The Phnom Penh Post Search

Search form

ទ័ព ចង់ឃើញ ពលរដ្ឋ អភិវឌ្ឍ​ខ្លួន​នៅ Buriram

Content image - Phnom Penh Post
​ច្រឹង ពលរដ្ឋ ​នឹង​ពាក់អាវ​លេខ ​២៤ ពេល​រូបគេ​ចូលលេង​ជាមួយ​ក្រុម Buriram United។ សហការី

ទ័ព ចង់ឃើញ ពលរដ្ឋ អភិវឌ្ឍ​ខ្លួន​នៅ Buriram

ភ្នំពេញ: ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ (ទ័ព) បាន​ឈាន​ដល់​ការ​ឯក​ភាព ក្នុង​ការ​បញ្ជូន​កីឡាករ ច្រឹង ពលរដ្ឋ ឲ្យ​ទៅ​លេង​នៅ​ក្លិប Buriram United ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល ២ ឆ្នាំ ហើយ​ថ្នាក់​ដឹកនាំ​របស់​ក្លិប​នេះ សង្ឃឹម​ថា ច្រឹង ពលរដ្ឋ អាច​នឹង​កសាង​អនាគត​បាន​ល្អ ក៏​ដូចជា​អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​កាន់​តែ​ខ្លាំង នៅ​ក្នុង​ក្លិប​អាជីព​របស់​ថៃ​មួយ​នេះ ដើម្បី​គេ​អាច​នាំ​យក​បច្ចេកទេស​ល្អៗ​ទាំង​នោះ មក​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ។

លោក ខូវ ឆាយ អគ្គលេខាធិ​ការ​ក្លិប​ក្រសួងការពារជាតិ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «ច្រឹង ពលរដ្ឋ ត្រូវ​បាន​ក្លិប Buriram ខ្ចី​ជើង​ក្នុង​រយៈពេល ២ ឆ្នាំ ហើយ​នៅ​ក្នុង​ការ​ខ្ចី​ជើង​នេះ ពលរដ្ឋ នឹង​ទទួល​បាន​ប្រាក់​ខែ​លើ ៥ ពាន់​ដុល្លារ ក្នុង ១ ខែ»។

បន្ថែម​លើ​នេះ ក្លិប Buriram United ក៏​នឹង​ផ្តល់ជូន​នូវ​រថយន្ដ ១ គ្រឿង និង​ខុន​ដូ ១ សម្រាប់​ឲ្យ ច្រឹង ពលរដ្ឋ ប្រើប្រាស់ និង​ស្នាក់​នៅ ក្នុង​អំឡុង​ពេល​រូប​គេ លេង​ឲ្យ​ក្លិប​លីក​កំពូល​ថៃ​នេះ​ដែរ ហើយ​អ្វី​ដែល​សំខាន់​នោះ ពលរដ្ឋ នឹង​ទទួល​បាន​ការ​មើល​ថែ និង​ព្យាបាល​ជំងឺ​ដាច់​សរសៃ​ពួរ នៅ​ក្លិប Buriram United រហូត​បាន​ជា​សះ​ស្បើយ ១០០ ភាគរយ​ទៀត​ផង។

លោក ខូវ ឆាយ បាន​បន្ថែមថា៖ «Buriram បាន​ចាប់អារម្មណ៍ និង​តាមដាន​ការ​ប្រកួត​របស់ ច្រឹង ពលរដ្ឋ ជិត ២ ឆ្នាំ​មក​ហើយ ព្រោះ​គេ​មើល​ឃើញ​ថា គាត់​នៅ​ក្មេង និង​មាន​សក្តានុពល ហើយ​ចុង​ក្រោយ​នេះ​គាត់​បាន​បង្ហាញ​ខ្លួន​ល្អ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី តែ​គួរ​ឲ្យ​សោក​ស្តាយ​ដែល ច្រឹង ពលរដ្ឋ មាន​របួស​ដាច់​សរសៃ​ពួរ ទើប​ធ្វើ​ឲ្យ​ការ​ចរចា​ខ្ចី​ជើង​នោះ បាន​អាក់​ខាន ប៉ុន្តែ​ពេល​នេះ ច្រឹង ពលរដ្ឋ បាន​ជា ៨០ ភាគរយ​ហើយ អ៊ីចឹង ហើយ​ទើប Buriram បាន​ចាប់​អារម្មណ៍ ក្នុង​ការ​យក​គាត់​ទៅ​ព្យាបាល»។

អគ្គលេខាធិការ​ក្លិប​រូបនេះ បាន​បញ្ជាក់ថា៖ «ក្លិប​ក្រសួងការពារជាតិ គិតថា ការខ្ចី​ជើង​នេះ វា​ល្អ​សម្រាប់​អនាគត ច្រឹង ពលរដ្ឋ ក្នុង​ការ​ទៅ​ប្រាកដ​អាជីព នៅ​ក្លិប​អាជីព មាន​កម្រិត​ស្តង់ដារ​ត្រឹម​ត្រូវ។ យើង​ជឿថា នៅ​ទីនោះ នឹង​មាន​ពេទ្យ​ជំនាញ និង​អ្នក​ឯក​ទេស អាច​មើល​ថែ និង​ព្យាបាល​គាត់​បាន​ល្អ អាច​ជា​ឆាប់​រហ័ស នឹង​អាច​វិល​មក​រក​ទម្រង់​ដើម ហើយ​បើ ច្រឹង ពលរដ្ឋ អាច​ហ្វឹកហាត់ ចូល​លេង​ជាមួយ​គេ​បាន គឺ​ការ​ប្រកួត​ប្រជែង កាន់​តែ​ខ្លាំង​ជាង​នៅ​លីក​កម្ពុជា​យើង។ ជារួម យើង​ចង់​ឲ្យ​គាត់ ទៅ​រក​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ដើម្បី​អភិវឌ្ឍ​ខ្លួន ហើយ​ក៏​ដូចជា​ចូលរួម​អភិវឌ្ឍ​បាល់​ទាត់​ជម្រើស​ជាតិ​របស់​យើង»។

លោក ខូវ ឆាយ បាន​ប្រាប់ទៀតថា៖ «ក្នុង​រយៈពេល​ខ្ចី​ជើង ២ ឆ្នាំនេះ Buriram អាច​ចរចា​ទិញ ច្រឹង ពលរដ្ឋ ដាច់​នៅ​ពេល​វេលា​ណាមួយ ដែល​ក្លិប​នេះ​យល់​ឃើញ​ថា ពលរដ្ឋ មាន​ទម្រង់​ល្អ អាច​លេង​នៅ​ក្លិប​របស់​គាត់​បាន។ ផ្ទុយ​ទៅ​វិញ បើ ច្រឹង ពលរដ្ឋ មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ឬ​ធ្វើ​ខុស​ទៅ​នឹង​វិន័យ បទ​បញ្ជា​របស់​ក្លិប គឺ Buriram មាន​សិទ្ធិ​ផ្តាច់​កុងត្រា​មុន​ពេល​កំណត់ ប៉ុន្តែ​បើ​សិន​ផ្តាច់​កុងត្រា​ក្នុង​លក្ខខណ្ឌ ពលរដ្ឋ មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​ល្អ អាហ្នឹង​ខាង​ក្លិប Buriram ត្រូវ​មាន​សំណង​សង​ការ​ខូច​ខាត​មក​ដល់​កីឡាករ​យើង»៕

អត្ថបទគួរចាប់អារម្មណ៍