ភ្នំពេញ៖ ទូកចំនួន ១២ ក្នុងចំណោមទូកសរុបចំនួន ២៩៧ ទូក ដែលបានចូលរួមប្រកួតប្រណាំង នៅក្នុងពិធីបុណ្យអុំទូក កាលពីថ្ងៃទី ១០ ដល់ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះ ត្រូវបានគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ធ្វើការវាយតម្លៃ និងចាត់ជាចំណាត់ថ្នាក់ល្អ ទៅតាមផ្នែកទាំង ៣ គឺទូកទទួលបានចំណាត់ថ្នាក់ផែនលេខ ១, ទូកដែលទទួលបានចំណាត់ថា្នក់ផ្នែកសោភណភាព និងទូកគូពិសេស ដែលទទួលចំណាត់ថ្នាក់ពិសេសល្បឿនលឿនជាងគេ ប្រចាំឆ្នាំ ២០១៩។
តាមរបាយការណ៍ផ្លូវការណ៍របស់គណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិ អនុប្រធានអចិន្រៃ្តយ៍ និងជាអគ្គលេខាធិការបានឲ្យដឹងថា ទូកឈ្មោះ «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល បានទទួលចំណាត់ថ្នាក់លេខ ១ ផ្នែកល្បឿនលឿនជាងគេ ប្រចាំឆ្នាំ ២០១៩ ខណៈលេខ ២ បានទៅទូកឈ្មោះ «សម្តេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ ហើយលេខ ៣ បានទៅទូកឈ្មោះ «គិរីវង់សុខសែនជ័យ» មកពីខេត្តតាកែវដូចគ្នា។
ចំណែកទូក ដែលទទួលបានចំណាត់ថ្នាក់ផ្នែកសោភណភាពស្អាតជាងគេ ប្រចាំឆ្នាំ ២០១៩ គឺមានទូកអុំបុរសឈ្មោះ «ក្អែកសតេជោសែនជ័យ» មកពីរាជធានីភ្នំពេញ ទូកអុំបុរសឈ្មោះ «នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ» មកពីខេត្តបាត់ដំបង និងទូកអុំបុរស ឈ្មោះ«សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ» មកពីខេត្តបន្ទាយមានជ័យ។
ចំពោះទូក ដែលទទួលបានចំណាត់ថ្នាក់ផែនលេខ ១ មានចំនួន ៦ ទូក គឺទូកអុំបុរសឈ្មោះ «ផ្ការាំស័ក្តិសិទ្ធិ» របស់ខេត្តកណ្តាល ទូកអុំនារីឈ្មោះ «រន្ទះពេជ្រសែនជ័យ» មកពីខេត្តកំពង់ឆ្នាំង ទូកចែវបុរសឈ្មោះ «សម្តេចចៅហ្វាវាំងគង់» របស់ខេត្តកំពង់ឆ្នាំង ទូកចែវនារីឈ្មោះ «ព្រះពៃស្រពណ៍» មកពីខេត្តកំពង់ឆ្នាំង ទូកខ្នាតអន្តរជាតិបុរសឈ្មោះ «ស.ស.យ.ក ស្រុកពោធិ៍រៀង» មកពីខេត្តព្រៃវែង និងទូកខ្នាតអន្តរជាតិនារី ឈ្មោះ «សំហេងសែនតេជៈបារមីសារាវ័នតេជោ» របស់រាជធានីភ្នំពេញ។
ចំពោះទូកទាំង ១២ ដែលត្រូវបានចាត់ជាចំណាត់ថ្នាក់ទៅតាមផ្នែកទាំង ៣ ខាងលើនេះ គឺសុទ្ធតែត្រូវបានផ្តល់កិត្តិយសឲ្យឡើងទទួលពានរង្វាន់ជយលាភីដោយផ្ទាល់ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធិបិទការប្រណាំងទូក ពីល្ងាចថ្ងៃអង្គារ។
ទាក់ទងទៅនឹងការប្រកួតប្រណាំងទូករយៈពេល ៣ ថ្ងៃនេះ លោក ប៊ូ ជុំសេរី អនុប្រធានអចិន្រៃ្តយ៍ និងជាប្រធានគណៈកម្មការមេប្រយោគ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពុធថា៖ «ការប្រណាំងទូកឆ្នាំនេះ ទទួលបានលទ្ធផលរលូនល្អ ដោយគ្មានការតវ៉ាពីភាគីណាទេ ប៉ុន្តែបើនិយាយពីទូកមានល្បឿនលឿនជាងគេវិញ គឺមានថិរវេលាច្រើនជាងឆ្នាំមុន ព្រោះឆ្នាំនេះ បញ្ហាខ្សែទឹក ឬទឹករាក់ជាងកាលពីឆ្នាំមុន។ ចំពោះបញ្ហាគ្រោះថ្នាក់វិញ យើងមានទូកលិចចំនួន ៤ ក្នុងពេលប្រកួត ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់ជីវិតកីឡាករទេ»។
ដោយឡែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលគ្រប់គ្រងទូកចំនួន ៣ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបញ្ចេញទស្សនៈថា លទ្ធផលចាញ់ ឬឈ្នះ មិនមែនជាទីបញ្ចប់នៃការប្រកួតប្រជែងនោះទេ គឺវាគ្រាន់ជាការវាស់ស្ទង់នូវសមត្ថភាពកីឡា ព្រោះគោលបំណងនៃការប្រកួតនេះ សំដៅទៅលើការអបអរសាទរ និងជាលក្ខណប្រពៃណីជាតិខ្មែរ ដែលមានតាំងពីបុរាណកាល ដែលជាអត្តសញ្ញាណរបស់ជាតិ ហើយការខិតខំរបស់ប្រជាពលរដ្ឋ និងកីឡាករគ្រប់គ្នា គឺបានបង្ហាញនូវសុច្ឆន្ទៈនៃការស្រឡាញ់ និងការចូលចិត្ត ព្រមទាំងបានបង្ហាញពីការខិតខំប្រឹងប្រែង និងបានបន្សល់ទុកនូវអនុស្សាវរីយ៍នៃការសាមគ្គីភាព ការធ្វើការរួមគ្នា និងការចេះពីរបៀបធ្វើការជាក្រុម៕