ភ្នំពេញ: កីឡាករ​ ទេស ជីវ៉ា បាន​ប្រឹង​អស់ពី​លទ្ធភាព​ពេល​ប៉ះ​ជាមួយ​កីឡាករ​ថៃ Chen Luop មុន​នឹង​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើគ្នា​ក្នុង​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ភេសជ្ជៈ Boostrong កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​ ២០ ខែ​មករា ឆ្នាំ​ ២០១៩ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ (SEA-TV)​។ ចំណែក​ការប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ដណ្តើម​យក​ខ្សែក្រវាត់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខារ៉ាបាវ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ កីឡាករ​ជើង​ថ្មី​ ធន់ មករា បាន​ទទួល​ ៣ ​ពិន្ទុ​ក្រោយពី​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ Banasak ដោយ​ពិន្ទុ​ក្នុង​ការតស៊ូ​ចំនួន​ ៥ ​ទឹក​ពេញ​។

ដូចគ្នា​នេះ​ដែរ​កីឡាករ​ លាភ រដ្ឋា បាន​ប្រើ​រយៈពេល​តែ​ចំនួន​ ២ ​ទឹក​ប៉ុណ្ណោះ​ក្នុង​ការផ្តួល​កីឡាករ​ថៃ Dek Deur ឲ្យ​សន្លប់​ដោយ​ស្នៀត​កែង​បុក​មុខ​កាណូត​ក្នុង​ការប្រកួត​នៅ​សង្វៀន SEATV តែ​មួយ​។

ការប្រកួត​របស់​ ទេស ជីវ៉ា ជាមួយ​កីឡាករ​ថៃ Chen Luop ជា​ជំនួប​ដ៏ជក់ចិត្ត​បំផុត​សម្រាប់​ការចង់​បាន​របស់​ទស្សនិកជន​។

កីឡាករ​ ទេស ជីវ៉ា ដែល​មកពី​ក្លិប​កងពល​លេខ​ ៧០ មួយរយៈ​នេះ​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​គួរសម និង​មាន​ឱកាស​បាន​ឡើង​ប្រកួត​លក្ខណៈ​អន្តរជាតិ​ញឹកញាប់​ផង​ដែរ​។

នៅក្នុង​ការប្រកួត​ចំនួន​ ៥ ​ទឹក​ពេញ ទេស ជីវ៉ា វាយ​បាន​ល្អ​តែ​ដើម​ទឹក និង​មាន​ប្រៀប​ទឹក​ទី​ ៣ និង​ទឹក​ទី​ ៤ ប៉ុន្តែ​កីឡាករ​ថៃ​វាយបក​វិញ​ដោយ​ស្នៀត​ទាត់ និង​ជង្គង់​នៅ​ចុង​ទឹក ខណៈ​ដែល​ការប្រកួត​ចំនួន​ ២ ​ទឹក​ដំបូង​ប្រហាក់​ប្រហែល​គ្នា​។

ក្រោយ​ការប្រកួត​បូក​សរុប​លទ្ធផល​ពី​សំណាក់​ចៅក្រម​ទាំង​ ៥ ​រួចមក ប្រធាន​វិនិច្ឆ័យ​គឺ​លោក​ ចាន់ សុទ្ធ បាន​បញ្ជា​ឲ្យ​ប្រកាស​លទ្ធផល​ស្មើ​គ្នា​តែ​ម្តង​។ ជុំវិញ​បញ្ហា​នេះ​អ្នក​ទស្សនា​ភាគច្រើន​គ្មាន​ប្រតិកម្ម​ទៅ​នឹង​ការសម្រេច​លទ្ធផល​ឲ្យ​ស្មើ​នោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​ភ្នាល់​លុយ​ក្បែរៗ​សង្វៀន​មាន​អ្នកខ្លះ​ជេរ​គណៈកម្មការវិនិច្ឆ័យ និង​មាន​អ្នកខ្លះ​គាំទ្រ​ទៅ​វិញ​។

ចំពោះ​បញ្ហា​នេះ​លោក​ ឯម ហៀង អនុប្រធាន​វិនិច្ឆ័យ​បាន​ពន្យល់​ថា​៖ «​ការសម្រេច​ឲ្យ​ស្មើ​គ្នា​នេះ​សមរម្យ​នឹង​ទទួល​យក​បាន ពីព្រោះ​ការប្រកួត​លក្ខណៈ​មិត្តភាព ហើយ​ការ​វាយ​ចេញ​ ទេស ជីវ៉ា ល្អ​បាន​ដើម​ទឹក ហើយ​កីឡាករ​ថៃ Chen Luop ទទួល​បាន​ពិន្ទុ​ល្អ​ចុង​ទឹក អ៊ីចឹង​លទ្ធផល​ស្មើ​សមរម្យ​នឹង​ទទួល​យក​បាន​»​។

ចំណែក​គូ​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​វគ្គ​ជម្រុះ​សប្តាហ៍​ទី​ ២ រដូវកាល​ទី​ ៨ កីឡាករ​ លាភ រដ្ឋា មកពី​ក្លិប​ដីឡូត៍​មានរិទ្ធ ខេត្ត​បន្ទាយមានជ័យ​បាន​វាយ​សន្ធាប់​ទៅ​លើ​កីឡាករ​ថៃ Dek Deur តាំងពី​ទឹក​ដំបូង និង​បាន​បង្ខំ​ឲ្យ​អាជ្ញាកណ្តាល​រាប់​នៅ​ទឹក​ទី​ ២ ហើយ​បន្ថែម​ស្នៀត​កែង​ពុះ​មុខ​កាណូត​បង្ខំ​ឲ្យ​កីឡាករ​ថៃ​រូបនេះ ដួល​ប្រកាច់​ងើប​លែង​រួច​ត្រឹម​ទឹក​ទី​ ២​។ ជ័យជម្នះ​បាន​ធ្វើឲ្យ​ លាភ រដ្ឋា ទទួល​បាន​ ៣ ​ពិន្ទុ​ឈរ​លំដាប់​លើ​គេ​ជា​បណ្តោះអាសន្ន​ក្នុង​ពូល​ខាង​កម្ពុជា​។

ជាមួយ​គ្នា​នេះ​កីឡាករ​ ធន់ មករា មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ បាន​ប៉ះចំ​កីឡាករ​ថៃ​ដែល​មាន​សមត្ថភាព​រឹងមាំ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ទោះបី​រូបគេ​បាន​ប្រើ​ស្នៀត​ជង្គង់​ល្អ និង​កែង​ច្បាស់​ក៏ដោយ ប៉ុន្តែ​នៅ​តែ​មិន​អាច​ផ្តួល​កីឡាករ​ថៃ Banasak ឲ្យ​សន្លប់​ឡើយ​។

ក្នុង​ការប្រកួត​ចំនួន​ ៥ ​ទឹក​ពេញ កីឡាករ​ ធន់ មករា បាន​ឈ្នះ​ត្រឹម​ពិន្ទុ ហើយ​ក៏​មិនទាន់​អស់​សង្ឃឹម​ដែរ ពីព្រោះ​កីឡាករ​ម្នាក់ៗ​នៅ​សល់​ការប្រកួត​ចំនួន​ ៣ ​លើក​ទៀត​ឯណោះ ក្រោយពី​ការ​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​របស់​គេ​៕