The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទ័ព និង​ភ្នំពេញ​ក្រោន ហាក់​ខ្លាច​គ្នា ទោះ​មាន​មហិច្ឆតា​ធំ​រៀងខ្លួន

ទ័ព និង​ភ្នំពេញ​ក្រោន ហាក់​ខ្លាច​គ្នា ទោះ​មាន​មហិច្ឆតា​ធំ​រៀងខ្លួន

Content image - Phnom Penh Post
ប្រាក់ ធីវ៉ា របស់​ភ្នំពេញក្រោន (​ឆ្វេង​) និង រឿម ចាន់រឿន របស់​ទ័ព​ប្រជែង​គ្នាយ​កបាល់​កន្លង​មក​។ រូប CNCC

ទ័ព និង​ភ្នំពេញ​ក្រោន ហាក់​ខ្លាច​គ្នា ទោះ​មាន​មហិច្ឆតា​ធំ​រៀងខ្លួន

ភ្នំពេញៈ ក្រុម​ការពារ​តំណែង​ជើងឯក ក្រសួង​ការពារជាតិ និង​អតីត​ម្ចាស់​ជើងឯក​ ២ ​សម័យកាល ភ្នំពេញ​ក្រោន បានបង្ហាញ​ពី​ការខ្លាច​រអា​គ្នា​ទៅវិញ​ទៅមក នៅពេល​ក្រុម​ទាំង​ ២ ត្រូវ​វិល​មកជួប​គ្នា​ក្នុង​ការប្រកួត​ជើង​ទី​ ១ វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​ ១៣ ឆ្នាំ​ ២០១៩ នៅ​កីឡដ្ឋាន​ស្តាតចាស់​នា​ល្ងាច​ម៉ោង​ ៦ ថ្ងៃ​ពុធ​នេះ បើ​ទោះបី​ជា​ក្រុម​ទាំង​ ២ សុទ្ធ​តែមាន​មហិច្ឆតា ចង់​ឈ្នះ​ពាន​នៅ​រដូវកាល​នេះ​ដូចគ្នា​ក៏ដោយ​។

អគ្គលេខាធិការ​ក្លិប​ក្រសួង​ការពារជាតិ​លោក ខូវ ឆាយ បានចាត់ទុក​ការចាប់​ឆ្នោត​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោន​ក្នុង​វគ្គ​ ៨ ​ក្រុម​នេះ​ថា​ជា​ការប្រកួត​ដែល​ពិបាក​។ លោក​និយាយថា​៖ «​ការជួប​ក្រុម​ភ្នំពេញ​ក្រោន​ជា​ជំនួប​ដ៏តានតឹង​មួយ ព្រោះ​គាត់​ក៏​ជា​អតីត​ម្ចាស់​ជើងឯក​បាន​ ២ ​ដង​ផងដែរ​។ ម្យ៉ាងទៀត​ភ្នំពេញ​ក្រោន​មាន​ការ​កីឡាករ​វ័យក្មេង​ល្អ​ច្រើន ហើយ​ទ័ព​ក៏​បណ្តុះបណ្តាល​កីឡាករ​ក្នុង​ស្រុក​បាន​ច្រើន​ដែរ អ៊ីចឹង​ខ្ញុំ​ជឿ​ថា​ការប្រកួត​នេះ​នឹង​តឹងតែង​ខ្លាំង ប៉ុន្តែ​វា​ស៊ីសង​ទៅលើ​ការរៀបចំ គឺ​អ្នកណា​រៀបចំ​បានល្អ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​»​។

គួររំឭក​ថា ក្រុមទ័ព​ធ្លាប់​បានឈ្នះ​ជើងឯក​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ជា​លើក​ដំបូង​កាលពី​ឆ្នាំ​ ២០១០ ក្រោយពេល​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ៣-២ វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​នៅ​ឆ្នាំ​ ២០១៦ ក្រុម​នេះ​បាន​ឈ្នះ​ពាន​ម្តងទៀត ក្រោយ​ឈ្នះ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ដោយ​ការទាត់​បាល់​ប៉េណាល់​ទី ៦-៥ បន្ថែម​លើ​លទ្ធផល​ស្មើគ្នា ១-១​។ រីឯ​ការប្រកួត​កាលពី​ឆ្នាំ​ ២០១៨ ទ័ព​បាន​ឈ្នះ​ក្រុម​ប៉ូលិស ៣-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​លើក​ពាន​នេះ​ជា​លើក​ទី​ ៣​។

លោក ខូវ ឆាយ បាន​បន្ថែម​ថា​៖ «​ក្នុងនាម​យើង​ជា​អតីត​ជើងឯក​ឆ្នាំ​មុន យើង​ក៏មាន​សម្ពាធ​ខ្លះ​ដែរ ព្រោះ​យើង​ធ្លាប់ធ្វើ​បាន​ល្អ​នៅក្នុង​ឆ្នាំ​ចាស់ អ៊ីចឹង​យើង​ត្រូវ​បន្តធ្វើ​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត អ៊ីចឹង​វា​ជា​សម្ពាធ នៅពេល​យើង​ជួប​ក្រុម​ដែល​ល្អ​ដូចជា​ភ្នំពេញ​ក្រោន ប៉ុន្តែ​យើង​ត្រូវ​ប្តេជ្ញាចិត្ត​លេង​ឲ្យ​បាន​ ១០០ ​ភាគរយ និង​លេង​ឲ្យ​ឈ្នះ​ក្នុងការ​ប្រកួត​ហ្នឹង ព្រោះ​យើង​ចង់​ឆ្ពោះទៅ​ការពារ​តំណែង​ជើងឯក​របស់​យើង​»​។

សម្រាប់​ការប្រកួត​វគ្គ​ ១៦ ​ក្រុម​កន្លងមកនេះ ក្រុម​ទ័ព​បាន​ទម្លាក់​ក្រុម​អាស៊ី​អឺរ៉ុប​តាមរយៈ​ការយក​ឈ្នះ ៣-១ ក្នុង​ជើង​ទី​ ១ និង​បន្ត​ឈ្នះ ៣-២ នៅ​ជើង​ទី​ ២ ​។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន​បាន​ទម្លាក់​ក្រុម​ខេត្ត​កំពង់ចាម​ដោយ​ការឈ្នះ​ទាំង​ ២ ​ជើង​ជាមួយ​គ្រាប់​បាល់​សរុប ២៤-០ គឺ​ជើង​ទី​ ១ ឈ្នះ ១០-០ និង​ជើង​ទី​ ២ ឈ្នះ​ ១៤-០ ហើយ​ក្រុម​នេះ​ក៏​ធ្លាប់​បាន​ឈ្នះ​ពាន​នេះ​កាលពី​ឆ្នាំ​ ២០០៨ និង​ឆ្នាំ​ ២០០៩ ផង​ដែរ​។

យ៉ាងណា​ក៏ដោយ​ការវិល​មកជួប​ក្រុម​ទ័ព​ក្នុង​វគ្គ ៨ ​ក្រុម​នេះ​លោក កែវ សុខង៉ន អ្នក​ចាត់ការ​ទូទៅ​ក្រុម​ភ្នំពេញ​ក្រោន បាន​និយាយ​ថា​៖ «​យើង​តែងតែ​មាន​ការគោរព​ទៅដល់​ក្រសួង​ការពារជាតិ ព្រោះ​យើង​ដឹង​ហើយ​ថា ទ័ព ជា​អតីត​ជើងឯក​ឆ្នាំ​ ២០១៨ អ៊ីចឹង​ការប្រកួត​នេះ​ពិតជា​មាន​ភាពតានតឹង​មែនទែន ចំពោះ​ភ្នំពេញ​ក្រោន ដោយសារ​ទ័ព​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការលេង​»​។

កែវ សុខង៉ន បាន​បន្ថែម​ថា​៖ «​ការលេង​ជាមួយ​បាល់ យើង​គិតថា កីឡាករ​យើង​ល្អ​ហើយ តែ​ក្តីបារម្ភ​របស់​យើង គឺ​បទពិសោធ​លើ​ទីលាន ព្រោះ​ទ័ព​មាន​កីឡាករ​ចាស់ទុំ​ច្រើន​ក្នុង​ការនាំ​លេង គឺ​គាត់​មាន​បទពិសោធ​ច្រើន ហើយ​នេះ​ជា​ឧបសគ្គ​របស់​យើង​ដែល​សម្បូរ​កីឡាករ​វ័យក្មេង​មិនទាន់​មាន​បទពិសោធ​លើ​ទីលាន​ច្រើន​។ តែ​ទោះបីជា​យ៉ាងណា​យើង​ត្រូវតែ​ខំប្រឹង និង​រៀបចំ​ក្រុម​ឲ្យ​បានល្អ សម្រាប់​ជំនួប​នេះ ព្រោះ​យើង​ចង់បង្ហាញ​ពី​ឆន្ទៈ​នៃ​ការលេង​របស់​ក្រុម​យើង​។ យើង​បាន​ខកខាន​ការឈ្នះ​បាន​នេះ​យូរ​ឆ្នាំ​មក​ហើយ អ៊ីចឹង​គោលដៅ​របស់​ប្រធាន​ក្លិប​ពិតជា​ចង់បាន​ពាន​នេះ​ខ្លាំង​មែនទែន​នៅ​ឆ្នាំ​នេះ​»៕

អត្ថបទគួរចាប់អារម្មណ៍