ភ្នំពេញ៖ ខណៈ​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​នៅ​តែ​មិន​អាច​ធ្វើ​ទៅ​បាន ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ កាន់តែ​ផ្ទុះ​ឡើង​ខ្លាំង​នៅ​កម្ពុជា​នោះ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​សម្រេច​ដាក់​ចេញ​នូវ​គោលការណ៍ ដោយ​តម្រូវ​ឱ្យ​ក្រុម​អត្តពលិក​ជម្រើស​ជាតិ​របស់​ខ្លួន ផ្តោត​ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ រួច​ធ្វើ​ការ​ត្រួត​ពិនិត្យ​តាម​ប្រព័ន្ធ​អនឡាញ ​ដើម្បី​រក្សា​កម្លាំង និង​កម្រិត​បច្ចេកទេស​ឱ្យ​នៅ​ល្អ មិន​ធ្លាក់ចុះ ក្នុង​គោល​បំណង ឈាន​ទៅ​រក​ការ​ដណ្តើម​ឱ្យ​បាន​មេដាយ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម ចុង​ឆ្នាំ ២០២១ នេះ។

លោក ងិន សុខបញ្ញា ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា បាន​ប្រាប់​ថា៖ «ស្ថិត​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​បង្ក​ផលប៉ះពាល់​មិន​អាច​ឱ្យ​កីឡាករ កីឡាការិនី ប្រមូល​ផ្តុំ​ការ​ហ្វឹកហាត់​ជុំគ្នា​បាន​នោះ​ទេ ដោយ​អត្តពលិក​ត្រូវ​រៀបចំ​កម្មវិធី​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ថែរក្សា​ថាមពល កម្លាំង និង​គុណភាព​បច្ចេកទេស​កុំ​ឱ្យ​ធ្លាក់ចុះ​ខ្លាំង​ពេក គឺ​រក្សា​បាន​នៅ​ដដែល មាន​ន័យ​ថា ល្អ​ប្រសើរ​ហើយ ហេតុ​នេះ​អត្តពលិក​អាច​ហាត់​ប្រចាំ​ថ្ងៃ ទៅ​តាម​លទ្ធភាព​មាន​ជិះ​កង់, រត់ និង​ហែល​ទឹក នៅ ១ កន្លែង ឬ​តាម​វាល​សាធារណៈ ទៅ​តាម​លទ្ធភាព​ជាក់​ស្តែង គ្រាន់​តែ​បង្ហាញ​សកម្មភាព​ហាត់​នោះ​ចូល​ទៅ​ក្នុង​គ្រុប​ត្រួត​ពិនិត្យ​របស់​គ្រូបង្វឹក»។

លោក​បន្ថែម​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម ចុង​ឆ្នាំ ២០២១ នេះ យើង​នឹង​បញ្ចូន​កីឡាករ កីឡាការិនី​សរុប​ចំនួន ៨ នាក់ ទៅ​ចូលរួម ហើយ​បាន​ដឹង​វិញ្ញាសា​ប្រកួត​ច្បាស់លាស់​ហើយ មាន ៤ វិញ្ញាសា គឺ​វិញ្ញាសា​ទ្រីយ៉ាត្លុង​ស្តង់ដា​អន្តរជាតិ ផ្នែក​បុរស និង​ផ្នែក​នារី ដែល​ត្រូវ​ហែល​ទឹក ១ ៥០០ ម៉ែត្រ រួច​ជិះ​កង់ ៤០ គីឡូម៉ែត្រ និង​បន្ត​រត់ ១០ គីឡូម៉ែត្រ ព្រមទាំង​វិញ្ញាសា​ឌូអាត្លុង ផ្នែក​បុរស និង​ផ្នែក​នារី ដែល​មាន​រត់ ១០ គីឡូម៉ែត្រ រួច​ជិះ​កង់ ៤០ គីឡូម៉ែត្រ និង​រត់​ចុង​ក្រោយ ៥ គីឡូម៉ែត្រ​ទៀត។

អគ្គលេខាធិការ​រូប​នេះ បាន​ប្រាប់​ទៀត​ថា ក្រុម​ជម្រើស​ជាតិ​ទ្រីយ៉ាត្លុង​មាន​សរុប​ចំនួន ១៤ នាក់ ក្នុង​នោះ​មាន​កីឡាករ ៩ នាក់ កីឡាការិនី ៥ នាក់ និង​គ្រូបង្វឹក ៤ នាក់ ក្នុង​នោះ​មាន​គ្រូ​បរទេស​ថ្មី​ម្នាក់​ជា​ជនជាតិ​នូវែលសេឡង់ ដែល​ទើប​មក​ជួយ​ក្នុង​ការ​បង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា។ លោក សុខបញ្ញា បាន​បញ្ជាក់​ថា៖ «យើង​មាន​គោលដៅ​រំពឹង​យក​មេដាយ​សំរឹទ្ធ​ឱ្យ​បាន​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម ប៉ុន្តែ​បញ្ហា​កូវីដ ១៩ គឺ​ប្រទេស​ក្នុង​អាស៊ាន​ក៏​ដូច​យើង​ដែរ»។

លោក ងិន សុខបញ្ញា បាន​រំឭក និង​បញ្ជាក់​ទៀត​ថា៖ «សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​កន្លង​មក​នេះ ក្រុម​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ធ្លាប់​បាន​ចំណាត់​ថ្នាក់​លេខ ៥ លើ​វិញ្ញាសា​ប្រកួត​ជា​ក្រុម ចំណែក​ការ​ប្រកួត​ឯកត្តជន យើង​ធ្លាប់​ឈរ​នៅ​លំដាប់​លេខ ៦ ដែរ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​ក្នុង​ស្ថានភាព​នេះ គឺ​គ្រូបង្វឹក​ជម្រើសជាតិ​បាន​រៀបចំ​កម្មវិធី​ហ្វឹកហាត់​ច្បាស់​លាស់​ប្រចាំ​ថ្ងៃ នៅ​តាម​ផ្ទះ​សិន ដើម្បី​ថែរក្សា​កម្លាំង​កុំ​ឱ្យ​ធ្លាក់​ចុះ​ខ្លាំង​ពេក ហើយ​ការ​ត្រួតពិនិត្យ​ការ​ហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី​ពី​គ្រូបង្វឹក​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​ជា​ប្រចាំ»។

លោក​បាន​ប្រាប់​បន្ថែម​ទៀត​ថា ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ ​គឺ​ត្រូវ​ធ្វើ​រហូត​ដល់​ជំងឺ​កូវីដ ១៩ ថមថយ ហើយ​តាម​គម្រោង ​សហព័ន្ធ​នឹង​ត្រូវ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ ២០២១ នៅ​ខេត្ត​កែប ក្នុង​ខែ​តុលា ដើម្បី​ចម្រាញ់​យក​អត្តពលិក​មាន​សមត្ថភាព​ឆ្នើមៗ​ចំនួន ៨ នាក់ សម្រាប់​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម។ បន្ថែម​ពីលើ​នេះ ក្រសួង​អប់រំ និង NOCC តែងតែ​លើក​ទឹក​ចិត្ត ជំរុញ​ឱ្យ​អត្តពលិក​ជម្រើសជាតិ​នានា​បង្កើន​ការហាត់​នៅ​តាម​ផ្ទះ​នេះ​ឱ្យ​បាន​ខ្លាំងក្លា ទៅ​តាម​កម្មវិធី ដើម្បី​ត្រៀម​ស៊ីហ្គេម​ចុងឆ្នាំ​នេះ ព្រោះ​ពេល​វេលា​កាន់តែ​ខិតជិត​មក​ដល់​ហើយ៕