ភ្នំពេញៈ ជាអ្នកផ្សងវាសនាតាមរយៈប្រដាល់ ដែលបានរសាត់ខ្លួន ទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម នៅប្រទេសថៃ កីឡាការិនី មឿយ សឹង ដែលមានរហ័សនាមថា «កូនខ្លាគុនខ្មែរ» បានអភិវឌ្ឍខ្លួនទៅជាកីឡាការិនីដ៏ឆ្នើមម្នាក់ ហើយការយកឈ្នះជើងខ្លាំងរបស់ថៃ ភេត យ៉តយិន ដើម្បីក្លាយជាខ្សែក្រវាត់ IPCC ទម្ងន់ ៥៧ គ.ក្រ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យកីឡាការិនីរបស់កម្ពុជារូបនេះ មានអ្នកចាប់អារម្មណ៍កាន់តែខ្លាំង។
យ៉ាងណាក៏ដោយ ការបិទសង្វៀនប្រដាល់ទាំងស្រុង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសថៃ បាននិងកំពុងធ្វើឲ្យ មឿយ សឹង ជួបភាពទីទាល់ រហូតរកប្រាក់ត្រឡប់មកលេងស្រុកមិនបាន ព្រោះការស៊ីឈ្នូលលក់ពលកម្ម នៅពេលនេះ រកបានកម្រៃត្រឹមអាហារប្រចាំថ្ងៃ។
ដោយមានស្រុកកំណើតនៅភូមិគោគក្រោល ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កីឡាការិនីវ័យ ១៩ ឆ្នាំ មឿយ សឹង បានរសាត់អណ្តែតទៅហ្វឹកហាត់ប្រដាល់នៅប្រទេស ថៃ បន្ទាប់ពីម្តាយស្លាប់ ហើយឪពុករបស់នាង មានជីវភាពក្រខ្សត់ និងមានប្រពន្ធក្រោយទៀតនោះ។
ក្នុងបទសម្ភាសតាមហ្វេសប៊ុក ជាមួយភ្នំពេញប៉ុស្តិ៍ មឿយ សឹង បានប្រាប់ថា នាងជាកូនពៅទី ៨ ក្នុងគ្រួសារក្រីក្រ ដែលមានឪពុកឈ្មោះ ម៉ុង សៀម និងម្តាយបានស្លាប់ចោល ហើយបានធ្វើដំណើរទៅរកការងារលក់ពលកម្ម នៅថៃ។ បន្ទាប់មក មឿយ សឹង បានសុំគេចូលហាត់ប្រដាល់ ក្នុងក្លិបនៅក្នុងខេត្តមួយ ជិតក្រុង បាងកក ប្រទេសថៃ ជាមួយគ្រូបង្វឹកឈ្មោះ ម៉ៃ ហើយពេលនោះលោក ម៉ៃ បានដាក់ឈ្មោះឲ្យនាងថា «សាវសឿ» ឬ ប្រែជាខ្មែរថា ស្រីខ្លា។
តាមរយៈការហ្វឹកហាត់បណ្តើរ និងឆ្លៀតទៅធ្វើការលក់ពលកម្មបណ្តើរ ក្នុងរយៈពេល ៤ ឆ្នាំ មឿយ សឹង តែងទទួលបានឱកាសឡើងប្រកួតនៅលើសង្វៀនជាបន្តបន្ទាប់ និងទទួលបានលទ្ធផលល្អ គឺនាងបានប្រកួតតាំងពីអាយុ ១៥ ឆ្នាំ។
ចំណែកការប្រកួតក្នុងព្រឹត្តិការណ៍តាមខេត្តធំៗកីឡាការិនី មឿយ សឹង ប្រាប់ថា ប្រកួតបានចំនួន ២៤ ដង ឈ្នះ ១៥ ចាញ់ ៣ ស្មើ ៦ ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ៦ លើក ហើយប្រកួតចុងក្រោយ កាលពីនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយមានផ្សាយផ្ទាល់ តាមប៉ុស្តិ៍លេខ ៥ ថៃនោះ មឿយ សឹង បានយកឈ្នះកីឡាការិនីថៃ ភេត យ៉តយិន ដោយពិន្ទុជាឯកច្ឆន្ទ ៤៩-៤៨ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។
មឿយ សឹង អះអាងថា៖«ក្នុងរយៈពេល ៤ ឆ្នាំ នៅស្រុកថៃ ខ្ញុំតែងតែវិលមកស្រុកខ្មែរ នៅខេត្ត សៀមរាប ដោយចូលហ្វឹកហាត់ជាមួយលោកគ្រូ លុយ វិបុល ដើម្បីស្វែងរកការប្រកួតនៅស្រុកខ្មែរ ប៉ុន្តែ សង្វៀននៅស្រុកខ្មែរ ត្រូវការកីឡាការិនីតិចបំផុត គឺមានតែសង្វៀនបាយ័នមួយទេ ផ្តល់ជូនស្រីៗបានប្រកួតខ្លះ ក្រៅពីនេះអត់តែម្តង ហើយដោយស្វែងរកការប្រកួតមិនបាន ខ្ញុំនៅក្នុងស្រុកថៃ ច្រើនជាង ពិសេសពេលមានការប្រកួតតាមខេត្ត ឬបុណ្យទាននានា ខ្ញុំបានបន្លំធ្វើជាជនជាតិថៃ ឡើងប្រកួតមិនឲ្យគេដឹង»។
ទោះបីជាយ៉ាងណា មឿយ សឹង បានលាតត្រដាងពីភាពទីទាល់ក្នុងពេលបច្ចុប្បន្ន ដែលរកប្រាក់វិលត្រឡប់មកលេងស្រុក នៅប្រទេសកម្ពុជាមិនបាន។
មឿយ សឹង បានទម្លាយថា៖ «ឥឡូវនេះសង្វៀននៅថៃ បិទអស់ ចំណែកការងារក៏គ្មាន ធ្វើឲ្យខ្ញុំរកប្រាក់វិលមកខ្មែរវិញមិនបានទេ»។
ស្រ្តីមានដើមកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះ បានបន្ថែមថា៖ «ក្រោយពេលបិទការប្រកួតទាំងស្រុង នៅប្រទេស ថៃ ខ្ញុំបានចំណាយពេលស៊ីឈ្នូលលក់ពលកម្មឲ្យគេ ដោយទទួលបានកម្រៃត្រឹមអាហារប្រចាំថ្ងៃប៉ុណ្ណោះ។ ខ្ញុំមានការនឹកស្រុក នឹកគ្រួសារ ហេតុនេះខ្ញុំកំពុងសន្សំលុយធ្វើដំណើរមកស្រុកយើងវិញ ហើយខ្ញុំចង់ស្វែងរកការប្រកួត នៅក្នុងស្រុកខ្មែរយើងម្តងទៀត»៕