ភ្នំពេញ៖ ​អ្នក​ប្រដាល់​ ទេស​សំខាន់​ ​​ដែល​ចាប់​អាជីព​រក​ប្រាក់​ពី​សង្វៀន​ប្រដាល់​អស់​ពេល​ជាង ​១០ ​ឆ្នាំ​មក​ហើយ​នោះ បាន​រង​របួស​បាក់​ឆ្អឹង​ប្រអប់​ដៃ​ម្តង​ទៀត​ និង​បាន​ចូល​វះ​កាត់​រួច​រាល់​កាល​​ពី​ថ្ងៃ​ចន្ទ ​ប៉ុន្តែ សំខាន់ ​បាន​អះអាង​ថា «បើ​ទោះបី​ជា​ខ្ញុំ​បាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន​លើក​ច្រើន​សា ​ក៏​ខ្ញុំ​​នៅ​តែ​មិន​បោះបង់​មុខ​របរ​ប្រដាល់​មួយ​នេះ​ដែរ គឺ​ពេល​​ជា​សះស្បើយ​ ខ្ញុំ​នឹង​ឡើង​ប្រកួត​ទៀត ​ទៅ​តាម​សមត្ថភាព​ និង​លទ្ធភាព​ជាក់​ស្តែង»​។

សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន CNC កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​មក​នោះ ទេស សំខាន់ ដែល​ធ្លាប់​ជា​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​មួយ​រូប​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​ក្នុង​ទម្ងន់ ​៧១ ​គីឡូក្រាម ជាមួយ​អ្នក​ប្រដាល់​ជើង​ចាស់ លួន​ សុខខេង ត្រឹម​ជា​គូ​បើក​ឆាក​ទី​១ ហើយ​លទ្ធ​ផល ​សំខាន់ ​បាន​ចាញ់ សុខខេង ​ដោយ​ពិន្ទុ​ ប៉ុន្តែ​ចប់​ការ​ប្រកួត ទេស សំខាន់ ​បាន​ឈឺ​ចុក​ចាប់​ខ្លាំង​នឹង​បាន​ទៅ​ពិនិត្យ និង​​ថត​ឆ្លុះ​នៅ​មន្ទីរ​ពេទ្យ ទើប​​ឃើញ​ថា ​បាក់​ឆ្អឹង​ប្រអប់​ដៃ​ ​ព្រោះ​រង​ស្នៀត​ទាត់​យ៉ាង​ធ្ងន់​​របស់ ​លួង ​សុខខេង​។​​

ទេស ​សំខាន់ ​ បាន​ចាប់​អាជីព​​ឡើង​ប្រដាល់​អស់​​រយៈពេល ​១៣ ​ឆ្នាំ​ ដែល​ធ្លាប់​ប្រកួត​ប្រហែល​ ​៤០០ ដង ហើយ​នៅ​ក្នុង​វដ្ត​នេះ ទេស សំខាន់ ធ្លាប់​គ្រប់គ្រង​ខ្សែ​ក្រវាត់ ​២ ​ស្ថាប័ន ​គឺ​ខ្សែ​ក្រវាត់​លីអូ ​ទម្ងន់ ​៦០ ​គីឡូក្រាម​ នៅ​សង្វៀន ​CNC និង​​ខ្សែ​ក្រវាត់ ​Black ​Panter ​នៅ​ក្នុង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​ ក្នុង​ឆ្នាំ ​២០១៥​ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៣ ​ព្រម​ទាំង​បាន​ឈ្នះ​ពាន​ និង​ជើងឯក​រង​ជា​ច្រើន​ទៀត​។

ប៉ុន្តែ​រយៈពេល ​៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ទេស​ សំខាន់ បាន​​ជួប​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ពី​សង្វៀន​ប្រកួត ​ចូល​វះ​កាត់​ធំ​ចំនួន ​៥ ​លើក ​រាប់​ទាំង​លើក​នេះ ​ប៉ុន្តែ​គ្រប់​ពេល​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ កីឡាករ​រូប​នេះ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ថា​ បន្ត​អាជីព​មួយ​នេះ ​ដោយ​អះអាង​ថា​ បើ​ប្រកួត​លែង​កើត ​ក៏​សុំ​ធ្វើ​គ្រូ​បង្វឹក​ដែរ​។​

ទេស ​សំខាន់ ​បាន​រៀបរាប់​ពី​​ជីវិត​កម្សត់​ក្នុង​អាជីព​ប្រដាល់​នេះ​ថា៖​ «​​នៅ​ឆ្នាំ ​២០១៥​ ខ្ញុំ​រង​របួស​ធ្ងន់​បាក់​ឆ្អឹង​ថ្គាម​ចំនួន ​២ ​លើក​ ដោយ​កីឡាករ​ថៃ​ ទាត់​ចូល​សន្លប់​តែ​ម្តង​។ ​បន្ទាប់​មក​ការ​ប្រកួត​ឆ្នាំ ​២០១៧ នៅ​សង្វៀន​ SEATV ​ខ្ញុំ​ត្រូវ​បាន​ដៃ​គូ​បុក​ជង្គង់​​ចូល​ពោះ​ បណ្តាល​ឱ្យ​ដាច់​ពោះ​វៀន​ ចូល​ព្យាបាល​នៅ​ពេទ្យ​កាល់​ម៉ែត ​វះ​កាត់ ​២ ​លើក​ទៀត ​ហើយ​បន្ទាប់​មក​បាន​ព្យាបាល​របួស​ចាស់​នេះ ​នៅ​មន្ទីរពេទ្យ​កេតុមាលា​បន្ថែម​ទៀត​»។​

«ចំណែក​​​ថ្ងៃ​នេះ ​ខ្ញុំ​ជួប​គ្រោះ​ថ្នាក់​បាក់​ឆ្អឹង​ប្រអប់​ដៃ និង​បាន​ចូល​វះ​កាត់​រួច​រាល់​ហើយ ​នៅ​មន្ទីរ​ពេទ្យ​​ចំរើន​ ដោយ​អស់​ប្រាក់​ជិត ​១ ០០០ ​ដុល្លារ​ ហើយ​ពេល​នេះ​ លោកគ្រូ​ពេទ្យ​របស់​សហព័ន្ធ​កីឡាប្រ​ដាល់​គុន​ខ្មែរ ​កំពុង​សរុប​ការ​ចំណាយ​ ដើម្បី​រាយការ​ណ៍​ជូន​ខាង​ម្ចាស់​សង្វៀន​ និង​ថ្នាក់​ដឹកនាំ ​សុំ​ថវិកា​ព្យាបាល»​។

ទោះ​ជា​យ៉ាង​ណា​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ទេស​ សំខាន​ បាន​ប្រាប់​ថា​ ពុំ​ទាន់​មាន​ខាង​ណា​ឧបត្ថម្ភ​នៅ​ឡើយ ​ស្រប​ពេល​ដែល​ប្រពន្ធ​របស់​​គេ​បាន​ចូល​វះកាត់​ដក​ឆ្អឹង​ជើង​ចេញ​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ​។ ​ទេស ​សំខាន់​ បញ្ជាក់​ថា៖​​ «​ខ្ញុំ​រង​របួស​ធ្ងន់ៗ​កន្លង​មក ​ក៏​ធ្លាប់​ទទួល​បាន​ប្រាក់​ពី​សប្បុរសជន​ផង​ដែរ ​ដើម្បី​ជួយ​ជីវភាព​ដ៏​ខ្វះខាត​របស់​ខ្ញុំ ​ពេល​លំបាក​ហើយ​ពេល​នេះ​ដែរ​ ខ្ញុំ​សុំ​ក្ដី​មេត្តា​ពី​ថ្នាក់​ដឹកនាំ​ និង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ដល់​ខ្ញុំ​ផង»​៕