
កីឡាករកម្ពុជា ប្រាក់ ធីវ៉ា បានព្យាយាមគ្រប់គ្រង់បាល់ ពីការរារាំងរបស់ក្រុមថៃ នៅក្នុងការប្រកួត កាលពីយប់ថ្ងៃអាទិត្យ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ បាននាំគ្នាបង្ហូរទឹកភ្នែក ដើម្បីបង្ហាញពីការសោកស្តាយ ចំពោះការចាញ់ក្រុម U22 ជម្រើសជាតិថៃ ដោយការទាត់បាល់ប៉េណាល់ទី ៥-៣ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U22 LG Cup 2019 កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។
ជាមួយគ្នានេះ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញពីមោទនភាព ទៅលើការខិតខំប្រឹងប្រែងកូនក្រុមរបស់លោក ដោយសារពួកគេបានប្រឹងប្រែងលេងអស់ពីសមត្ថភាព ហើយលោកបានលើកទឹកចិត្ត កុំឲ្យក្រុម U22 កម្ពុជា បាក់ទឹកចិត្ត គឺត្រូវបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រជាជនកម្ពុជាទាំងមូល។
គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix Dalmas បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះកូនក្រុមរបស់ខ្ញុំ ព្រោះការប្រកួតនៅថ្ងៃនេះ ពួកយើងបានប្រឹងប្រែងលេងអស់ពីសមត្ថភាព ហើយខ្ញុំសូមឲ្យពួកគេប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រជាជនកម្ពុជាទាំងមូល»។

សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យនោះ ក្រុម U22 កម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតប្រជែងជាមួយក្រុម U22 ជម្រើសជាតិថៃ។ ក្រុមទាំង ២ បានធ្វើការវាយបកគ្នាទៅវិញទៅមក ដ៏គួរឲ្យចាប់អារម្មណ៍បំផុត និងបានបង្កើតឱកាសនៅមុខទីដូចគ្នា។
ក្រុមកម្ពុជា និងថៃ បានប្រកួតគ្នាយ៉ាងស្វិតស្វាញរហូតដល់ ១២០ នាទី តែក្រុមទាំង ២ សុទ្ធតែមិនអាចរកបានគ្រាប់បាល់ដូចគ្នា។ ប៉ុន្តែការខកចិត្ត បានកើតមានឡើងចំពោះក្រុម U22 កម្ពុជា នៅក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ដោយសារក្រុមកម្ពុជាបានចាញ់ថៃ ក្នុងលទ្ធផល ៥-៣។
នៅក្នុងការទាត់បាល់ប៉េណាល់ទី កាត់សេចក្តីដ៏រន្ធត់នោះ ទៀត គឹមហេង, ណារ៉ុង កក្កដា និង អ៊ិន សូដាវីដ សុទ្ធតែធ្វើបានសម្រេច តែ ស៊ិន កក្កដា បានទាត់គ្រាប់បាល់ទី ២ ទៅប៉ះរបាទីខាងលើ ផ្ទុយពីនេះកីឡាករ Saringkan, Rithidet, Jedsadakorn, Korrawit និង Ballini សុទ្ធតែធ្វើបានសម្រេចទាំងអស់ ដើម្បីជួយឲ្យក្រុម U22 ថៃ ឈ្នះក្រុមកម្ពុជា ទាំងព្រលឹងចុងសក់លើកនេះ។

ជុំវិញការចាញ់ក្រុម U22 ថៃ ៥-៣ ដោយការទាត់បាល់ប៉េណាល់ទីនេះដែរ លោក Felix Dalmas បានសុំចិត្តដល់អ្នកគាំទ្រកម្ពុជាទាំងអស់ កុំផ្តោតខ្លាំងតែទៅលើលទ្ធផល។ លោកបាននិយាយថា៖«សូមបងប្អូនអ្នកគាំទ្រទាំងអស់ កុំផ្តោតតែទៅលើលទ្ធផលម្យ៉ាង ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងគួរតែផ្តោតទៅលើការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមយើងទាំងមូល»។
ទោះបីជាយ៉ាងណា ទាំងអ្នកទស្សនាផ្ទាល់ និងអ្នកទស្សនាការផ្សាយផ្ទាល់ នៅតាមគេហដ្ឋាន សុទ្ធតែបានបង្ហាញការសោកស្តាយចំពោះលទ្ធផលនេះ ប៉ុន្តែបានកោតសរសើរពីទម្រង់លេង និងការប្រឹងប្រែងលេងអស់ពីចិត្តរបស់ក្រុម U22 កម្ពុជា ហើយមានអ្នកខ្លះ បានប្រៀបប្រដូចការប្រកួតលើកនេះថា «ជាការប្រកួតដ៏ល្អបំផុតរបស់ក្រុមកម្ពុជា ដែលពួកគេ មិនធ្លាប់បានឃើញពីមុនមកនោះទេ»។
ដោយឡែក ខ្សែប្រយុទ្ធ Luthfi បានទាត់បាល់ហ្រ្វីឃីក បញ្ចូនទីយ៉ាងស្អាត នៅនាទីទី ៧០ ដើម្បីជួយឲ្យក្រុម U22 ឥណ្ឌូនេស៊ី ឈ្នះក្រុម U22 វៀតណាម ១-០ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យនោះដែរ ហើយលទ្ធផលនេះ ឥណ្ឌូនេស៊ី ត្រូវជួបថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃអង្គារ ម៉ោង ៦:៣០ រីឯក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ ជាមួយក្រុមវៀតណាម នៅរសៀលម៉ោង ៣:៣០ ថ្ងៃអង្គារនោះដែរ៕

