ភ្នំពេញ៖ ​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​រវាង​​ជើង​ខ្លាំង​វ័យ​ក្មេង​ចំនួន ៤ នាក់ ​នៅ​សង្វៀន​ថោន ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ គឺ​​ត្រូវ​បាន​ទៅ​លើ​ ​ធន់ ​ផានិត​ មក​ពី​សមាគម​កីឡា​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ​បន្ទាប់​ពី​រូប​គេ​បាន​​ផ្តួល​ ​ពេជ្រ ​កក្កដា​ ឱ្យ​សន្លប់​ នៅ​ទឹក​ទី​១ ​ក្នុង​វគ្គ​ជុំ​ដំបូង​ ​ហើយ​បាន​​បន្ត​ទៅ​ផ្តួល​ ​អេលីត​ សេងហួរ ​ក្នុង​ទឹក​ទី​២ ​នៅ​វគ្គ​​ជុំ​ផ្តាច់​ព្រ័ត្រ​ ដើម្បី​ឈាន​ទៅ​ឈ្នះ​បាន​ប្រាក់​រង្វាន់​ចំនួន ​៣,​៤ លាន​សែន​រៀល​។​

ការ​ឈ្នះ​ប្រាក់​លាន​របស់ ​ធន់ ​ផានិត ​ដូច​ជា​ស័ក្តិសម​ទៅ​នឹង​ការ​អះអាង​ពី​ការ​តាំង​ចិត្ត​មុន​ពេល​ប្រកួត​ថា ​មាន​ទំនុក​ចិត្ត​ឈ្នះ​ដល់​ទៅ ​៨០ ​ភាគរយ ​ហើយ​ទីបំផុត ​ផានិត​ ធ្វើ​បាន​ល្អ​ដូច​ក្តី​រំពឹង​​ទុក​​ ចំណែក​លោក ​ជួប​ វុត្ថា​ បាន​សរសើរ​ថា៖ ​«សមត្ថភាព​របស់​ ​ធន់ ​ផានិត​ ល្អ​ណាស់​ស័ក្តិសម​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ហើយ​ អេលីត ​សេងហួរ​ និង ​​ពេជ្រ ​កក្កដា​ ពិត​ជា​មាន​សមត្ថភាព​ល្អ ​បន្ត​បន្ទាប់​គ្នា​ និង​មាន​សមត្ថភាព​ខ្លាំង​ដូច​គ្នា​ ហេតុ​នេះ​ពេល​អនាគត​ពួក​គាត់​នេះ ​គឺ​ជា​ទំពាំង​ស្នង​ផ្នែក​កីឡាគុន​ខ្មែរ​យើង​យ៉ាង​ល្អ​ណាស់​»​។​

ផលិតករ ​និង​ជា​អ្នក​មាន​ទស្សន​​វិស័យ​​ជួយ​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​ឆ្នើម​វ័យ​ក្មេង​បាន​ប្រកួត លោក ជួប វុត្ថា ​​បន្ត​ថា​៖ ​«កម្មវិធី​ប្រកួត​ដែល​យើង​ងាក​មក​រៀបចំ​ជូន​សម្រាប់​កីឡាករ​វ័យ​ក្មេង ​គឺ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ ​ព្រោះ​របៀប​ ឬ​បច្ចេកទេស​ចូល​វាយ​សម្រុក​ត្រូវ​បាន​គេ​កោត​សរសើរ​ថា​ ល្អ​ វ៉ៃ​អស់​ពី​សមត្ថភាព​ ជក់​ចិត្ត ​ដិត​អារម្មណ៍ ​ពិសេស​ខាង​អ្នក​ឧបត្ថម្ភ​កម្មវិធី​ពេញ​ចិត្ត​ផង​ដែរ»​។​

លោក​ ជួប ​វុត្ថា ​​បាន​ទម្លាយ​នូវ​ភាព​មន្ទិល​ចំពោះ​កីឡាករ​ឆ្នើម​ចាស់ៗ​មួយ​ចំនួន​ថា​ លំបាក​ផ្គូផ្គង​ ដោយ​វា​ជាប់​នូវ​ចំណុច​ជា​ច្រើន​ទី​១ ​សង្វៀន​ជា​ច្រើន​ទៀត​ គេ​កក់​ទុក​សម្រាប់​ប្រកួត​​រៀងៗ​ខ្លួន ​ទី​២ ​តម្លៃ​ខ្លួន​ប្រកួត​សុំ​ឡើង​ថ្លៃ​ជានិច្ច​ គឺ​ច្រើន​ជាង​គម្រោង​ ទី​៣ ​ការ​ប្រកួត​វ៉ៃ​មិន​អស់​ពី​សមត្ថភាព​ ដោយ​ភាគ​ច្រើន​ស្គាល់​គ្នា​ជា​មិត្តភក្តិ​ជា​ដើម​។ ​បញ្ហា​ទាំង​នេះ​ ធ្វើ​ឱ្យ​មហាជន ​ឬ​ខាង​អ្នក​​ស្ពនស័រ​លំបាក​ទុក​ចិត្ត​ ព្រោះ​ប្រកួត​មិន​សូវ​ទាក់ ​ប៉ុន្តែ​ពួក​គាត់​ពេញ​និយម​សម្រាប់​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ទៅ​វិញ​។​

កីឡាករ ធន់ ​ផានិត ​និយាយ​ក្រោយ​ប្រកួត​ថា​៖​ «ខ្ញុំ​បាន​មក​ចូលរួម​ប្រកួត​នៅ​សង្វៀន​នេះ ​២ ​លើក​ហើយ ​កាល​លើក​ទី​១ ​បាន​ត្រឹម​ជើងឯក​រង​ តែ​​ពេល​នេះ​ខ្ញុំ​ឈ្នះ​​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ​គឺ​កិត្តិយស​ធំ​ណាស់​ ប៉ុន្តែ​មិន​អាច​ថា ​ដៃគូ​ដែល​ចាញ់​ខ្ញុំ​នោះ​ខ្សោយ​បាន​ទេ​ ​ព្រោះ​ខ្ញុំ​ក៏​ត្រូវ​របស់​គេ​ច្រើន​ដែរ​ មុន​នឹង​ផ្តួល​គេ​បាន​។

ចំណែក​លោក​ ធន់ ​សុភា ជា​គ្រូ​បង្វឹក​ប្រាប់​ថា​៖ «​អនាគត​ ធន់​ ផានិត​ គឺ​ជា​ជើង​ខ្លាំង​ ១ ​រូប ​ហើយ​ជំនាញ​ប្រកួត​របស់​គេ​ល្អ​គ្រប់​ផ្នែក ​មាន​ទាំង​ជង្គង់​ កែង​ កណ្តាប់​ដៃ ​និង​ទាត់​ឆ្ងាយ​។ នៅ​ក្នុង​កំណត់ត្រា​ប្រកួត​របស់ ​ផានិត​ គឺ​បាន​ ​១៥ ​ដង ឈ្នះ ​១៤​ ​ចាញ់​តែ​ម្តង​គត់ ​និង​មាន​ចិត្ត​ក្លាហាន​ណាស់​ អ៊ីចឹង​ហើយ​សម្រាប់​ការ​​ឈាន​ទៅ​ដណ្តើម​​ជា​បេក្ខភាព​ក្រុម​ជម្រើស​ជាតិ​ គឺ​ជា​ក្តី​សង្ឃឹម​សម្រាប់​ឆ្នាំ​ក្រោយៗ​ ព្រោះ​ ផានិត ល្អ​ទាំង​កម្ពស់ ​គឺ​ ១,៧១ ​ម៉ែត្រ​ និង​បច្ចេកទេស»​​។​

លោក ហាក់ ​សុខហេង​ នាយក​គ្រប់គ្រង​ការ​ផ្សាយ​នៃ​សង្វៀន​ថោន​បាន​ប្រាប់​ថា​៖ «​ការ​រៀបចំ​ប្រកួត​ប្រចាំ​សប្តាហ៍​នៅ​សង្វៀន​ថោន​ គឺ​ពេញ​និយម​ខ្លាំង​ ពិសេស​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ល្អៗ ដោយ​ប្រកួត​ទាក់ទាញ​ ប៉ុន្តែ​យើង​ក៏​មិន​បោះបង់​កីឡាករ​ឆ្នើម​ជើង​ចាស់​នោះ​ដែរ​»៕