិញ លោក​ម៉ៅ ភិរុណ និង​លោក ប៉ាន សូរស័ក្តិ ជា​អនុប្រធាន ឯ​លោក មាស សារិន ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង ជា ប៊ុនហេង ជា​អគ្គលេខាធិការ និង​កញ្ញា មាស តឿ ជា​អគ្គហេរញ្ញិក​។

បន្ថែម​លើស​ពី​នេះ​មាន​សមាជិក​ប្រតិបត្តិ​បន្ថែម​ទៀត​គឺជា​អភិបាលខេត្ត​ចំនួន​ ២៣ ​ទៀត​គឺ​មាន​ខេត្ត​កំពង់ចាម កែប កំពង់ធំ រតនគិរី សៀមរាប កំពង់ស្ពឺ ក្រចេះ ឧត្តរមានជ័យ បាត់ដំបង ព្រៃវែង មណ្ឌលគិរី ត្បួងឃ្មុំ ព្រះសីហនុ ស្វាយរៀង កំពង់ឆ្នាំង តាកែវ កំពត កោះកុង បន្ទាយមានជ័យ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ហើយ​នៅ​មាន​អនុប្រធាន និង​សមាជិក​កិត្តិយស​ ៦ ​នាក់​ទៀត​ដែល​គណៈកម្មាធិការ​ប្រតិបតិ្ត​សម្រេច​ជូន​លោក នូ សាខន និង ឡុច សារិន ជា​អនុប្រធាន​កិត្តិយស រីឯ​លោក ស្រេង សេង លោក ទេស សូ លោក ពិន ដារ៉ា និង​លោក ប៊ុន បូរ៉ាន់ ជា​សមាជិក​កិត្តិយស​។

លោក មាស សារិន ថ្លែង​ថា​៖ «​សហព័ន្ធ​កីឡា​ទូក​កានូ និង​រ៉ូអ៊ីង​កម្ពុជា​អាណត្តិ​ទី​ ៤ ​មាន​មន្ត្រី​ជាន់ខ្ពស់​ច្រើន​ក្នុង​នោះ​យើង​មាន​បេក្ខ​នារី​ម្នាក់​បន្ថែម​សម្រាប់​ធ្វើ​សវនកម្ម​ឲ្យ​សហព័ន្ធ​ដែល​មាន​ជំនាញ​ផ្នែក​ទីផ្សារ និង​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ ដែល​ទទួល​បាន​ការបោះឆ្នោត​ទុកចិត្ត​ពី​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​គឺ​កញ្ញា សួង ចាន់តូរ៉ាទី​»​។

ចំណែក​លោក ជា ប៊ុនហេង ដែល​ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ផង​នោះ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ចេះ​និយាយ​ច្រើន​ទេ ប៉ុន្តែ​ការងារ​កីឡា​ដឹង​តែ​ដឹកនាំ​គ្រប់គ្រង​ឲ្យ​ឈ្នះ​មេដាយ​បាន ហើយ​សហព័ន្ធ​ដែល​អាច​ឈាន​ទៅ​ជោគជ័យ​បាន​ត្រូវ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ គឺ​មាន​គណៈកម្មការ​អចិន្ត្រៃយ៍ និង​គណៈកម្មការ​ជំនាញ​ដែល​អាចឈាន​រហូត​ដល់​ ៨ រួមមាន គណៈកម្មការ​រៀបចំ​ប្រកួត គណៈកម្មការ​ចៅក្រម​អាជ្ញាកណ្តាល គណៈកម្មការ​គ្រូ​បង្វឹក គណៈកម្មការ​ហិរញ្ញវត្ថុ និង​ទីផ្សារ គណៈកម្មការ​ស្ត្រី និង​កីឡា គណៈកម្មការ​អត្តពលិក និង​គណៈកម្មការ​ព័ត៌មាន និង​ផ្សព្វផ្សាយ​»​។

ទោះ​ជា​យ៉ាងណា​មន្ត្រី​ជំនាញ​កីឡា​ម្នាក់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា សហព័ន្ធ​ដែល​មាន​សមាសភាព​អ្នកធំ​ចូល​ជា​គណៈកម្មការប្រតិបត្តិ​គឺ​គ្មាន​បាន​ការ​ទេ​គឺ​លំបាក​ណាត់​មក​ប្រជុំ​ណាស់ ព្រោះ​អ្នកធំ​រវល់​ច្រើន ហើយ​ការពិត​គ្រាន់តែ​មាន​ឈ្មោះ​លម្អ​ឲ្យ​សហព័ន្ធ​ប៉ុណ្ណោះ​។ តាមពិត​កីឡា​រីកចម្រើន​ទៅ​មុខ វា​នៅ​លើ​តួនាទី​ប្រធាន និង​អគ្គលេខាធិការ ដែល​ដឹកនាំ​គ្រប់គ្រង​ផ្ទាល់​។

ប្រភព​ដដែល​បន្ថែម​ថា​បើ​តាម​បទបញ្ជា និង​ច្បាប់​កីឡា គណៈកម្មការ​ប្រតិបត្តិ​ដែល​ឈរឈ្មោះ ឬ​ជាប់ឆ្នោត​មិន​អាច​អវត្តមាន​ក្នុង​មហាសន្និបាត​នោះ​ទេ ប៉ុន្តែ​បេក្ខភាព​ជាប់ឆ្នោត​ ២ ​រូប​ដែល​គេ​អាច​វាយតម្លៃ​បាន​ថា ជា​អ្នក​មាន​ជំនាញ​ដឹកនាំ​ពិតប្រាកដ​នោះ​មាន​លោក មាស សារិន ជា​អ្នកមាន​ជំនាញ​កីឡា​ស្រាប់ និង លោក ជា ប៊ុនហេង ជា​អ្នកជំនាញ​រៀបចំ​ប្រកួត​ជា​មនុស្ស​សំខាន់​ក្នុង​សហព័ន្ធ​នេះ​៕