ភ្នំពេញៈ ការ​ប្រ​កួត​​ជម្រុះ​សន្សំ​ពិន្ទុ​ លើក​ទី ​១ ​នៃ​ការ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រ​​វាត់​ខារ៉ាបាវ​ រដូវ​កាល​ទី​ ៦​ ​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​​ព្រោះ​​ការប្រ​កួត​សុទ្ធតែ​​ស្វិត​ស្វាញ​ និង​ជក់​ចិត្ត​ ដោយ​ក្នុង​នោះ ឈុត​ សេរី​វ៉ាន់​ថន បាន​ឈ្នះ​ថៃ Phach​ Yaksuo ដោយ​ពិន្ទុ​ ជា​ឯកច្ឆន្ទ ប៉ុន្តែ ធន់ ​មករា បាន​ចាញ់​ Theap Kao ទាំង​​ប្រផិត​ប្រ​ផើយ​បំផុត​។

តាម​ការ​ទស្សនា​ផ្ទាល់​ ឃើញ​ថា ​កីឡាករ​ ធន​ មករា​ មាន​ស្នៀត​ប្រ​កួត​ល្អ​ និង​មាន​ប្រៀប​លើ​កីឡាករ​ថៃ​បន្តិច​បន្តួច​ចំនួន ​៣ ​ទឹក​មុន ​ប៉ុន្តែ​នៅ​ ២​ ទឹក​ចុង​ក្រោយ​ ធន់ ​មករា ​មាន​សភាព​ទន់​ជ្រាយ​ថម​ថយ​កម្លាំង​ជាង​កីឡាករ ​Theap ​Kao​ ផង​ និង​បាន​ដួល​ញឹក​ញាប់​ផង​ ជា​​ហេតុ​​នាំ​ឲ្យ​​ចៅ​ក្រម​ចំនួន​ ៤ ​នាក់​ កាត់​ឲ្យ​ចាញ់ពិន្ទុ​ថៃ​ម្នាក់​នេះ ៤-១​​។

អ្នក​តាម​ដាន​ទស្សនា​ផ្ទាល់​មួយ​ចំនួន​ នៅ​ជិត​សង្វៀន​ ហាក់​បី​ដូច​មិន​សាទរ​ចំ​ពោះ​លទ្ធផល ​ដែល​ចៅ​ក្រម​កាត់​ឲ្យ ​ធន់ ​មករា ​ចាញ់​នោះ​ឡើយ​ ដោយ​មាន​អ្នក​ខ្លះ​ពោល​ពាក្យ​ចំអក​​ឲ្យ​ចៅក្រម​ថា​ «កីឡាករ​ខ្មែរ​មាន​ប្រៀប​ខ្លះ​ដែរ​ មិន​គួរ​ឲ្យ​​ចាញ់​ថៃ​នោះ​ឡើយ ​ប៉ុន្តែ​ចៅ​ក្រម​នៅ​សង្វៀន​មួយ​នេះ​ភាគ​ច្រើន ​គឺ​និយម​កាន់​ជើង​កីឡាករ​ថៃ​ជាងខ្មែរ​»។​

ផ្ទុយពី​នេះ​ កីឡាករ​ ឈុត​ សេរី​វ៉ាន់​ថន​ ​មាន​ប្រៀប​ឈ្នះ​កីឡាករ​ថៃ ​Phach​ Yaksuo ​សឹង​តែ​គ្រប់​ទឹក​។​ ការ​ប្រ​កួត​៣​ទឹក​ដំបូង​ សេរី​វ៉ាន់​ថន​ ធ្វើ​បាន​ល្អ ​ទាំង​ក្បាច់​ទាត់ ​ជង្គង់ ​និង​កណ្តាប់​ដៃ​ ប៉ុន្តែ​កីឡាករ​ថៃ​រូប​នេះ ​ហាក់​បី​ដូច​នៅ​តែ​ទ្រាំ​ទ្រ​ និង​បន្ត​ការ​តស៊ូ​ប្រ​កួត​បាន​ និង​បាន​វាយ​ជង្គង់​តប​​ត​វិញ​នៅ​​​ទឹក​ទី​៤​ និង​ទី​៥​ល្អ​ណាស់​ដែរ​ ខណៈ​ដែល សេរី​វ៉ាន់​ថន ​ចេញ​កម្លាំង​សឹង​តែ​អស់​ថាមពល​នោះ​។

នៅ​ចុង​បញ្ជប់ ​គណៈ​កម្មការ​វិនិច្ឆ័យ​ បាន​ប្រ​កាស​ជា​ផ្លូវ​ការ​ឲ្យ ឈុត​ សេរី​វ៉ាន់​ថន ​ឈ្នះ​ ​ថៃ ​Phach​ Yaksuo ជា​ឯកច្ឆន្ទ ​គឺ​៥ទល់​០​។ លទ្ធផល​នេះ បាន​ជួយ​ឲ្យ សេរីវ៉ាន់ថន ​មាន​៣​ពិន្ទុ​ស្មើ​ជាមួយ​មិត្ត​រួម​ជាតិ យុគ យក្សផ្លែ និង ឡុង ជិន ដែល​បាន​​យក​ឈ្នះ​កីឡាករ​ថៃ កាល​ពី​សប្តាហ៍​មុន។

លោក ​ញាន ​សុធី ​នាយក​គ្រប់​គ្រង​កម្ម​វិធី​ប្រ​ដាល់​ប្រចាំ​សង្វៀន SEATV ​និយាយ​ថា​៖​ «កម្រិត​បេក្ខភាព​អ្នក​ប្រ​ដាល់​ទម្ងន់​ស្រាលៗ​ដូច​ជា​៥៧​គីឡូក្រាម​នេះ​ គឺ​ការ​ប្រ​កួត​ទាក់​ទាញ​ខ្លាំង​និង​មាន​មហា​ជន​គាំ​ទ្រ​ច្រើ​នជាង​កីឡាករ​ប្រ​ភេទ​ទម្ងន់​ធ្ងន់​ៗ​មួយ​ចំនួន ​មាន​ជំងឺ​តួ​ឯក​ឡើង ប្រកួត​មិន​សូវ​វ៉ៃ​គ្នា ​មិន​សូវ​ល្អ​មើល​ទេ»​។

លោក​បន្ត​ថា​៖​«តាម​ទស្សនៈ​ និង​ចក្ខុ​វិស័យនៃ​ការ​រៀប​ចំ​របស់​​ខ្ញុំ គឺ​​កំពុង​តែ​ផ្តោត​អារម្មណ៍ ​និង​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ល្អៗ​វ័យ​ក្មេង ​មាន​សមត្ថភាព​ឡើង​ប្រ​កួត​ខ្សែ​ក្រ​វាត់ ឬ​ជា​លក្ខណៈ​អន្តរជាតិឲ្យ​បាន​ច្រើន ​ដើម្បី​រក​ឲ្យ​ឃើញ​អ្នក​មាន​សមត្ថភាព​ខ្លាំង ​ពិត​ប្រាកដ​ដោយ​មិន​និយម​បក្ខ​ពួក ​ឬ​រើស​អើង ​ក្លិប​នេះ​ ឬ​ក្លិប​នោះ​ទេ»​៕