ភ្នំពេញ៖ ​ក្រុម​​ក្រសួង​ការពារ​ជាតិ (ទ័ព) មិន​បាន​បង្ហាញ​ពី​មហិច្ឆតា​ចង់​រារាំង​ដំណើរ​ឈ្នះ​ពាន​មុន​បិទ​រដូវកាល​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០១៩ របស់​ក្រុម​មិន​ទាន់​ស្គាល់​ការ​ចាញ់​សោះ ព្រះខ័នរាជ​ស្វាយរៀង នោះ​ទេ ខណៈ​ក្រុម​ទាំង ​២ ត្រូវ​វិល​មក​ជួប​គ្នា នៅ​ថ្ងៃ​អាទិត្យ​នេះ ចំណែក​ក្រុម​វិសាខា ​ក៏​ត្រូវ​ជម្រះ​បញ្ជី​ចាស់​​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ដើម្បី​លុប​បំបាត់​ហ្មង​សៅ កាល​ជំនួប​ជើង​ទី ​១ ​ផង​ដែរ។

ក្រុម​ស្វាយរៀង ធ្លាប់​បាន​យក​ឈ្នះ​ទ័ព ២-១ ម្តង​ហើយ កាល​ប្រកួត​ជើង​ទី ​១ ហើយ​ការ​វិល​មក​ជួប​គ្នា​លើក​នេះ ​គឺ​ត្រឹម​លទ្ធផល​ស្មើ ក៏​ស្វាយរៀង​អាច​ឈ្នះ​ពាន​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិន​ចាំបាច់​អ៊ុត​មើល ​២ ​ប្រកួត​ចុង​ក្រោយ​បាន​ដែរ ព្រោះ ​២៣ ​ប្រកួត​មក​នេះ ស្វាយ​រៀង​មាន ៥៩ ​ពិន្ទុ គឺ​ដាច់​ឆ្ងាយ​ពី​ក្រុម​លេខ ​២ វិសាខា រហូត​ដល់ ​៨ ពិន្ទុ​ឯណោះ ហើយ​លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង បាន​ប្រាប់​ថា ការ​ជួប​ក្រុម​ទ័ពលើក​នេះ ក៏​ស្ថិត​នៅ​ក្នុង​ឱកាស​ឈ្នះ​ពាន មុន​បិទ​រដូវ​កាល​របស់​ក្រុម​លោក​ផង​ដែរ។

ជុំវិញ​រឿង​នេះ លោក ទេព ឡុងរចនា អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​ថា៖ ​«បើ​គេ​ចង់​លើក​ពាន មុន​បិទ​រដូវកាល​ទៅ​ហើយ​នោះ ឲ្យ​គេ​ទៅ ព្រោះ​បើ​យើង​រារាំង​គេ ក៏​យើង​មិន​បាន​ពាន​នោះ​ដែរ។ ​ម្យ៉ាង​ទៀត យើង​ខ្វះ​កម្លាំង​ក្នុង​ការ​លេង ហើយ​អារម្មណ៍​កីឡាករ​របស់​យើង​មួយ​ចំនួន​ពេល​នេះ ក៏​ដូច​ជា​អ្នក​ឈឺ​ដែរ ​គឺ​លែង​មាន​មហិច្ឆតា​មោះមុត​ទៀត​ហើយ អ៊ីចឹង​យើង​មាន​តែ​រុញ​ទូក​បណ្តោយ​ទឹក»។

តាមរយៈ​ការ​ប្រកួត ​២៣ ​លើក​កន្លង​មក​នេះ ក្រុម​ទ័ព បាន​ធ្លាក់​ទៅ​ឈរ​នៅ​លេខ ៧ មាន​ត្រឹម ៣៥ ​ពិន្ទុ ហើយ​ពួក​គេ​ក៏​គ្មាន​ឱកាស ​វិល​មក​ឈរ​នៅ​តំបន់​កំពូល​តារាង​ទាំង ​៤ វិញ​នោះ​ដែរ ព្រោះ​​វិសាខា ដែល​មាន ​៥១ ពិន្ទុ និង​ណាហ្គាវើល មាន ​៤៨ ​ពិន្ទុ គឺ​ប្រាកដ​ណាស់​ថា នឹង​ស្ថិត​​នៅ Top4 ដោយ​ស្វ័យ​ប្រវត្តិ។ រីឯ បឹងកេត ដែល​កំពុង​ឈរ​នៅ​លេខ​៤ មាន ៤៣ ​ពិន្ទុ នៅ​សល់​ការ​ប្រជែង​ពី​ក្រុម​ឈរ​នៅ​លេខ ​៥ អង្គរ​ថាយហ្គឺរ ​មាន ៤២ ​ពិន្ទុ និង​ភ្នំពេញ​ក្រោន មាន ៤១ ពិន្ទុ។​

លោក ឡុងរចនា បាន​បន្ថែម​ថា៖ ​«នៅ​ពេល​នេះ ក្រុម​ស្វាយរៀង​ខ្លាំង​ជាង​យើង ព្រោះ​គេ​កំពុង​ឡើង​ជើង ពិសេស​គេ​មាន​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត ឆន្ទៈ និង​ស្មារតី​ក្នុង​ការ​ប្រកួត​ខ្លាំង ដើម្បី​សម្រួច​ទិសដៅ​ទៅ​រក​ការ​ឈ្នះ​ពាន មុន​បិទ​រដូវ​កាល​របស់​ពួក​គេ ដូច្នេះ​យើង​ពិបាក​ទប់​គេ​ហើយ ហើយ​យើង​ក៏​គ្មាន​មហិច្ឆតា​ទប់ស្កាត់​ការ​ឈ្នះ​ពាន​របស់​គេ​ដែរ គឺ​យើង​នឹង​លេង​ទៅ​តាម​ធម្មតា»។

ដោយ​ឡែក​ក្រុម​វិសាខា ដែល​ជា​គូ​ប្រជែង​យក​ពាន​តែ​មួយ​គត់​របស់​ក្រុម​ស្វាយរៀង​នោះ នឹង​ត្រូវ​ជម្រះ​បញ្ជី​ចាស់​ជាមួយ​ក្រុម​អាស៊ីអឺរ៉ុប ដើម្បី​លុប​លាង​ការ​ចាញ់ ៣-១ កាល​ពី​ជើង​ទី ​១ ហើយ​ការ​ដណ្តើម ​៣ ពិន្ទុ​លើក​នេះ ក៏​​នឹង​ជួយ​ឲ្យ វិសាខា អាច​ការពារ​ទីតាំង​លេខ ​២ ពី​ការ​ប្រជែង​របស់​ណាហ្គាវើល​ដែរ៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃសៅរ៍

-គិរីវង់ v អង្គរ​ថាយហ្គឺរ កីឡដ្ឋាន​គិរីវង់​សុខសែន​ជ័យ ៣:៣០

-ភ្នំពេញ​ក្រោន v អគ្គិសនី​កម្ពុជា កីឡដ្ឋាន RSN ៦:០០

-ណាហ្គាវើល v យុវជន​បាទី U18 កីឡដ្ឋាន​ស្តាតចាស់ ៦:០០

៤ ​ប្រកួត នៅ​ថ្ងៃ​អាទិត្យ

-សូលទីឡូ​អង្គរ v ខេត្ត​កំពង់ចាម កីឡដ្ឋាន​សៀមរាប ៣:៣០

-អាស៊ី​អឺរ៉ុប v វិសាខា កីឡដ្ឋាន AEU Sport Park ៣:៣០

-បឹងកេត v ប៉ូលិស កីឡដ្ឋាន​ខេមបូឌា​អ៊ែរវ៉េ ៣:៣០

-ស្វាយរៀង v ទ័ព នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ៦:០០