
កីឡាករ លាភ រដ្ឋា (ឆ្វេង) និងកីឡាករថៃ Bana Sak។ យឺន ពន្លក
ភ្នំពេញ: កីឡាករកម្ពុជានៅតែដណ្តើមបានជ័យជម្នះ និងទទួលបាន ៣ ពិន្ទុបន្ថែមក្រោយពីផ្តួលកីឡាករថៃឲ្យសន្លប់ដូចគ្នាក្នុងការប្រកួតដណ្តើមខ្សែក្រវាត់វគ្គជម្រុះសន្សំពិន្ទុជុំទី ២ សប្តាហ៍ទី ៣ កាលពីល្ងាចថ្ងៃសៅរ៍ទី ២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅសង្វៀនអាស៊ីអាគ្នេយ៍។
ការប្រកួតរបស់កីឡាករកម្ពុជា លាភ រដ្ឋា ជាមួយកីឡាករថៃ Bana Sak មានលក្ខណៈតឹងតែងដោយចំណាយពេល ៤ ទឹកមុននឹង រដ្ឋា បានផ្តួលថៃឲ្យសន្លប់បាន ប៉ុន្តែការប្រកួតរបស់កីឡាករ ធន់ មករា បានចំណាយពេលតែ ១ ទឹកប៉ុណ្ណោះ ដើម្បីផ្តួលកីឡាករថៃចំណូលថ្មី Prakay Phat ឲ្យសន្លប់បានយ៉ាងលឿន។
ជ័យជម្នះនេះធ្វើឲ្យកីឡាករ លាភ រដ្ឋា មកពីក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ និង ធន់ មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិស្ថិតក្នុងការប្រជែងយកកៅអីកំពូល ខណៈដែល ២ ប្រកួតកន្លងមកពួកគេបានឈ្នះទាំង ២ លើកដោយមាន ៦ ពិន្ទុដូចគ្នាហើយកីឡាករថៃចំនួន ៤ រូបដែលមានវត្តមានមកប្រកួតចំនួន ៣ សប្តាហ៍មកនេះមិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ។
ស្ថានភាពប្រកួតជាក់ស្តែង លាភ រដ្ឋា បានប្រកួតក្នុងលក្ខណៈប្រយ័ត្នប្រយែងបំផុតដោយចូលវាយសម្រុកដោយក្បាច់ចម្រុះតាំងពីទឹកដំបូងមកម៉្លេះ។ ក្នុងទឹកទី ១ និងទឹកទី ២ លាភ រដ្ឋា បានប្រើកណ្តាប់ដៃបានល្អជាមួយនឹងក្បាច់ចម្រុះ ខណៈដែលកីឡាករថៃ Bana Sak ហាក់បីដូចមានអំនួតដោយបើកឱកាសឲ្យ លាភ រដ្ឋា វាយតាមអំពើចិត្ត ហើយកីឡាករកម្ពុជាក៏មានពិន្ទុនាំមុខដាច់តែម្តង។ ក្នុងការប្រកួតទឹកទី ៣ លាភ រដ្ឋា នៅតែបន្តវាយសម្រុកកាន់តែខ្លាំងឡើងៗ ខណៈដែល Bana Sak ហាក់បីដូចតដៃបានខ្លះក្នុងលក្ខណៈដកថយ ក្រោយពេលដែលកណ្តាប់ដៃវាយចូលផ្ទួនៗរបស់ លាភ រដ្ឋា កាន់តែរន្ថើនឡើងៗមុននឹងបង្ខំឲ្យអាជ្ញាកណ្តាលលោក យឹម សុខុម រាប់ Bana Sak ដល់ ៨ ចំនួន ១ លើក។
បន្ទាប់ពីរាប់រួចមកកីឡាករថៃ Bana Sak បានប្រឹងឡើងវិញដោយចាប់ឱបឡើងជង្គង់បានល្អដែលធ្វើឲ្យកីឡាករ លាភ រដ្ឋា ចង់យ៉ាប់ម្តងៗដែរ។
កីឡាករថៃ Bana Sak ហាក់បីដូចជាចង់ស្តារដណ្តើមយកពិន្ទុមកវិញ ប៉ុន្តែអ្វីៗហាក់បីដូចជាខកពេលទៅហើយ ខណៈការប្រកួតមើលទៅទំនងដូចជាកីឡាករថៃបានបណ្តោយឲ្យវាយចូលច្រើនពេកដោយអាងលើសមត្ថភាពកម្លាំងនៅរឹងមាំ។
ការដេញវាយសន្ធាប់មិនបន្ធូរដៃរបស់កីឡាករ លាភ រដ្ឋា ពិសេសកណ្តាប់ដៃធ្វើឲ្យ Bana Sak ទ្រុឌទ្រោមកម្លាំងមិនអាចស្តារបានវិញឡើយ ហើយទីបំផុតត្រូវបានលោកអាជ្ញាកណ្តាល យឹម សុខុម ចាប់រាប់ចំនួន ២ លើកទៀតមុននឹងបញ្ឈប់តែម្តងដោយកីឡាករថៃរូបនេះមានសភាពយ៉ាប់ពេក៕