ភ្នំពេញ៖ ​គ្រូ​បង្វឹក​វ័យ​ក្មេង​ធ្លាប់​មាន​បទពិសោធ​ចេញ​ពី​កីឡាករ​ឆ្នើម ​១ ​រូប​ គឺ​ លោក ​ធន់ ​សុភា ​ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​នៅ​សមាគម​កីឡា​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ និង​គ្រូ​បង្វឹក​មាន​ជំនាញ​ច្រើន​ប្រភេទ​កីឡា ស៊ន អេលីត សុទ្ធ​តែ​​សង្ឃឹម​ថា សិស្ស​របស់​ខ្លួន ធន់ ចាន់តាក់ និង សុខ សាវិន អាច​​មាន​លទ្ធភាព​ឈ្នះ​ប្រាក់​លាន នៅ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់ ​៦៣,៥ គីឡូក្រាម នៅ​លើ​សង្វៀន​ថោន ថ្ងៃ​អាទិត្យ​នេះ។

ការ​ដាក់​ក្តី​សង្ឃឹម​ទៅ​លើ​កូន​សិស្ស​រៀងៗ​ខ្លួន​បែប​នេះ ក៏​ព្រោះ​តែ​លោក ធន់ សុភា និង​លោក អេលីត ចំរើន មាន​ការ​ជឿជាក់​ទៅ​លើ​សមត្ថភាព​របស់ ធន់ ចាន់តាក់ និង សុខ សាវិន ដែល​មាន​កម្រិត​ខ្ពស់​ជាង​បេក្ខភាព ​២ ​នាក់​ទៀត​គឺ ផាន រះ និង កូយ ឡាយ ប៉ុន្តែ​ដោយសារ​ការ​ប្រកួត​នេះ តម្រូវ​ឲ្យ​អ្នក​ទាំង ​៤ ចាប់​ឆ្នោត​មុន​ការ​​ប្រកួត ហេតុ​នេះ ធន់ ចាន់តាក់ ក៏​អាច​ជួប សុខ សាវិន នៅ​វគ្គ​ជម្រុះ ដែល​មាន ​៣ ទឹក​ផង​ដែរ។

បើ​អ្នក​ទាំង ​២ ​នេះ ពិត​ជា​ជួប​គ្នា​មែន អ៊ីចឹង​រវាង ចាន់តាក់ និង សាវិន នឹង​​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​​ឡើង​ទៅ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ប្រាក់​លាន ដែល​អាច​ជួប ផាន់ រះ ឬ​ កូយ ឡាយ ខណៈ​វគ្គ​​ផ្តាច់​ព្រ័ត្រ​​នេះ គឺ​អ្នក​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ក្នុង​ការ​ប្រកួត ​៩ នាទី​ពេញ ទើប​អាច​ក្លាយ​ជា​ម្ចាស់​ប្រាក់​លាន តែ​បើ​ស្មើ​គ្នា (គ្មាន​អ្នក​សន្លប់) គឺ​ត្រូវ​ចែក​ប្រាក់​រង្វាន់​ជាង ​២ ​ផ្នែក​ស្មើ​គ្នា។

យ៉ាង​ណា​ក៏​ដោយ លោក ​ធន់ ​សុភា​ ជា​គ្រូ​បង្វឹក ធន់ ចាន់តាក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«​នៅ​ក្នុង​ចំណោម​បេក្ខភាព ​៣ ​នាក់​នោះ ធន់ ចាន់តាក់ ​ចាប់​ឆ្នោត​ប៉ះ​អ្នក​ណា ក៏​ការ​ប្រកួត​មាន​ភាព​តានតឹង ​និង​លំបាក​ដែរ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​លទ្ធផល​ គឺ​កូន​សិស្ស​ខ្ញុំ​ ​អាច​មាន​ប្រៀប​ឈ្នះ​​ខ្ពស់​ ព្រោះ​ថា​ ខ្ញុំ​បាន​ថែទាំ​សុខភាព​ និង​​បង្វឹក​គេ​បាន​ពេញ​លេញ​​ជាង ​១ ខែ​មក​ហើយ ​ដើម្បី​ត្រៀម​ក្នុង​ព្រឹត្តិការណ៍​នៅ​សង្វៀន​​ថោន​នេះ»​។​

អតីត​កីឡាករ​ជើង​ខ្លាំង​រូប​នេះ ​បាន​បន្ត​ថា​៖ ​«​ខ្ញុំ​ហ៊ាន​និយាយ​ថា​ ធន់ ​ចាន់តាក់ ​មាន​លទ្ធភាព​នឹង​យក​ឈ្នះ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្នុង​ក្តី​សង្ឃឹម ​៨០ ​ភាគរយ​ ​ព្រោះ​ខ្ញុំ​បាន​បង្វឹក​ផ្ទាល់​ដៃ​ គ្រប់គ្រង​ការ​ហូប​ចុក​ស្នាក់​នៅ​​របស់​គេ​ផ្ទាល់ ​និង​មាន​ពេល​វេលា​សម្រាក ​ដើម្បី​សុខភាព​ផង​ដែរ​»។​

លោក ធន់ សុភា បាន​បន្ថែម​ថា៖​ «ខ្ញុំ​មិន​អាច​និយាយ​ពី​បច្ចេកទេស ឬ​ល្បិច​ក្នុង​ពេល​ប្រកួត​ឲ្យ​អស់​ទេ​ ​ព្រោះ​យើង​សិក្សា​ពី​ចំណុច​ខ្សោយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ជាមួយ​គ្នា​នោះ​ ល្បិច ​ឬ​យុទ្ធសាស្ត្រ​ប្រកួត​នឹង​ត្រូវ​ផ្លាស់​ប្តូរ ​ពេល​ប្រកួត​ជាក់​ស្តែង​នៅ​លើ​សង្វៀន​ ​ប៉ុន្តែ​បើ​ ចាន់តាក់ ប៉ះ​ជាមួយ ​សុខ ​សាវិន ​ខ្ញុំ​គិត​ថា ​វា​កាន់​តែ​លំបាក​ជាង​ប៉ះ​ជាមួយ ​កូយ ​ឡាយ ​ឬ ​ផាន ​រះ ​ទៀត»​។​

ចំណែក ធន់ ​ចាន់​តាក់ ដែល​​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ស្រាបៀរ​លីអូ​ ទម្ងន់ ​៦០ ​គីឡូក្រាម​ និង​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​ក្នុង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​ ព្រម​ទាំង​មាន​​ប្រវត្តិ​ប្រកួត​ល្អ គឺ​ចាញ់​ត្រឹម ​៥ ​លើក​ ក្នុង​ការ​ប្រកួត​សរុប ​៨១ ​ដង​នោះ ​បាន​​និយាយ​យ៉ាង​ខ្លី​ថា​៖ ​«ខ្ញុំ​សង្ឃឹម​ឈ្នះ​ ៨០ ​ភាគរយ​ដូច​លោក​គ្រូ​ដែរ»។​

ដោយ​ឡែកឯ លោក ​ស៊ន ​អេលីត​ គ្រូ​បង្វឹក សុខ សាវិន បាន​​និយាយ​ថា​៖ «​បើ​គិត​ពី​សមត្ថភាព​ ខ្ញុំ​មើល​ឃើញ​ថា​ ​សុខ​ សាវិន​ មាន​ក្បាច់​គុន​ល្អ​ជាង​គេ​ ប៉ុន្តែ​លទ្ធផល​ប្រកួត​លើ​រេញ មិន​អាច​ទស្សន៍​ទាយ​បាន​មុន​ទេ​។ ​កន្លង​មក​ឱកាស​ឈ្នះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​របស់​ ​សាវិន​ មិន​តិច​ជាង ​៤ ​លើក​ទេ​ ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​ជា​និច្ច​ អ៊ីចឹង​ខ្ញុំ​មិន​ចង់​និយាយ​កុំ​ឲ្យ​ប៉ះពាល់​គេ​ គ្រាន់​តែ​ថា​ យើង​អត់​មាន​ខ្សែ​ធំ​ដូច​គេ​»។​

បង​ប្រុស​របស់​វីរ​កីឡាការិនី ស៊ន សៀវម៉ី រូប​នេះ ​​បន្ថែម​ថា​៖ «សាវិន​ ហាត់​ជា​ប្រចាំ​ជា​មួយ​ខ្ញុំ ​ហើយ​ក្នុង​ចំណោម​កីឡាករ ​៣ ​នាក់​នោះ ​បើ​ប៉ះ​ ធន់ ​ចាន់​តាក់​ គឺ​លំបាក​ឈ្នះ​ដូច​គ្នា​ ​ព្រោះ​ខ្លាំង​ប៉ះ​ខ្លាំង ​បច្ចេកទេស​ល្អ​ដូច​គ្នា​ អ៊ីចឹង​លទ្ធផល​ពិត​អាស្រ័យ​ពេល​ប្រកួត​តែ​ម្តង»​។ ​ជាមួយ​គ្នា​នេះ​សមត្ថភាព​របស់​ ​កូយ ​ឡាយ​ និង ​ផាន​ រះ​ ​មិន​ត្រូវ​បាន​គ្រូ​បង្វឹក​វ័យ​ក្មេង​ទាំង ​២ ​គឺ ​លោក ​ធន់ ​សុភា​ និង​ ស៊ន​ អេលីត ព្រួយ​បារម្ភ​ថា ​ជា​ឧបសគ្គ​នោះ​ឡើយ​៕​