ភ្នំពេញៈ សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ត្រៀម​នឹង​បញ្ជូន​អត្តពលិក​ថ្នាល​ចំនួន​ ៦ ​នាក់​ដើម្បី​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា Triathlon Asian Cup នៅ​ប្រទេស​ថៃ​ដែល​នឹង​ត្រូវ​ធ្វើ​ចាប់ពី​ថ្ងៃទី​ ២៣ រហូត​ដល់​ថៃទី​ ២៧ ខែ​មករា ឆ្នាំ​ ២០១៩ ​នេះ​។

លោក ងិន សុបញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​បាន​ទទួល​ការអញ្ជើញ​ពី​ប្រទេស​ថៃ​ឲ្យ​ទៅ​ចូលរួម​ការប្រកួត Triathlon Asian Cup ដោយ​ភាគី​ថៃ​ជា​អ្នក​ជួយ​រ៉ាប់រង​ការហូបចុក ស្នាក់នៅ ចំណែក​ក្រសួង​អប់រំ យុវជន និង​កីឡា​របស់​យើង​ជួយ​ប្រាក់​ហោប៉ាវ និង​បង្ក​លក្ខណៈ​ច្បាប់​ឲ្យ​ទៅ​ចូលរួម ហើយ​លោក​ប្រធាន​សហព័ន្ធ​ជួយ​សោហ៊ុយ​ធ្វើ​ដំណើរ​។

លោក​ ងិន សុបញ្ញា ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​នោះ​បាន​បន្ថែម​ថា​៖ «​យើង​បញ្ជូន​កីឡាករ កីឡាការិនី​ថ្នាល​ចំនួន​ ៦ ​នាក់​ទៅ​ចូលរួម​ការប្រកួត Triathlon Asian Cup នេះ​ហើយ​ពួកគេ​សុទ្ធតែ​ជាប់​ជា​ជម្រើសជាតិ​ថ្នាល​កន្លងមក​អ៊ីចឹង​តាមរយៈ​ការប្រកួត​នេះ​នឹង​ជួយ​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បាន​ពង្រឹង​សមត្ថភាព និង​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ក្នុង​កម្រិត​តំបន់​ផង​ដែរ ព្រោះ​យើង​ប្រកួត​តែ​ក្នុង​ស្រុក យើង​មិនអាច​ប្រៀបធៀប​កម្រិត​ជាមួយ​ប្រទេស​គេ​បាន​ទេ​»​។

តាម​អគ្គលេខាធិការ​ខាង​លើ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា ការប្រកួត Triathlon Asian Cup លើក​នេះ​ប្រទេស​ចូលរួម​ចំនួន​ ១៥ ​ប្រទេស​ហើយ​អត្តពលិក​ទាំង​ ៦ ​នាក់​ដែល​កម្ពុជា​គ្រោង​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​នេះ​មាន​កីឡាការិនី អ៊ួន ចាន់ភក្ត្រា, ហ៊ោ ធីតា​, ផល ស្រីភួង កីឡាករ សុខ សំណាង​,​ណាង ណៃ និង ចេង សុវណ្ណបញ្ញាសិដ្ឋ​។

បន្ថែម​លើ​នេះ​គ្រូបង្វឹក​ ២ ​នាក់​គឺ​លោកស្រី សូរ៉ាន់ ដេត និង​លោក ចេង ចាន់ដារ៉ា ក៏​នឹង​ត្រូវ​ចូលរួម​ការប្រកួត Triathlon Asian Cup នេះ​ផង​ដែរ ហើយ​លោកស្រី ម៉ក់ វណ្ណស៊ីថា ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា គឺជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​ទ្រីយ៉ាត្លង់​កម្ពុជា ចូលរួម​ការប្រកួត​នេះ​។

យ៉ាងណា​ក៏ដោយ​នៅពេល​សួរ​ពី​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​រក​មេដាយ​ពី​ការប្រកួត​ Triathlon Asian Cup នេះ​គឺ​លោក ងិន សុបញ្ញា ហាក់​មាន​ភាពស្ទាក់ស្ទើរ​។ លោក​បាន​និយាយ​ថា​៖ «​យើង​មិន​អាច​វាយតម្លៃ​ទុក​មុន​បានទេ ប៉ុន្តែ​សមត្ថភាព​របស់​អត្តពលិក​កម្ពុជា​យើង​ក៏​មិន​ស្ថិត​នៅ​បាត​តារាង​ក្រោម​ប្រទេស​គេ​ដែរ​គឺ​នៅក្នុង​កម្រិត​ពាក់កណ្តាល​»៕