ភ្នំពេញ៖​ ក្រុម​ប៉េតង់​ក្រសួង​ការពារ​ជាតិ (ទ័ព) បាន​រក​ឃើញ​លទ្ធផល​ដ៏​គាប់​ប្រសើរ​វិញ​ហើយ គឺ​ការ​ឈ្នះ​​ពាន​ធំ នៃ​ការ​ប្រកួត​កីឡា​ប៉េតង់ ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី ​១៩ ប្រចាំ​ឆ្នាំ ​២០១៩ ស្រប​ពេល​ដែល​ក្រុម​កំពង់​សំណាញ់ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា ពិសេស​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​មាន​ការ​ភ្ញាក់​​ផ្អើល ពី​ការ​ឈ្នះ​ពាន​លើ​វិញ្ញាសា ​៣ នាក់ ​ទល់ ​៣ ​នាក់ ​ផ្នែក​យុវជន​របស់​ពួក​គេ។

គេ​នៅ​ចាំ​បាន​ថា ​ការ​ប្រកួត​កីឡា​​ប៉េតង់​ពាន​រង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន លើក​ទី ​៧ ឆ្នាំ ​២០១៩ កាល​ខែ​កញ្ញា កន្លង​មក​នេះ ក្រុម​ក្រសួង​ការពារជាតិ ​បាន​បាត់បង់​ឱកាស​ឈ្នះ​ពាន​ធំ លើ​វិញ្ញាសា ​៣ នាក់ ​ទល់ ​៣ នាក់ ពាន​ធំ​នេះ ក្រោយ​ពួក​គេ​បាន​ចាញ់​ក្រុម​ក្រសួង​មហាផ្ទៃ ១៣-១២ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ប៉ុន្តែ​​ការ​ប្រកួត ​៣ នាក់ ​ទល់ ​៣ នាក់ ​ពាន​ធំ​ក្នុង​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី ​១៩ ដែល​ទើប​បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ កន្លង​មក​នេះ ក្រុម​ក្រសួង​ការពារ​ជាតិ របស់​ម្ចាស់​មេដាយ​មាស​ពិភព​លោក សុខ ច័ន្ទ​មាន បាន​យក​ឈ្នះ​ក្រុម​សមាគម​កីឡា​ប៉េតង់​ខេត្ត​តាកែវ ដោយ​មិន​សូវ​លំបាក​ឡើយ ដើម្បី​គ្រង​តំណែង​ជើងឯក ខណៈ​លេខ ​៣ ​បាន​ទៅ​ក្រុម​សេនារាជសីហ៍។

ដោយ​ឡែក ​ក្រុម​កំពង់​សំណាញ់ មក​ពី​ខេត្ត​កណ្តាល បាន​​យក​ឈ្នះ​ក្រុម មជ្ឈមណ្ឌល​កីឡា ខ.ភ.ម ដែល​សម្បូរ​ទៅ​ដោយ​កីឡាករ​ថ្នាល​ជម្រើស​ជាតិ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​គ្រង​តំណែង​ជើងឯក លើ​វិញ្ញាសា ​៣ នាក់ ​ទល់ ​៣ នាក់ ផ្នែក​យុវជន ខណៈ​លេខ ​៣ បាន​ទៅ​លើ​ក្រុម​កីឡាប៉េតង់ ​២ ធ្នូ។

ការ​ឈ្នះ​ពាន​របស់​ក្រុម​យុវជន​កំពង់​សំណាញ់ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ចំណែក ​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ចាត់​ទុក​ជ័យ​ជម្នះ​របស់​ក្រុម​នេះ​ថា ជា​លទ្ធផល​ល្អ ដែល​កើត​ចេញ​ពី​ការ​បណ្តាក់​ទុន​របស់​សហព័ន្ធ ហើយ​នៅ​ក្នុង​ចំណោម​អត្តពលិក​ជាង ​៣០០ ​នាក់ មក​ពី ៤២ ក្លិប​សមាគម ដែល​បាន​ចូលរួម​ក្នុង​​ព្រឹត្តិការណ៍​នេះ ក៏​មាន​ក្រុម​យុវជន​​ច្រើន​ផង​ដែរ។

លោក ស សុខា បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រោយ​ការ​ប្រកួត​ថា៖ ​«​ក្នុង​គោល​បំណង និង​ទិសដៅ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ ​យើង​បាន​ផ្តល់​ឱកាស​ច្រើន​ដល់​យុវជន ជា​ពិសេស​យុវជន​ថ្នាល ដែល​យើង​បាន​បណ្តុះ​បណ្តាល​នៅ​តាម​មន្ទីរ រាជធានី ​ខេត្ត ក្នុង​នោះ​យើង​ឃើញ​ហើយ​ថា ការ​ប្រកួត​ ​៣ នាក់ ​ទល់ ​៣ ​នាក់ គឺ​យុវជន​មក​ពី​ខេត្ត​កណ្តាល ដែល​មាន​អាយុ​ចន្លោះ​ពី ​១៥ ឆ្នាំ ទៅ ​១៦ ​ឆ្នាំ​ទេ ប៉ុន្តែ​ពួក​គាត់​អាច​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ»។

«អ៊ីចឹង​មាន​ន័យ​ថា ផល​ដែល​យើង​បាន​បណ្តាក់ទុន កន្លង​មក​នេះ គឺ​យើង​ទទួល​បាន​ផល​មួយ ដែល​យើង​គិត​ថា អាច​ទទួល​យក​បាន។ ពិត​មែន​តែ​គាត់​នៅ​ក្មេង​ខ្ចី តែ​យើង​ត្រូវ​តែ​បន្ត និង​ពង្រឹង​បន្ថែម ធ្វើ​ម៉េច​ផ្តល់​ភាព​កក់​ក្តៅ​ជូន​ពួក​គាត់ អ៊ីចឹង​យើង​ត្រូវ​តែ​ជួយ​ជំរុញ​ គឺ​មិនមែន​តែ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​គុណភាព​ល្អ ដើម្បី​ចម្រាញ់​បាន​យុវជន​ល្អៗ សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ទាំង​នៅ​ឆ្នាំ ​២០១៩ ​នេះ ឆ្នាំ ​២០២១ នៅ​វៀតណាម និង​ស៊ីហ្គេម ឆ្នាំ​​ ២០២៣ នៅ​កម្ពុជា»។ លោក ស សុខា បាន​បន្ថែម។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត ២ នាក់ ​ទល់ ​២ នាក់ ផ្នែក​យុវនារី ក្រុម​មជ្ឈមណ្ឌល ខ.ភ.ម បាន​យក​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ ដើម្បី​ទទួល​បាន​លេខ ​១ ខណៈ​លេខ ​៣ ​បាន​ទៅ​ក្រុម​​ទីស្តីការ​គណៈរដ្ឋមន្រ្តី។ រីឯ​ការ​ប្រកួត ​៣ នាក់ ​ទល់ ​៣ នាក់ ​ផ្នែក​នារី ក្រុម​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​លេខ ​១ ក្រោយ​ឈ្នះ​ក្រុម​យោធភូមិភាគ​ពិសេស ហើយ​លេខ ​៣ ​បាន​ទៅ​ក្រុម​ក្រសួង​ការពារ​ជាតិ។ ចំពោះ​ការ​ប្រកួត ​៣ នាក់ ​ទល់ ​៣ នាក់ វ័យ​ចាស់ ​ក្រុម​សាលា​ខេត្ត​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​ទីស្តីការ​គណៈរដ្ឋមន្រ្តី ដើម្បី​គ្រង​ជើងឯក ខណៈ​ក្រុម​ដំរី​ជាន់​ខ្លា​ខេត្ត​កំពង់ធំ​បាន​លេខ ​៣៕