ភ្នំពេញ៖ ​ទូក​ចំនួន ​២៩៧ មក​ពី ​១៩ ​ខេត្ត​ និង​រាជធានី​ ព្រម​ទាំង ​៦ ​ស្ថាប័ន​ សរុប​មាន ​២៥ ​ប្រតិភូ​ត្រូវ​បាន​គណៈកម្មការ​​រៀបចំ​​ការ​ប្រកួត ​ត្រៀម​រួច​រាល់​អស់​​ហើយ ដើម្បី​ដាក់​ឲ្យ​ប្រកួត​គ្នា ក្នុង​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​ និង​អកអំបុក​ សំពះ​ព្រះខែ ​រយៈពេល ​៣ ​ថ្ងៃ​ ពី​ថ្ងៃ​​ទី ​១០ ​ដល់​ថ្ងៃ​ទី​ ​១២ ខែ​វិច្ឆិកា​ ឆ្នាំ ​២០១៩ ខាង​មុខ​នេះ នៅ​ខាង​មុខ​ព្រះ​បរមរាជ​វាំង ​ក្រោម​ការ​អនុញ្ញាត​របស់​​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​ ប៊ូ ​ជុំសេរី​ អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​និង​ជា​អនុប្រធាន​អចិន្រ្តៃយ៍​​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​អុំទូក ​ព្រម​ទាំង​ជា​ប្រធាន​គណៈកម្មការ​មេ​ប្រយោគ​បាន​​ប្រាប់​​ភ្នំពេញ​ប៉ុស្តី កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុម​ការងារ ​និង​គណៈកម្មការ​គ្រប់​ផ្នែក​ បាន​ត្រៀម​លក្ខណ​សម្បត្តិ​រួច​ជា​ស្រេច​អស់​ហើយ​ ហើយ​តាម​ការ​ត្រៀម​​នោះ គឺ​មាន​ទូក​សរុប ​២៩៧ ​ទូក ចូលរួម​អបអរសាទរ​ក្នុង​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ និង​អក​អំបុក​ សំពះ​ព្រះ​ខែ ​រយៈពេល ​៣ ​ថ្ងៃ​ចាប់​ពី​ថ្ងៃទី ​១០ ដល់​ថ្ងៃទី ​១២ ខែវិច្ឆិកា។

លោក ​ប៊ូ ​ជុំសេរី​ ​បាន​បន្ថែម​ថា៖ ​«កម្មវិធី​ប្រកួត ​នឹង​ប្រារព្ធ​​ដូច​ឆ្នាំ​មុនៗ​ គឺ​​នៅ​​ទន្លេ​ចតុមុខ​ ខាង​មុខ​ព្រះបរម​រាជវាំង​ ពី​ព្រឹក​ម៉ោង ១១ តទៅ​ រហូត​បញ្ចប់ ​ចាប់​តាំង​ពី​ថ្ងៃទី ​១០​ ដល់​ថ្ងៃទី ​​១២​ ខែ​វិច្ឆិកា​ ​ប៉ុន្តែ​គ្រប់​ស្ថាប័ន​ ឬ​ប្រតិភូ​ដឹក​នាំ​អត្តពលិក​ មក​ទាំង​អស់​ត្រូវ​បាន​សម្រួល​ឲ្យ​ស្នាក់នៅ​ហូប​ចុក​ តែ​មួយ​កន្លែង​ខាង​ត្រើយ​ម្ខាង ​នៅ​ចំណុច​ច្រាំង​ទន្លេង​ខាង​កើត ​គឺ​មិន​អនុញ្ញាត​ឲ្យ​មក​ត្រើយ​ខាង​លិច​ទេ​»។

តាម​របាយការណ៍​របស់​គណៈកម្មការ​បច្ចេកទេស​រៀបចំ​ការ​ប្រណាំង​ទូក និង​ការ​ប្រាប់​បន្ថែម​ពី​លោក ប៊ូ ជុំសេរី ​បាន​ឲ្យ​ដឹង​លម្អិត​​ថា នៅ​ក្នុង​ចំនួន​ទូក​សរុប​ ​២៩៧​ ​នោះ ​មាន​ប្រភេទ​ទូក​អុំ​បុរស​ ចំនួន ​១៦៧​ ​​ទូក​ផ្នែក​​នារី​ចំនួន ៥​ ហើយ​​មាន​ទូក​ចែវ​មក​ពី​ខេត្ត​ចំនួន​ ​៣០ ​ទូក ​(ផ្នែក​​នារី​​មាន​ ​២ ​ទូក)​។ រីឯ​ប្រភេទ​ខ្នាត​ទូក​អន្តរជាតិ​ចំនួន ​៩៥ ​ទូក ​ដែល​សរុប​កីឡាករ​កីឡាការិនី​មាន​ចំនួន ​១៩​ ២១៨ ​នាក់​ គឺ​​ប្រហាក់​ប្រហែល​ឆ្នាំ​មុនៗ​ដែរ​។​

ទាក់ទង​ទៅ​នឹង​ជីវភាព​ការ​ហូប​ចុក​ស្នាក់​នៅ ​ប្រ​ចាំ​ថ្ងៃ​របស់​អត្តពលិក​ចំនួន​ជិត ​២០ ​០០០ ​នេះ​ ប្រភព​ពី​គណៈកម្មការ​រៀបចំ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ​សាមី​ប្រតិភូ​នីមួយៗ​ ជា​អ្នក​ទទួល​បន្ទុក​ខ្លួន​ឯង ​ដោយ​មាន​ថ្នាក់​ដឹកនាំ ​ឬ​ក្រុមហ៊ុន​សប្បុរស​ជន​ ឧបត្ថម្ភ​គាំទ្រ​តាម​ការ​និយម​ចូលចិត្ត ​និង​ស្ម័គ្រ​ចិត្ត​ ដែល​មាន​លក្ខណៈ​ជាតិ​និយម ​តាម​ប្រពៃណី​តាំង​ពី​បុរាណ​កាល​។​

បន្ថែម​លើ​នេះ​ ថវិកា​ជាតិ​សម្រាប់​ផ្តល់​ជា​​ប្រាក់​រង្វាន់​ជូន​ដល់​អត្តពលិក គឺ​​ដូច​បណ្តា​ឆ្នាំ​មុនៗ​ដែរ គឺ​នឹង​ផ្តល់​ជូន​​ទៅ​តាម​ចំណាត់​ថ្នាក់​ជយលាភី​ ហើយ​ក្នុង​កីឡាករ​កីឡាការិនី​ម្នាក់ៗ នឹង​​ទទួល​បាន​ប្រាក់​ថ្លៃ​អាហារ​បន្ថែម​ចំនួន ​៣០ ​០០០ ​រៀល​ ក្នុង​រយៈ​ពេល ​៣ ​ថ្ងៃ​ ក្នុង​អត្តពលិក​សរុប ​១៩ ​២១៨ ​នាក់​នេះ​។​

យ៉ាង​ណា​ក៏​ដោយ សម្រាប់​​ការ​ប្រណាំង ឬ​ប្រកួត​អុំទូក ក្នុង​ពិធី​បុណ្យ​អុំទូក ​បណ្តែត​ប្រទីប ​និង​អកអំបុក ​សំពះ​ព្រះខែ​ រយៈពេល ​៣ ថ្ងៃ​នេះ គឺ​ជា​ធម្មតា ទោះ​បី​ប្រាក់​រង្វាន់​ទទួល​បាន​ពី​​គណៈកម្មការ ​មាន​ចំនួន​តិច ​​​ប៉ុន្តែ​​តាម​វិស័យ​ឯកជន ​និង​សប្បុរស​ធម៌​ បាន​ចូលរួម​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករ​ កីឡាការិនី​ ទទួល​បាន​ការ​ហូប​ចុក បាន​គ្រប់គ្រាន់​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ពេញ​ចិត្ត​ពេញ​ថ្លើម​ ក្នុង​ការ​ចូលរួម​តាំង​តែ​ពី​ដើម​មក​៕​