ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននិងកំពុងប្រមែប្រមូលអ្នកព័ត៌មានកីឡាក្នុងស្រុកមានសមត្ថភាព ដើម្បីត្រៀមសហការជាមួយអ្នកជំនាញមកពីប្រទេសកូរ៉េខាងត្បូង ក្នុងការបង្កើតនូវទូរទស្សន៍កីឡាកម្រិតអាជីពផ្ទាល់ខ្លួនមួយឈ្មោះថា CSTV (Cambodia Sports Television)។
ទូរទស្សន៍លក្ខណៈអនឡាញឌីជីថល ដែលបំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប មានរូបភាពច្បាស់ល្អកម្រិត HD (High Definition ) នាំចូលមកពីប្រទេសកូរ៉េនេះ ត្រូវបានបង្កើតឡើង ដើម្បីជាតម្រូវការក្នុងការប្រកួតស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា ហើយ CSTV គ្រោងនឹងចាប់ផ្តើមផ្សាយសាកល្បងនៅខែកក្កដា ខាងមុខ និងចាប់ផ្តើមផ្សាយផ្លូវការនៅខែធ្នូ ឆ្នាំ ២០២០។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់ថា៖ «NOCC មានតម្រូវការចាំបាច់ត្រូវមានប្រព័ន្ធផ្សព្វផ្សាយកីឡា ជាលក្ខណៈឯកទេសច្បាស់លាស់ស្តង់ដាអន្តរជាតិ ដើម្បីបម្រើសកម្មភាពកីឡាឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយទូរទស្សន៍នេះ នឹងផ្សាយជាផ្លូវការនូវសកម្មភាពរៀបចំប្រកួត និងលទ្ធផលប្រកួតក្នុងលក្ខណៈឯករាជ្យច្បាស់លាស់ និងជំនាញទាន់ហេតុការណ៍»។
លោកបន្តថា៖ «ទូរទស្សន៍ឯកទេស CSTV នឹងធ្វើការបណ្តុះបណ្តាល និងរៀបចំទៅក្នុងកម្រិតឯកទេសកីឡា ដែលផ្តោតទៅលើរបៀបថតបែបទំនើប អមជាមួយខ្លឹមសារ ឬសរសេរចាប់មុំថតល្អ ចំណែកឧបករណ៍ថត មានលក្ខណៈទំនើប និងអាជីព សម្រាប់ជំនាញកីឡា ធ្វើយ៉ាងណាឲ្យទូរទស្សន៍នេះ ក្លាយជាទូរទស្សន៍ឯកទេសផ្នែកកីឡាតែមួយគត់នៅកម្ពុជា»។
លើសពីនេះទូរទស្សន៍កីឡាកម្ពុជានេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយផ្លូវការពីការត្រៀមស៊ីហ្គេម ឬព្រឹត្តិការណ៍កីឡានានា ពេលបច្ចុប្បន្នរហូតដល់ព្រឹត្តិការណ៍ប្រកួត និងសកម្មភាពស៊ីហ្គេម ២០២៣ តែម្តង។ ពេលនេះ យើងកំពុងរៀបចំទីតាំងនៅគណៈកម្មាធិការជាតិអូឡាំពិកតែម្តង ហើយបន្ទាប់មកនៅចុងឆ្នាំ ២០២០ ទូរទស្សន៍នេះ នឹងអាចដំណើរការផ្សព្វផ្សាយជាលក្ខណៈអនឡាញ បណ្តើរៗសិន ហេតុនេះការរៀបចំ គឺផ្តោតទៅលើកម្រិតឯកទេសកីឡាតែម្តង ដោយយើងនឹងរៀបចំឲ្យមានការបណ្តុះបណ្តាលពីក្រុមហ៊ុនមកពីកូរ៉េ»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបញ្ជាក់ថា៖ «ទូរទស្សន៍កីឡានេះ ក៏មានវិជ្ជាជីវៈជំនាញផ្នែកកីឡា ដើម្បីធានាបាននូវស្តង់ដាមួយ ដែលអន្តរជាតិទទួលយកបាន នៅពេលស៊ីហ្គេម។ ចំពោះប្រព័ន្ធផ្សព្វផ្សាយ ក៏ត្រូវមានស្តង់ដាស៊ីហ្គេមដែរ ដោយមិនមែនចេះតែធ្វើទៅឲ្យតែបាន ដោយគ្មានអាជីពពិតប្រាកដ ឬគ្មានស្តង់ដានោះឡើយ»។
អ្នកជំនាញកីឡារូបនេះ បានបញ្ជាក់ថា៖ «ចំពោះធនធានមនុស្ស គឺសហការរវាងកម្ពុជា និងកូរ៉េ ក្នុងនោះសាធារណរដ្ឋកូរ៉េ ដែលជាអ្នកជំនាញទូរទស្សន៍កីឡា នឹងមកជួយយើងជាមុនសិន តាមរយៈការបណ្តុះបណ្តាលមន្រ្តី បុគ្គលិករបស់ខ្មែរយើងចំនួន ៥០ ភាគរយ ដែលនឹងចូលបម្រើការងារក្នុងទស្សន៍នេះ ហើយនៅពេលយើងរឹងមាំហើយ យើងនឹងដំណើរការទូរទស្សន៍នេះ បានដោយរលួន ដោយខ្លួនឯង»៕