ភ្នំពេញៈ ស្រប​ពេល​ដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បញ្ចប់​ភារកិច្ច​ ១ ​ដំណាក់កាល​នៅក្នុង​ការប្រកួត​ជម្រុះ​ជុំ​ទី​ ១ នៃ​វគ្គ​ជម្រុះ World Cup 2022 និង Asian Cup 2023 នោះ ក្រុម​លីក​កំពូល​ទាំង​ ១៤ ​ក្រុម​នឹង​វិល​មក​ប្រជែង​គ្នា​ជាថ្មី​នៅលើ​ទីលាន​នា​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ដើម្បី​រក​ក្រុម​ដែល​ដណ្តើម​បាន​ ៣ ​ពិន្ទុ​ជា​បន្តទៀត​។

ការឈប់​សម្រាក​ ១ ​សប្តាហ៍​បាន​ធ្វើឲ្យ​ក្រុម​នីមួយៗ​កាន់តែ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការត្រៀមខ្លួន​សម្រាប់​ការប្រកួត​ប្រចាំ​សប្តាហ៍​នេះ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ក្រុម​ក្រសួង​ការពារជាតិ (​ទ័ព​) នៅ​តែ​ប្រឈម​នឹង​វិបត្តិ​ខ្វះ​កីឡាករ ខណៈ​កីឡាករ​សំខាន់ៗ​របស់​ខ្លួន​មាន ឈិន ឈឿន​, ច្រឹង ពលរដ្ឋ​, អ៊ុព កាម៉ុល​, កាន់ វិសាល និង​ខ្សែបម្រើ​បរទេស​ទាំង​ ២ ​គឺ Obi និង Mohamed Hamza សុទ្ធតែ​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ជា​កីឡាករ​មាន​របួស​ជាប់​ខ្លួន មិន​អាច​ជួយ​ក្រុម​បាន​នោះ​។

បញ្ហា​របួស​កីឡាករ​សំខាន់ៗ​នេះ​ធ្វើឲ្យ​លោក ទេព ឡុងរចនា អ្នកចាត់ការ​ទូទៅ​ក្រុម​ទ័ព កំពុង​មាន​ការបារម្ភ ខណៈ​ទ័ព​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ស្តាតចាស់ ដើម្បី​ស្វាគមន៍​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ដែល​ត្រូវការ​ឈ្នះ​ខ្លាំង​បំផុត ដើម្បី​ការពារ​ទីតាំង​កំពូល​តារាង​ពី​ការប្រជែង​របស់ ណាហ្គាវើល​នោះ ព្រោះ​សប្តាហ៍​នេះ ណាហ្គា អាច​នឹង​យក​ឈ្នះ​ក្រុម​សាលា បាល់ទាត់​ជាតិ​បាទី ដើម្បី​ទទួល​បាន​ ៣ ​ពិន្ទុ​បន្ថែម​។

លោក ទេព ឡុងរចនា បាន​ប្រាប់ កាលពី​ម្សិលមិញ​ថា​៖ «​រាល់​ការប្រកួត​យើង​តែង​មាន​មហិច្ឆតា​ចង់​ឈ្នះ ប៉ុន្តែ​កាលៈទេសៈ​ពេល​នេះ យើង​កំពុង​មាន​វិបត្តិ​ទៅលើ​ការខ្វះ​កម្លាំង​ក្នុង​ការប្រកួត ព្រោះ​កីឡាករ​សំខាន់ៗ​របស់​យើង​ជាច្រើន​នាក់​សុទ្ធតែ​មាន​របួស​មិន​អាច​ចូលរួម​ជួយ​ក្រុម​បាន ហេតុនេះ​អ្វី​ដែល​យើង​គួរ​ធ្វើ​ពេល​ជួប​ក្រុម​ស្វាយរៀង​លើក​នេះ​គឺ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​គេ​ទាត់​ចូល​យើង​ច្រើន និង​ព្យាយាម​ឲ្យ​បាន​ត្រឹម​ស្មើ​គឺ​ល្អ​ហើយ​»​។

យ៉ាងណា​ក៏ដោយ​លោក ទេព ឡុងរចនា បាន​បន្ថែម​ថា​៖ «​កាល​ប្រកួត​ជាមួយ​ក្រុម​វិសាខា និង​ក្រុម​ភ្នំពេញ​ក្រោន​ក៏​យើង​មាន​វិបត្តិ​ទៅ​លើ​បញ្ហា​របួស​របស់​កីឡាករ​ស្រដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​យើង​មាន​សំណាង​បាន​ឈ្នះ​វិសាខា តែ​ចាញ់​ភ្នំពេញ​ក្រោន​អ៊ីចឹង​ការប្រកួត​វា​មើល​មិន​ឃើញ​នោះ​ទេ​ជួនកាល​យើង​អាច​មាន​សំណាង ពេល​ជួប​ក្រុម​ស្វាយរៀង​លើក​នេះ​ក៏​ថា​បាន ព្រោះ​យើង​លេង​ដោយ​ការយក​ចិត្ត​ទុកដាក់​»​។

តាមរយៈ​ការប្រកួត​ ១០ ​លើក​កន្លង​មក​នេះ​ក្រុម​ទ័ព​កាន់តែ​ឃ្លាតឆ្ងាយ​ពី​តំបន់​កំពូល​តារាង​ទាំង​ ៤​។ បើ​ទោះបី​ជា​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង វិសាខា ១-០ ប៉ុន្តែ​ការ​មក​ចាញ់​ក្រុម​ភ្នំពេញក្រោន ៣-១ បាន​ធ្វើឲ្យ​ពួកគេ ធ្លាក់​មក​ឈរ​នៅ​លេខ​ ៦ ដោយ​មាន​ត្រឹម​ ១៧ ​ពិន្ទុ​ប៉ុណ្ណោះ​គឺ​តិច​ជាង​ក្រុម​ស្វាយរៀង ដែល​មាន​ ២៦ ​ពិន្ទុ ណាហ្គាវើល​មាន​ ២៤ ​ពិន្ទុ​ក្រុម​ឈរ​នៅ​លេខ​ ៣ អង្គរថាយហ្គឺរ​មាន​ ២១ ​ពិន្ទុ បឹងកេត​មាន​ ២០ ​ពិន្ទុ និង​ក្រុម​ឈរ​នៅ​លេខ​ ៥ ​វិសាខា​មាន​ ១៩ ​ពិន្ទុ​។

ជាមួយ​គ្នា​នេះ​អង្គរថាយហ្គឺរ បឹងកេត និង​វិសាខា សុទ្ធតែ​មាន​ភាគរយ​ច្រើន​ជាង​ក្រុម​ទ័ព​ក្នុង​ការរក​បាន​ ៣ ​ពិន្ទុ​បន្ថែម​នៅ​សប្តាហ៍​នេះ ព្រោះ​ក្រុម​ទាំង​ ៣ ​នេះ​សុទ្ធ​តែ​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ ស្វាគមន៍​ដៃគូ​ប្រកួត​ដែល​មាន​កម្រិត​លេង​ហាក់​នៅ​ទាប​ជាង​ពួកគេ​។ រីឯ​សូលទីឡូ​អង្គរ​នឹង​ក្លាយ​ជា​ក្រុម​ដែល​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ប្រចាំ​សប្តាហ៍​នេះ ព្រោះ​ពួកគេ​ត្រូវ​ទៅ​ជួប​ក្រុម​កំពុង​ឈរ​នៅ​បាត​តារាង​មាន​ទម្រង់​លេង​នៅ​ខ្ចី​បទពិសោធ ខេត្ត​កំពង់ចាម​ដែល​ទើប​ចាញ់​ក្រុម​ប៉ូលិស​ក្នុង​លទ្ធផល ១៤-២៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-​សាលា​បាល់ទាត់​ជាតិ v ក្រុម​ណាហ្គាវើល​នៅ​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ១៥:៣០

-​ទ័ព v ស្វាយរៀង កីឡដ្ឋាន​ស្តាតចាស់ ១៨:០០

-​អគ្គិសនី​កម្ពុជា v ភ្នំពេញ​ក្រោន កីឡ.អគ្គិសនី​កម្ពុជា ១៥:៣០

៤​ប្រកួត​ត្រូវ​លេង​នៅ​ថ្ងៃ​អាទិត្យ

-​វិសាខា v អាស៊ី​អឺរ៉ុប កីឡដ្ឋាន​វិសាខា ១៨:០០

-​អង្គរថាយហ្គឺរ v គិរីវង់​សុខសែនជ័យ កីឡដ្ឋាន​ខេត្ត​សៀមរាប ១៥:៣០

-​ខេត្ត​កំពង់ចាម v សូលទីឡូអង្គរ កីឡដ្ឋាន​ស្តាតចាស់ ១៥:៣០

-​បឹងកេត v ប៉ូលិស កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ១៥:៣០