ភ្នំពេញ៖ ជាមួយ​បទពិសោធ​ធ្លាប់​​លេង​កីឡា​ចំនួន ​៥ ​ប្រភេទ ដោយ​ប្រើ​ពេល​អស់​ជិត ​២០ ​ឆ្នាំ ទ្រី សុថាវី នៅ​ពេល​​បច្ចុប្បន្ន​បាន​​និង​កំពុង​បំពេញ​ការងារ​ជា​មន្ត្រី​ស្ម័គ្រ​ចិត្ត​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(​NOCC) ​និង​មាន​​ក្របខ័ណ្ឌ​ជា​កងទ័ព​នៃ​មជ្ឈមណ្ឌល​កីឡា​កង​យោធពល​ខេមរភូមិន្ទ ​បន្ទាប់​ពី​នាង​បាន​​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ក្នុង​សកម្មភាព​កីឡា​ មាន​យូដូ ​ចំបាប់​ ប្រដាល់​ល្បុក្កតោ​ និង​បាញ់​កាំភ្លើង​។

ទោះ​ជា​ ទ្រី សុថាវី ទទួល​បាន​លទ្ធផល​​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រភេទ​កីឡា​ទាំង ៥ ​នេះ ប៉ុន្តែ​ស្រ្តី​​មាន​កម្លាំង និង​កាយ​សម្បទា​​រឹងមាំ​ដូច​បុរស​រូប​នេះ ​នៅ​តែ​ចិញ្ចឹម​ចិត្ត​​ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្វឹក​កីឡា​ចំបាប់​ ខណៈ​ឱកាស​ដែល​រង់ចាំ​នោះ​ ហាក់​​នៅ​ឆ្ងាយ​ព្រោះ​ទីតាំង​​ដែល ​ទ្រី ​សុថាវី​ ចង់​បាន​នេះ​ គឺ​ស្ថិត​ក្នុង​ការ​ប្រជែង​មួយ​ដ៏​លំបាក​ក្នុង​បេក្ខភាព​ជា​ច្រើន​ប៉ង​ប្រាថ្នា​។​

ក្នុង​វ័យ ​៣៩ ​ឆ្នាំ​ ក្នុង​ឆ្នាំ​នេះ ​ទ្រី ​សុថាវី​ បាន​រៀប​រាប់​ពី​ប្រវត្តិ​ក្នុង​សកម្មភាព​កីឡា​ដែល​បាន​ចាប់​ផ្តើម​ពី​កុមារភាព​ក្នុង​គ្រួសារ ​ដែល​មាន​បងប្អូន​ឪពុក​ម្តាយ​ មិន​ចូល​ចិត្ត ​និង​គាំទ្រ​សោះ​ឡើយ​។​ មិន​តែ​ប៉ុណ្ណោះ​ ក្នុង​ការ​លួច​មក​ហ្វឹកហាត់​ម្តងៗ​ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ សុថាវី ត្រូវ​បាន​​ម្តាយ​វ៉ៃ​ និង​ស្តី​បន្ទោស​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ហ្វឹកហាត់​លេង​កីឡា​នោះ​ឡើយ​។

ជា​កូន​ទី ​២ ​ក្នុង​គ្រួសារ​អ្នក​រក​ស៊ី​លក់​ដូច​ធម្មតា ​​មាន​លំនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​មាន​បងប្អូន​បង្កើត​ចំនួន ​៦ ​នាក់ ​ទ្រី ​សុថាវី​ ​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ជាប់​ចិត្ត​ចូល​ហាត់​កីឡា​យូដូ​​មុន​គេ​ នៅ​​ស្តាត​អូឡាំពិក​ កាល​ពី​ឆ្នាំ ​១៩៩៦​ ហើយ​ ​៣ ​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​បាន​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ នៅ​វៀតណាម​ក្នុង​​ឆ្នាំ ​២០០០ និង​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​៤​ គឺ​ជិត​បាន​ជយលាភី​មេដាយ​ ក្នុង​ចំណាត់​ថ្នាក់​លេខ ​៣ ​ទៅ​ហើយ»​។​

ទ្រី សុថាវី បង្ហាញ​មេដាយមាស បានពី​កីឡាអាស៊ីលើឆ្នេរខ្សាច់​​។ រូប ណន

«បន្ទាប់​មក ​ខ្ញុំ​បាន​ចូល​ហ្វឹកហាត់​កីឡា​ចំបាប់​វិញ​ ជាមួយ​លោក​គ្រូ ​វ៉ាត់​ ចំរើន ​ដែល​កាល​នោះ​ គាត់​ជា​គ្រូ​បង្វឹក​ផង ​និង​អ្នក​គ្រប់គ្រង​ផង ​ហើយ​ខ្ញុំ​បាន​ជាប់​ជា​ជម្រើស​ជាតិ​ នៅ​ឆ្នាំ ​២០០១​ មក​រហូត​។ ​នៅ​ឆ្នាំ ​២០០៣​ ខ្ញុំ​បាន​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស ​​វៀតណាម​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​៤ ​ទៀត ​ហើយ​ជា​បន្ត​បន្ទាប់​រហូត​ដល់​ឆ្នាំ ​២០១៥​ ខ្ញុំ​នៅ​តែ​ជា​ក្រុម​ជម្រើស​​ជាតិ​»។​

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​​អាស៊ី​អាគ្នេយ៍​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នោះ ​ទ្រី ​សុថាវី​ ឈ្នះ​បាន​មេដាយ​ប្រាក់​ បន្ទាប់​ពី​ឈ្នះ​ឡាវ ​ឈ្នះ​ថៃ និង​​ចាញ់​កីឡាករ​វៀតណាម​។ បន្ថែម​លើ​នេះ ទ្រី សុថារី បាន​រក​ឃើញ​នូវ​​ជ័យជម្នះ​ដ៏​ធំ​បំផុត សម្រាប់​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ល្បក្កតោ ​គឺ​ការ​ឈ្នះ​បាន​មេដាស​មាស នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​លើ​ឆ្នេរ​ខ្សាច់ នៅ​ប្រទេស ​វៀតណាម មុន​ពេល​ស្រ្តី​ម្នាក់​នេះ បាន​​បន្ថែម​ជំនាញ ​១ ទៀត គឺ​អ្នក​ប្រដាល់​ស្រ្តី។

ទ្រី សុថាវី បាន​បញ្ជាក់​ថា៖ ​«នៅ​ឆ្នាំ ​២០១៦ ​ខ្ញុំ​​បាន​ទៅ​ប្រកួត​​នៅ​ដាណាំង​ ប្រទេស ​វៀតណាម ​ម្តង​ទៀត​ ផ្នែក​កីឡា​ល្បុក្កតោ​ ហើយ​ដណ្តើម​បាន​មេដាយ​មាស​តែ​ម្តង​។ ​ក្រោយ​ចេញ​ពី​ចំបាប់ ​ខ្ញុំ​ហាត់​ល្បុក្កតោ​ និង​ឡើង​ប្រកួត​គុន​ខ្មែរ​ផង​ដែរ ​ពី​​អំឡុង​ឆ្នាំ ​២០១៧​ ដល់​ឆ្នាំ​ ​២០១៨​ ដោយ​ខ្ញុំ​ឡើង​ប្រដាល់​គុន​ខ្មែរ​បាន​ជាង ​១០ ​លើក​ ដោយ​​ឈ្នះ ​៨​ ​ចាញ់​តែ ​២ ​លើក​ប៉ុណ្ណោះ ​គឺ​ចាញ់ ​វី ​ស្រីខួច ​និង​​កីឡាការិនី​នេប៉ាល់ ​នៅ​ថ្ងៃ​ទី ​៨ ​ខែ​ ធ្នូ ​ឆ្នាំ ២០១៧»​។​

អតីត​កីឡាការិនី ដែល​បាន​ផ្សារ​ភ្ជាប់​ជាមួយ​សកម្មភាព​កីឡា​យ៉ាង​ច្រើន ទ្រី​ សុថាវី​ បាន​បន្ថែម​ថា​៖ ​«ដោយសារ​កម្លាំង​ធ្លាក់​ចុះ ​ពេល​ខ្ញុំ​មាន​វ័យ ​៣៨ ឆ្នាំ កាល​ពី​​ឆ្នាំ ​២០១៩​ ខ្ញុំ​​បាន​​ងាក​មក​ហ្វឹកហាត់​កីឡា​បាញ់​កាំភ្លើង​ឲ្យ​ក្រសួង​ការពារ​ជាតិ​ ​ព្រោះ​ប្រើ​ស្មារតី​ និង​បច្ចេកទេស​ជំនួស​កម្លាំង​ហើយ​នៅ​ក្នុង​ការ​ប្រកួត​ជម្រើស​ជាតិ ​ឆ្នាំ ​២០១៩​ នៅ​កងទ័ព​ឆត្រយោង ​៩១១​ ខ្ញុំ​ទទួល​បាន​មេដាយ​មាស ​២ និង​​ប្រាក់ ​១​ ខណៈ​បច្ចុប្បន្ន​ ថ្នាក់​ដឹកនាំ​បាន​យក​ចិត្ត​ទុក​ដាក់ ដោយ​​បាន​ផ្តល់​ក្របខ័ណ្ឌ​ជា​កង​យោធពល​ខេមរភូមិន្ទ​មាន​ប្រាក់​ខែ​ផង​ដែរ»​។

ទោះបី​ជា​បាន​ហែល​ឆ្លង​បទពិសោធ​ជាមួយ​​ប្រភេទ​កីឡា​ចម្រុះ​ចំនួន ​៥ និង​មាន​ការងារ​ស្ម័គ្រ​ចិត្ត​ នៅ NOCC ព្រម​ទាំង​មាន​សមត្ថភាព​អាច​បំពេញ​​ការ​ធ្វើ​ជា​គណៈកម្មការ​ទៅ​លើ​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត​ក៏​ដោយ ប៉ុន្តែ ទ្រី សុថាវី មាន​ការ​ដក់​ចិត្ត​ខ្លាំង ទៅ​លើ​ប្រភេទ​កីឡា​ចំបាប់ ដោយ​នាង​មាន​ក្តី​ស្រមៃ​ថា ថ្ងៃ​ណា​មួយ​នឹង​អាច​ក្លាយ​ជា​គ្រូ​ចំបាប់​ជម្រើស​ជាតិ។​

ទ្រី សុថាវី ​បញ្ជាក់​ថា៖​ «​ខ្ញុំ​ស្ម័គ្រ​ចិត្ត​បំពេញ​ការងារ​ជា​មន្ត្រី​រដ្ឋបាល​​របស់ NOCC ហើយ​តាម​បទពិសោធ​ក្នុង​សកម្មភាព​កីឡា​អស់​រយៈពេល​ ២០ ​ឆ្នាំ ដោយ​​ឆ្លង​កាត់​ការ​ហ្វឹកហាត់ និង​​ប្រកួត​កីឡា​ចំនួន ​៥ ​ប្រភេទ​នោះ​ គឺ​ខ្ញុំ​​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​មោទនៈ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ចិត្ត​ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្វឹក​ម្នាក់​ឲ្យ​កីឡា​ចំបាប់​។ ​ទោះបី​យ៉ាង​នេះ​ក្តី​ ខ្ញុំ​នៅ​មាន​សង្ឃឹម​តិច​ ​ព្រោះ​អ្វីៗ​នៅ​ទីនោះ​ វា​មាន​លក្ខណៈ​តូច​ចង្អៀត ​លំបាក​នឹង​ទទួល​បាន ​ទោះ​ជា​ខ្ញុំ​មាន​សមត្ថភាព​ បទ​ពិសោធ​ច្រើន​ឆ្នាំ​ក៏​ដោយ»​៕