ភ្នំពេញ៖ ​អ្នក​ចាត់​ការ​ទូទៅ​​ក្រុម​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) លោក ទេព ឡុងរចនា មិន​បាន​គិត​ថា ​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់​ជើងឯក ព្រះខ័នរាជ​ស្វាយរៀង វា​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច​នោះ​ទេ ចំណែក​ក្រុម​ណាហ្គាវើល ក៏​​ត្រូវ​ប្រឈម​ជាមួយ​គូ​សត្រូវ​ចាស់​ដ៏​ខ្លាំង​របស់​ខ្លួន បឹង​កេត ផង​ដែរ។

សម្រាប់​ការ​វិល​មក​ជួប​គ្នា​ជា​ថ្មី​នេះ លោក ទេព ឡុងរចនា បាន​មើល​ឃើញ​ថា វា​ពិត​ជា​មាន​ការ​ពិបាក​សម្រាប់​ក្រុម​ទ័ព ព្រោះ​ពេល​នេះ ក្រុម​ស្វាយរៀង បាន​បង្ហាញ​ទម្រង់​លេង​កាន់​តែ​ល្អ ខណៈ​ការ​ជួប​គ្នា ​២ ​លើក កាល​ពី​រដូវកាល​មុន ក្រុម​ទ័ព បាន​ចាញ់​ស្វាយ​រៀង ២-១ នៅ​ក្នុង​ទឹក​ដី និង​បាន​បន្ត​ចាញ់ ៤-២ នៅ​ក្រៅ​ទឹក​ដី។ ទោះ​បី​ជា​យ៉ាង​ណា លោក​​អះអាង​ថា ទ័ព មិន​បាន​ខ្លាច​ទៅ​នឹង​ការ​ប្រកួត ដែល​មាន​ភាព​តានតឹង​បែប​ហ្នឹង​នោះ​ទេ។

លោក​បាន​ប្រាប់​កាល​ពី​ម្សិលមិញ​​ថា៖ ​«ធម្មតា គេ​ជា​ក្រុម​ខ្លាំង អ៊ីចឹង​យើង​មិន​ងាយ​នឹង​យក​ឈ្នះ​គេ​នោះ​​ទេ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ទប់​គេ​កុំ​ឲ្យ​ឈ្នះ​យើង​ផង​ដែរ ព្រោះ​យើង​​ចង់​បាន​លទ្ធផល​ស្មើ​ច្រើន​ជាង តែ​បើ​គេ​ភ្លាត់​ស្នៀត យើង​ក៏​នឹង​ធ្វើ​ការ​វាយ​បក ដើម្បី​រក​គ្រាប់​បាល់​ផង​ដែរ គឺ​យើង​អត់​មាន​ខ្លាច​គេ​នោះ​ទេ ព្រោះ​សុទ្ធ​តែ​មាន​ការ​រៀប​ចំ​ដូចគ្នា អ៊ីចឹង​មាន​តែ​លេង​សិន​ទើប​ដឹង​ច្បាស់»។

លោក ទេព ឡុងរចនា បាន​​ប្រដូច​ការ​ជួប​គ្នា​រវាង​ក្រុម​ទ័ព និង​ស្វាយរៀង លើក​នេះ ទៅ​នឹង​ជំនួប​របស់​ទ័ព និង​ក្រុម​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម ​១៨ ​ឆ្នាំ កាល​ការ​ប្រកួត​បើក​រដូវកាល​ថ្មី ដែល​គ្រប់​គ្នា​មើល​ឃើញ និង​ជឿជាក់​ថា ទ័ព ប្រាកដ​ជា​ទទួល​បាន​ជ័យជម្នះ ជាមួយ​គ្រាប់​បាល់​ច្រើន ប៉ុន្តែ​ចុង​ក្រោយ ទ័ព បាន​ត្រឹម​ខក​ចិត្ត​ដោយ​ស្មើ​គ្នា ០-០។

គ្រូ​បង្វឹក​ជើង​ចាស់​រូប​នេះ បាន​និយាយ​ថា៖ ​«ដូច​កាល​​ក្រុម​ទ័ព ជួប​ជាមួយ​ក្រុម​បាទី គឺ​គេ​ច្បាស់​ជា​យក​ខាង​ទ័ព ត​ឲ្យ​ហើយ ហើយ​អាច​ត​ច្រើន​គ្រាប់​ទៀត ព្រោះ​សាច់​បាល់​យើង​នៅ​លើ រឿង​អី​មិន​ហ៊ាន​ត​ឲ្យ​គេ ប៉ុន្តែ​ពេល​ប្រកួត​ជាក់​ស្តែង យើង​បាន​ត្រឹម​ស្មើ ០-០ ហេតុ​នេះ​ហើយ​ការ​លេង​​បាល់​ទាត់ ក៏​វា​អាស្រ័យ​ទៅ​លើ​អារម្មណ៍​​របស់​កីឡាករ​ផង​ដែរ គឺ​វា​មិន​អាស្រ័យ​ទៅ​លើ​ការ​រៀបចំ​​ទាំង​ស្រុក​នោះ​ឡើយ»។

យ៉ាងណា​ក៏​ដោយ គ្រូ​បង្វឹក​ក្រុម​ស្វាយរៀង លោក Conor Nestor មាន​ភាព​ប្រាកដ​ប្រជា​ថា ក្រុម​របស់​លោក​នឹង​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នេះ បើ​ទោះបី​ជា ស្វាយរៀង ទើប​ជួប​ភាព​ហេវហត់​ជាមួយ​ការ​​ប្រកួត​យ៉ាង​តានតឹង ​និង​ក្រុម​ជើងឯក​លីក​កំពូល​ឥណ្ឌូនេស៊ី Bali United ដោយ​បាន​យក​ឈ្នះ ២-១ កាល​ពី​យប់​ថ្ងៃ​អង្គារ​ក៏​ដោយ។

គ្រូ​បង្វឹក​ជនជាតិ​អៀរឡង់​រូប​នេះ បាន​និយាយ​ក្រោយ​ឈ្នះ​ក្រុម Bali United ថា៖ ​«យើង​មាន​ពេល ​៤ ថ្ងៃ ក្នុង​ការ​រៀបចំ និង​សម្រាក​ប្រមូល​កម្លាំង អ៊ីចឹង​យើង​នឹង​មិន​យក​បញ្ហា​នេះ​មក​ធ្វើ​ជា​លេស សម្រាប់​ការ​ប្រកួត​នៅ​លីក​កំពូល​​នោះ​ទេ គឺ​យើង​ត្រៀម​ខ្លួន​បាន​រួច​រាល់​ហើយ ហើយ​យើង​នឹង​ខំ​ប្រឹង​លេង​ឲ្យ​បាន ​១០០ ភាគរយ»។

ចំណែក​ក្រុម​បឹងកេត នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ណាហ្គាវើល ដែល​ពួក​គេ​ធ្លាប់​ឈ្នះ ២-០ និង​ស្មើ ១-១ កាល​ពី​រដូវកាល​មុន។ ការ​វិល​មក​ជួប​គ្នា​លើក​នេះ បាន​ក្លាយ​ជា​ការ​ប្រកួត ដែល​​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​ក្រុម​ទាំង ​២ មាន​គុណភាព​លេង​បាន​ល្អ និង​រៀបចំ​បាន​ល្អ​ដូច​គ្នា។

បន្ថែម​លើ​នេះ ការ​ប្រជែង​យក ​៣ ពិន្ទុ ពិត​ជា​សំខាន់​សម្រាប់​ក្រុម​ទាំង ​២ ដើម្បី​ប្រជែង​ឡើង​ទៅ​ឈរ​នៅ​តំបន់ Top4 ព្រោះ​ពេល​នេះ បឹងកេត ឈរ​នៅ​លេខ ​៥ មាន ​៤ ពិន្ទុ ស្មើ​ជាមួយ​ក្រុម​ឈរ​នៅ​លេខ​ ​៣ អង្គរ​ថាយហ្គឺរ និង​ទ័ព ដែល​ឈរ​នៅ​លេខ ​៤ ​តែ​តិច​ជាង​ក្រុម​ភ្នំពេញ​ក្រោន និង​ស្វាយរៀង ដែល​មាន ​៦ ពិន្ទុ​ស្មើ​គ្នា ចំណែក​ណាហ្គាវើល ឈរ​នៅ​លេខ ​៦ មាន ​៣ ពិន្ទុ៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃសៅរ៍

-អគ្គិសនី​កម្ពុជា v យុវជនបាទី កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ៣:៣០

-បឹងកេត v ណាហ្គាវើល កីឡដ្ឋាន​ខេមបូឌា​អ៊ែរវ៉េ ៣:៣០

-ភ្នំពេញ​ក្រោន v អាស៊ីអឺរ៉ុប នៅ​កីឡដ្ឋាន Smart RSN ៦:០០

៣ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-វិសាខា v សូលទីឡូ​អង្គរ នៅ កីឡដ្ឋាន​វិសាខា ៦:០០

-ស្វាយរៀង v ទ័ព កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ៦:០០

-អង្គរ​ថាយហ្គឺរ v គិរីវង់ កីឡដ្ឋាន​ SRU ៣:៣០