ភ្នំពេញៈ ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ (​ទ័ព​) បាន​ប្តូរ​ឈ្មោះ​ទៅជា​សមាគម​កីឡាបាល់ទាត់​យោធពល​ខេមរភូមិន្ទ​ហៅ​កាត់​ថា TIFFY Army FC ដែល​ដាក់​ឲ្យ​នៅក្រោម​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ហើយ​ក្លិប​នេះ​បាន​បង្កើត​គណៈកម្មការ​គ្រប់គ្រង និង​ទ្រទ្រង់​មួយ ដែល​មាន​ថវិកា​សម្រាប់​ប្រតិបត្តិការ​ចំនួន​ ៣០ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ក្នុង​កិច្ចសន្យា​ជា​ផ្លូវការ​ចំនួន​ ១០ ​ឆ្នាំ​។

ការប្តូរឈ្មោះ និង​ការបង្កើត​គណៈកម្មការ​គ្រប់គ្រង និង​ទ្រទ្រង់​នេះ​គឺ​ត្រូវ​បានប្រកាស​ជា​ផ្លូវការ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សណ្ឋាការ​សូហ្វីតែល​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ហើយ​លោក ស៊ុប៉ាឆៃ វិរៈជុង អគ្គនាយកស្ថានីយ​ទូរទេស​ប៉ុស្តិ៍​លេខ​ ៥ ត្រូវបានតែងតាំង​ជា​ប្រធាន ចំណែក​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​ជា​អនុប្រធាន​លោក ខូវ ឆាយ ជា​អគ្គលេខាធិការ និង​លោក ទេព ឡុង​រចនា​ជា​គ្រូបង្វឹក​។

លោកនាយ​ឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ​បាន​ថ្លែងថា​៖ «​ក្នុង​កំណែទម្រង់​កីឡា​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​គឺ​យើង​ស្វះស្វែងរក​គោលដៅ​ច្បាស់ ដើម្បី​បង្ក​ឲ្យ​កីឡា​មាន​ភាព​រីកចម្រើន​ក្នុង​នោះ​ស្វែងរក​ការឧបត្ថម្ភ​ដល់​អត្តពលិក ព្រម​ទាំង​ស្វែងរក​ការឧបត្ថម្ភ​ពី​ដៃគូ​វិស័យ​ឯកជន ខណៈ​ដែល​ក្របខ័ណ្ឌ​សម្រាប់​កីឡាករ​ត្រូវ​បាន​រៀបចំ​ជូន​ទៅ​តាម​សមត្ថភាព និង​លទ្ធភាព​យ៉ាង​យកចិត្តទុកដាក់​»​។

លោក​បញ្ជាក់ថា​៖ «​កីឡា​គ្រប់​ប្រភេទ​ (​ចំនួន​ ១៥ ​ប្រភេទ​) នៅ​សមាគម​កីឡា​ក្រសួងការពារជាតិ​ត្រូវ​សម្របសម្រួល​មកជា​កីឡា​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់​ក្រោម​ការដឹកនាំ​គ្រប់គ្រង​របស់​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​តែមួយ ហើយ​ការងារ​កីឡា​នេះ​ជា​ជំនាញ​ថ្មី​របស់ខ្ញុំ ប៉ុន្តែ​យើង​មាន​ឯកឧត្តម តែម ម៉ឺន ជា​អ្នក​មាន​បទពិសោធ​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ​គ្រប់គ្រង​»​។

ចំណែក​លោក ស៊ុប៉ាឆៃ វិរៈជុង ជា​ប្រធាន​ទ្រទ្រង់​បាន​ថ្លែ​ថា​៖ «​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ក្រសួងការពារជាតិ ពិសេស​ក្នុង​កីឡា​កងទ័ព​តាំងពី​ឆ្នាំ​ ១៩៩៥​។ នៅក្នុង​ការរីកចម្រើន​របស់​វិស័យ​កីឡា​ផង​នោះ​ខ្ញុំ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​បាល់ទាត់ ហើយ​សម្រេចចិត្ត​ជួយឧបត្ថម្ភ​តែម្តង​ដោយមាន​កំណែទម្រង់ និង​យកដៃ​គូ​ដូចជា​គ្រូបង្វឹក អ្នកជំនាញ​គ្រប់គ្រង​ដឹកនាំ​មកពី​ប្រទេស​ថៃ​ខ្លះ និង​ឧបត្ថម្ភ​ក្នុង​ ១ ​ឆ្នាំ​ចំនួន​ ៣០ ​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ ដែល​ជា​ជំហាន​ដំបូង ហើយ​គោលដៅ​ដែល​ខ្ញុំ​ចង់បាន គឺ​ចង់​ឲ្យ​ក្រុមបាល់ទាត់​នេះ​ឈាន​ទៅ​ដល់​ចំណុចកំពូល​មួយ​នៅក្នុង​កម្រិត AFC»​។

ជាមួយ​គ្នា​នេះ​លោក ខូវ ឆាយ ជា​អគ្គលេខាធិការ​បាន​និយាយថា​៖ «​តាម​កិច្ចព្រមព្រៀង​ជួយឧបត្ថម្ភ​ពី​លោក ស៊ុប៉ាឆៃ វិរៈជុង ជា​ប្រធាន​ទ្រទ្រង់ និង​ការប្តូរឈ្មោះ​ថ្មី​នេះ យើងទាំងអស់​គ្នា​ប្តេជ្ញា​រៀបចំ​ផែនការ​ហ្វឹកហ្វឺន និង​ប្រកួត​ឲ្យ​ទទួល​លទ្ធផល​ល្អ​ដោយ​ក្នុងនោះ​យើង​ចង់​ប្រជែង​យក​ចំណាត់ថ្នាក់​ល្អ ក្នុងប្រទេស និង​ឈាន​ទៅ​លំដាប់​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ​»​។

លោក​បន្តថា ក្រុម​ក្រសួង​ការពារជាតិ​ធ្លាប់​ផលិត​ធនធាន​មនុស្ស​បាន​ច្រើន និង​ចេញទៅ​ជម្រើសជាតិ​ជាច្រើន ហើយ​បញ្ហា​ចាកចេញ​របស់​អត្តពលិក​មួយចំនួន​ក៏​គ្មាន​ផលប៉ះពាល់​ដល់​ក្រុម​នោះដែរ គឺ​យើង​នឹង​បំពេញបន្ថែម​នូវ​អ្វីដែល​ខ្វះចន្លោះ​។ ទោះជា​យ៉ាងណា​ការចំណាយ​ក្នុង​ ១ ​ឆ្នាំ​ត្រឹម​ ៣០ ​ម៉ឺន​ដុល្លារ គឺ​មិនទាន់​ឆ្លើយតប​នោះទេ ប៉ុន្តែ​នេះ​ជា​មូលដ្ឋានគ្រឹះ​ដែល​យើង​មាន​ក្នុង​ដៃ ហើយ​យើង​នៅតែ​បន្ត​សហការ​ជាមួយ​ដៃគូ​បន្ថែមទៀត ដើម្បី​ធ្វើឲ្យ​ក្រុម​របស់​យើង​មាន​ចំណាត់ថ្នាក់​ជួរមុខ​៕